Home ព័ត៌មានអន្តរជាតិ ថៃប្រឈមនឹងកង្វះខាតកម្លាំងពលកម្មខ្លាំងនាថ្ងៃអនាគតដោយសារអត្រាកំណើតធ្លាក់ចុះ

ថៃប្រឈមនឹងកង្វះខាតកម្លាំងពលកម្មខ្លាំងនាថ្ងៃអនាគតដោយសារអត្រាកំណើតធ្លាក់ចុះ

86
0

មន្ទីរពេទ្យសម្រាលកូនប្រែជាស្ងប់ស្ងាត់ ខណៈមណ្ឌលមើលថែទាំមនុស្សចាស់ណែនណាន់តាន់តាប់! នេះជាបញ្ហាដែលប្រទេសថៃកំពុងតែប្រឈមមុខដោយសារអត្រាកំណើតធ្លាក់ចុះយ៉ាងខ្លាំងធ្វើឱ្យខ្វះខាតកម្លាំងពលកម្មវ័យក្មេង ដែលនឹងជំរុញឱ្យវិស័យផលិតកម្មទាំងមូលត្រូវជាប់គាំងក្នុងប៉ុន្មានទសវត្សរ៍ខាងមុខ ហើយបង្ខំឱ្យរដ្ឋាភិបាលត្រូវស្វែងរកដំណោះស្រាយជាបន្ទាន់ មុនពេលអ្វីៗហួសពេល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPQxYQNYrI-hf_DLdlLUEZhqLCPt29o5OM4CH0QriQz5eydw1bk8myTmW2AYVyAdNgZ9qvawSPZJPT6lcufUp-XpjxBgZ189LRrGf9CwVLw5w8dtAzU2u4mS935_WZtW3gHeEGYqN82CxKdHp12cFDlKLxnYWJXKVQ4PIICFD_8B2sapuny1UH77HfCaY/s1000/photo_2026-06-22_08-25-07%20(3).jpg
តាមការចុះផ្សាយរបស់សារព័ត៌មាន Thai Press កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ប្រទេសថៃបាននិងកំពុងប្រឈមមុខនឹងអត្រាកំណើតធ្លាក់ចុះខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលបង្កក្តីបារម្ភយ៉ាងខ្លាំងដល់កង្វះខាតកម្លាំងពលកម្មនាថ្ងៃអនាគត កំណើនមនុស្សចាស់ និងស្ថិរភាពសេដ្ឋកិច្ច។ អ្នកជំនាញព្យាករថា កម្លាំងពលកម្មរបស់ថៃអាចនឹងបាត់បង់រាប់លាននាក់ក្នុងរយៈពេលដ៏ខ្លី ហើយរដ្ឋាភិបាលត្រូវចំណាយថវិកាកាន់តែច្រើនក្នុងការមើលថែទាំមនុស្សចាស់ ខណៈចំណូលពន្ធពីពលរដ្ឋវ័យធ្វើការថយចុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV6ziIAX2Xc9I4AJ_jt6wDeL24p19TaDfhCZY0It13VJvdokw5i7rbtdQS8xs4LeFGF5ExlsIxbxYCLzVC0BOIaJKMwlOU3Qdr9eAEhEaO9Vc6Qi04yEQfMwC2Wg_89RsbJX30ejC7FQqNmaRugJxnXr98PUEXucCVffXF6V4fe2fRWCbsGsem-LUTVC8/s830/photo_2026-06-22_08-25-07%20(4).jpg

ការចំណាយខ្ពស់លើជីវភាពប្រចាំថ្ងៃ ការចិញ្ចឹមកូន និងបង់ថ្លៃសាលា បានធ្វើឱ្យគូស្វាមីភរិយាថ្មីថ្មោងថៃជាច្រើនសម្រេចចិត្តពន្យារពេល ឬមិនយកកូនតែម្តង ខណៈយុវជនវិញឱ្យតម្លៃលើសេរីភាពផ្ទាល់ខ្លួន ភាពជោគជ័យក្នុងការងារ និងរស់នៅបែបសម័យទំនើប ជាជាងរៀបការមានគ្រួសារដែលត្រូវទទួលបន្ទុកច្រើន។ បើទោះជារដ្ឋាភិបាលបង្កើតគោលនយោបាយជំរុញអត្រាកំណើត បង្កើនប្រាក់ឧបត្ថម្ភការសម្រាលកូន និងពន្យារពេលថ្ងៃឈប់សម្រាកមាតុភាពក្តី ក៏នៅតែគ្មានប្រសិទ្ធភាព ហើយក៏ងាកទៅស្វែងរកពលករមកពីប្រទេសជិតខាងដើម្បីបំពេញកង្វះខាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUjiC_v9vlZfmr3sP9fFVioRZEgBD4MSGPegDJgF87HfZOVLZJS61bP0yB05zKS_FDMLEfDVDIbekbQFL3X4CtalN0mceK79XDRdwPebA8YcG1ZKzh7XIKAvIQSAtIU3AAzALewtvpWlEt4g3tx40E9oYtSktFmt-qljEs705VZe1sfP800JH4_TlEdNA/s1280/photo_2026-06-22_08-25-07.jpg

យោងតាមទិន្នន័យចុងក្រោយ គឺអត្រាកំណើតថៃបានធ្លាក់ចុះជាបន្តបន្ទាប់ ជាក់ស្តែង កាលពីឆ្នាំ២០២២ ទារកកើតថ្មី ស្មើត្រឹមតែ ៥០២,១០៧នាក់ប៉ុណ្ណោះ និងធ្លាក់ចុះក្រោម៥សែននាក់ក្នុងឆ្នាំ២០២៣។ បន្ទាប់មកទៀត នៅឆ្នាំ២០២៥ ទារកកើតថ្មី ស្មើត្រឹម ៣៨០,០០០នាក់ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងប្រវត្តិសាស្ត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzZLwWbJYyPdcj4hoMImNGWKVd6BeKiRm8uSs6oN4ORJ20jZKdaqTJ4_pmSAflzzufaGQMSgTS4DRAGXF_htaOHuf4LDO4h3JLVRRbKJRlbjF0eNxg3CvN6SHWD6ZQ3Gezwie2N5VcDmp5QLEH8ia9iM9iPH6UnUCes9yr_zqT25xtf0bWgEDuD7ZlfZM/s1200/photo_2026-06-22_08-25-08.jpg

ក្រៅពីប្រឈមនឹងបញ្ហាទារកកើតថ្មីធ្លាក់ចុះ ប្រទេសថៃក៏ប្រឈមនឹងបញ្ហាសុខភាពរបស់កុមារខុសប្រក្រតីផងដែរ។ តាមការលើកឡើងរបស់ប្រធានការិយាល័យលើកកម្ពស់សុខភាព គឺបច្ចុប្បន្ន មានកុមារថៃត្រឹមតែ ៧៩.៦% ប៉ុណ្ណោះដែលបានលូតលាស់រាងកាយទៅតាមអាយុ ក្រៅពីនេះ កុមារជាច្រើននាក់ទៀតមានបញ្ហាលូតលាស់ខុសធម្មតា ដូចជា កម្ពស់ទាបខ្លាំង ស្គម និងធាត់ជ្រុល ដែលប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលនាពេលធំឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJQX8H5UPg4bNkaJwsavthHi68NCKVoz04dt_oJF-3Is6wl08u7W8tASNkbdaE4f66vXhK9VJhpmRxE572g3J-VUeYKbPnO8u4WYxrcGR-7XwZX5IF-mufEwQRW42IrHYL-K1DtDJ7JM8uAnzhfkieokqmsKCfTFmZFr3tUOUYs-HCzNiAPJnKdJA2apw/s738/photo_2026-06-22_08-25-07%20(2).jpg
សូមបញ្ជាក់ថា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦នេះ ចំនួនពលរដ្ឋសរុបក្នុងប្រទេសថៃត្រូវបានប៉ាន់ប្រមាណថា មានចន្លោះពីជាង៧១លាននាក់ ទៅ ៧២លាននាក់ ក្នុងនោះពលរដ្ឋអាយុចាប់ពី ៦០ឆ្នាំឡើងទៅ មានចំនួនរហូតដល់ជាង១៥លាននាក់ ដែលស្មើជាង២០% នៃពលរដ្ឋសរុបនៅទូទាំងប្រទេស៕