ទុក្ខជាន់ទុក្ខ! ខណៈដែលពាណិជ្ជកម្មតាមព្រំដែនជាមួយប្រទេសជិតខាងដូចជាកម្ពុជា និងម៉ាឡេស៊ី កំពុងប្រឈមនឹងការខាតបង់និងថយចុះ ឥឡូវនេះថៃត្រូវទទួលរងការរឹតបន្តឹង និងហាមឃាត់ការនាំចូលទំនិញជាច្រើនមុខពីសំណាក់មីយ៉ាន់ម៉ាមួយបន្ថែមទៀត ដោយបង្កការកកស្ទះដល់ឡានដឹកទំនិញរាប់រយគ្រឿង និងធ្វើឱ្យអាជីវករថៃខាតបង់ចំណូលយ៉ាងមហាសាល ទាមទារឲ្យរដ្ឋាភិបាលប្រញាប់ចាត់វិធានាការជាបន្ទាន់។
.jpg)
យោងតាមរបាយការណ៍សន្តិសុខនិងពាណិជ្ជកម្មជាក់ស្តែងពីប្រភពព័ត៌មានក្នុងតំបន់ដូចជា Mizzima និង Karen News ចេតនាពិតប្រាកដរបស់របបសឹកមីយ៉ាន់ម៉ាក្នុងការបិទច្រកព្រំដែន និងរឹតបន្តឹងទំនិញថៃ គឺផ្អែកលើអត្ថប្រយោជន៍សន្តិសុខ និងហិរញ្ញវត្ថុផ្ទៃក្នុង។ ទីមួយ មីយ៉ាន់ម៉ាកំពុងប្រឈមនឹងវិបត្តិខ្វះខាតប្រាក់ដុល្លារ និងប្រាក់បាតថៃយ៉ាងធ្ងន់ធ្ងរ ទើបបង្ខំចិត្តហាមឃាត់ទំនិញមិនចាំបាច់ ដូចជា ភេសជ្ជៈ នំចំណី និងគ្រឿងសម្អាង ដើម្បីរក្សាលុយបម្រុងជាតិទុកសម្រាប់តែទំនិញយុទ្ធសាស្ត្រ។ ទីពីរ ដោយសារផ្លូវដឹកជញ្ជូនភាគច្រើនឆ្លងកាត់ទឹកដីរបស់ក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន (KNU/KNLA) ការរឹតបន្តឹង និងការដកហូតទំនិញ គឺធ្វើឡើងដើម្បីកុំឱ្យក្រុមការ៉ែនអាចប្រមូលពន្ធដារពីឡានដឹកទំនិញថៃយកទៅទិញអាវុធ និងដើម្បីទប់ស្កាត់ការលួចលាក់រត់ពន្ធគ្រាប់រំសេវ។
.jpg)
ទង្វើនេះបានហុចផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរភ្លាមៗដល់ភាគីថៃ ដោយសារតែទំនិញថៃជាច្រើនត្រូវខូចខាត និងកកស្ទះនៅតាមច្រកព្រំដែន ព្រោះតែការរឹតបន្តឹងការឆែកឆេរ និងការបិទផ្លូវ។ ក្រុមហ៊ុនខ្នាតតូចនិងមធ្យម (SMEs) របស់ថៃដែលធ្លាប់តែពឹងផ្អែកលើការបោះដុំទំនិញទៅកាន់ទីផ្សារមីយ៉ាន់ម៉ា ត្រូវបាត់បង់ប្រភពចំណូលយ៉ាងគំហុក និងប្រឈមនឹងការដួលរលំ។ ស្ថានភាពនេះបានរុញច្រានឱ្យប្រទេសថៃធ្លាក់ចូលក្នុងវិបត្តិពាណិជ្ជកម្មតាមព្រំដែនជុំទិសយ៉ាងធ្ងន់ធ្ងរបំផុត មិនធ្លាប់មានពីមុនមក។ 
គួរបញ្ជាក់ថា មុនពេលមានបញ្ហាជាមួយមីយ៉ាន់ម៉ា ថៃបានរងគ្រោះថ្នាក់សេដ្ឋកិច្ចរួចទៅហើយពីយុទ្ធសាស្ត្រធ្វើពហិការទំនិញដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋកម្ពុជាជុំវិញទំនាស់ព្រំដែន ដែលរុញច្រានឱ្យកម្ពុជាជោគជ័យក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងងាកទៅរកដៃគូថ្មី។ ស្របពេលជាមួយគ្នានោះ ការរឹតបន្តឹងច្បាប់ពាណិជ្ជកម្ម និងការប្រកួតប្រជែងនៅព្រំដែនខាងត្បូងជាមួយម៉ាឡេស៊ី ក៏បានកាត់ផ្តាច់ដង្ហើមសេដ្ឋកិច្ចថៃមួយផ្នែកធំផងដែរ។ នៅពេលដែលត្រូវបន្ថែមវិបត្តិបិទច្រកព្រំដែន និងការរឹតបន្តឹងពីសំណាក់មីយ៉ាន់ម៉ាចូលមួយផ្នែកទៀត វាកំពុងធ្វើឱ្យច្រកសេដ្ឋកិច្ចគោករបស់ថៃត្រូវឡោមព័ទ្ធ និងស្ទះដង្ហើមស្ទើរតែទាំងស្រុង។

ដូច្នេះបើតាមការវិភាគរបស់អ្នកជំនាញខាងសេដ្ឋកិច្ចអន្តរជាតិ ប្រសិនបើការអនុវត្តវិធានការតឹងរ៉ឹង និងទំនាស់ព្រំដែនជាមួយប្រទេសជិតខាងទាំងនេះនៅតែបន្តអូសបន្លាយក្នុងរយៈពេលវែង សេដ្ឋកិច្ចរបស់ប្រទេសថៃនឹងត្រូវប្រឈមមុខនឹងវិបត្តិធ្លាក់ចុះជាលក្ខណៈប្រព័ន្ធ (Structural Decline)។ ថៃនឹងលែងជា «មជ្ឈមណ្ឌលផ្គត់ផ្គង់ប្រចាំតំបន់» ទៀតហើយ ខណៈការបាត់បង់ទីផ្សារដ៏មហាសាលនៅជុំវិញខ្លួនក្នុងរយៈពេលវែង នឹងធ្វើឱ្យទំហំនាំចេញសរុបរបស់ថៃធ្លាក់ចុះយ៉ាងគំហុក បង្កើតជាវិបត្តិអត់ការងារធ្វើនៅតាមតំបន់ព្រំដែន និងធ្វើឱ្យកំណើន GDP របស់ថៃត្រូវគាំងទ្រឹង ដែលនេះជាលទ្ធផលនៃការប្រើប្រាស់នយោបាយគាបសង្កត់ និងការមិនទន់ភ្លន់ខាងការទូតពាណិជ្ជកម្មជាមួយប្រទេសជិតខាង៕










