ឆ្លើយតបនឹងគំរា.មកំហែងយកជំនួយអប់រំមកដាក់សម្ពាធពីសមាជិកព្រឹទ្ធសភាថៃ អ្នកវិភាគ និងអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិបានចេញមុខណែនាំយ៉ាងទទូចដល់សិស្ស-និស្សិតខ្មែរដែលកំពុងសិក្សានៅក្នុងប្រទេសថៃ ឱ្យសម្រេចចិត្តចាកចេញពីប្រទេសនោះ ហើយត្រឡប់មកបន្តការសិក្សានៅក្នុងមាតុភូមិវិញ ដើម្បីជៀសវាងការរស់នៅក្រោមសម្ពាធ និងការរើសអើង។
.jpg)
ក្រុមអ្នកវិភាគជុំវិញបញ្ហានេះបានលើកឡើងថា ការដែលអ្នកនយោបាយ ឬភាគីថៃប្រើប្រាស់វិស័យអប់រំជាលេសក្នុងការគាបសង្កត់កម្ពុជា គឺជារឿងដែលមិនអាចទទួលយកបានឡើយ ព្រោះវាបានរំលោ.ភលើគោលការណ៍មនុស្សធម៌ និងការអប់រំសកល។ អ្វីដែលធ្ងន់ធ្ងរជាងនេះទៅទៀត បរិយាកាសនៃការរើសអើង និងការប្រើប្រាស់សុន្ទរកថាប្រមាថមើលងាយមកលើបញ្ញាវ័ន្ត ក៏ដូចជាជាតិសាសន៍ខ្មែរទាំងមូល បាននិងកំពុងកើតមានឡើង ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ស្មារតី និងសុវត្ថិភាពរបស់និស្សិតខ្មែរ។

ជុំវិញបញ្ហានេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានផ្តល់ទស្សនៈយ៉ាងម៉ឺងម៉ាត់ និងបានសង្កត់ធ្ងន់ថា៖ «កម្ពុជាគ្មានការចាំបាច់ក្នុងការបន្តទ្រាំទទួលយកជំនួយពីថៃខាងវិស័យអប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ អាហារូបករណ៍ ឬក្រុមសភាមិត្តភាពកម្ពុជា-ថៃឡើយ ហើយថៃក៏មិនមែនប្រទេសដែលផ្ដល់ជំនួយធំមកដល់កម្ពុជាដែរ»។ លោកថា «កន្លងមកយើងអរគុណនិងសប្បាយចិត្តសម្រាប់ការជួយគ្នាទៅវិញទៅមក ប៉ុន្តែប្រសិនបើទទួលបានការមិនផ្ដល់តម្លៃហើយតើយើងបន្តទទួលយកជំនួយនោះដើម្បីអ្វី?«
ក្រៅពីការលើកឡើងរបស់លោកបណ្ឌិត ក៏មានអ្នកវិភាគផ្សេងទៀតបានលើកឡើងដែរថា សញ្ញាបត្រ ឬការអប់រំខ្ពង់ខ្ពស់ដែលទទួលបានពីបរទេស នឹងគ្មានតម្លៃ ឬអត្ថន័យអ្វីទាំងអស់ ប្រសិនបើវាត្រូវដោះដូរមកវិញដោយការឱនក្បាលរស់នៅក្រោមការគំរាមកំហែង និងការមើលងាយជាន់ឈ្លីលើកិត្តិយសជាតិសាសន៍ខ្លួនឯងបែបនេះ»។ ដូចគ្នានេះ ការចាកចេញរបស់យុវជនខ្មែរពីប្រទេសថៃនៅក្នុងកាលៈទេសៈនេះ មិនមែនជាការបោះបង់ការសិក្សាឡើយ ប៉ុន្តែវាគឺជាការបង្ហាញពីមនសិការស្នេហាជាតិ ភាពហ្មត់ចត់ និងការរក្សានូវសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិទាំងមូលដែលមិនព្រមទទួលយកការប្រមាថ។
.jpg)
ដូចច្នេះដើម្បីធានាថាការសិក្សារបស់យុវជនខ្មែរមិនត្រូវបានរអាក់រអួល រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការទទួលយកសិស្ស-និស្សិតដែលវិលត្រឡប់មកវិញ។ កម្មវិធីអាហារូបករណ៍ពិសេស ត្រូវបានរៀបចំឡើងដើម្បីផ្តល់កន្លែងសិក្សាជំនួសនៅតាមគ្រឹះស្ថានឧត្តមសិក្សានានាក្នុងស្រុក ដោយមានការសម្របសម្រួលផ្នែកនីតិវិធីយ៉ាងងាយស្រួលបំផុត។

អ្នកជំនាញបានបន្ថែមថា វិស័យអប់រំនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន មានការរីកចម្រើន និងមានគុណភាពគ្រប់គ្រាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ដូច្នេះ យុវជនខ្មែរគួរតែមានមោទនភាព និងជឿជាក់លើការអប់រំនៅក្នុងស្រុក ជាជាងការបន្តស្នាក់នៅក្នុងបរិយាកាសដែលមិនគោរពតម្លៃនៃមនុស្សជាតិ និងកិត្តិយសរបស់ជនជាតិខ្មែរ៕










