អ្នកលេងទិកតុកល្បីឈ្មោះ សុខ លីន (Mak Lin) បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិប្រតិកម្មបន្ទាប់ពីរូបនាងហូបផ្កាយសមុទ្រ។ មនុស្សជាច្រើនបានស្នើឱ្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទពិនិត្យមើលករណីនេះថាតើ ផ្កាយសមុទ្រ ស្ថិតនៅក្នុងការអភិរក្សជីវៈចម្រុះឬអាចយកមកបរិភោគបាន។
.png)
ថ្មីៗកន្លងមកនេះ សុខ លីន ទើបតែត្រូវអ្នកលេងបណ្តាញសង្គមរិះគន់ទាក់ទងនឹងការហូបហ៊ីង ដោយបញ្ចេញអាការៈក្អួតចង្អោរដោយសារតែមិនចេះហូបសត្វនេះ។ ទោះយ៉ាងណា បន្ទាប់ពី ហ៊ីង រូបនាងបានសាកល្បងជាមួយនឹងការហូបផ្កាយសមុទ្រសមុទ្រវិញម្តង។ នៅថ្ងៃទី១ ខែមិថុនា ផេក ផ្ទះបាយអ៊ូហូ បានបង្ហោះវីដេអូរបស់ សុខ លីន ពីការហូបផ្កាយសមុទ្រដោយតម្រូវឱ្យមានអ្នកជួយជាកម្លាំងដោយសារតែពិបាកក្នុងការហូប។

វីដេអូមួយនេះបានទាក់ទាញប្រតិកម្មយ៉ាងឆាប់រហ័សពីអ្នកស្រលាញ់ជីវៈចម្រុះនៅសមុទ្រនិងស្នើឱ្យក្រសួងពិនិត្យមើលករណីរបស់ សុខ លីន ជាពិសេសទាក់ទងនឹងផ្កាយសមុទ្រនេះអាចយកមកហូបបានសេរីដោយមិនមានការហាមឃាត់ឬយ៉ាងណា។ មនុស្សជាច្រើនបានមេនសិនទៅកាន់ផេកផ្លូវការរបស់ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ រួមទាំងមានមតិយោបល់រិះគន់សកម្មភាពរបស់ សុខ លីន។

គណនីមួយខម្មិនថា «ឱ្យតែបានល្បីស្អីក៏ហ៊ានធ្វើ, ផ្កាយសមុទ្រមិនគួរជាចំណីសម្រាប់បរិភោគទេ »។ អ្នកផ្សេងទៀតបានចោទសួរទៅកាន់ក្រសួងថា «តើផ្កាយសមុទ្រ ជាជីវៈចម្រុះដែលត្រូវអភិរក្ស ឬជាចំណីដែលត្រូវយកមកបរិភោគ?»។ រឿងនេះក៏ជំរុញឱ្យតារាសម្តែង វណ្ណៈ បូរមី បានប្រតិកម្មដូចគ្នាជាមួយនឹងការលើកឡើងថា «ហេតុអី ??? សម័យនេះយើងខ្វះអីញុំមែន ?»។
តាមការចែករំលែកនៅលើបណ្តាញសង្គមបានបង្ហាញថា ផ្កាយសមុទ្រ មានតួនាទីយ៉ាងសំខាន់ដោយវាស៊ីសត្វលៀស និងគ្រុំជាអាហារ។ បើគ្មានផ្កាយសមុទ្រទេ សត្វគ្រុំនឹងកើនឡើងច្រើនហួសហេតុ ហើយដណ្តើមទីជម្រកសត្វសមុទ្រដទៃអាចបង្កើនជីវចម្រុះធ្វើឱ្យមានកន្លែងទំនេរសម្រាប់រុក្ខជាតិ និងសត្វសមុទ្រផ្សេងៗទៀតរស់នៅបាន៕










