ការសម្ភាសន៍ការងារ គឺជាវគ្គដ៏សំខាន់បំផុតមួយ និងជាស្ពានចម្លងដែលមិនអាចមើលរំលងបានឡើយ នៅក្នុងដំណើរការស្វែងរកការងារធ្វើ។ បច្ចុប្បន្ន បេក្ខជនជាច្រើនតែងជួបប្រទះនូវចម្ងល់ថា ខ្លួនមានចំណេះដឹង និងជំនាញគ្រប់គ្រាន់សម្រាប់មុខតំណែងនោះហើយ ប៉ុន្តែហេតុអ្វីបានជាសម្ភាសន៍មិនជាប់? អ្នកជំនាញផ្នែកធនធានមនុស្សបានគូសបញ្ជាក់ថា បញ្ហានេះកើតឡើងដោយសារបេក្ខជនភាគច្រើន មិនបានមើលឃើញពីចំណុចខ្វះខាតតូចតាចក្នុងការរៀបចំខ្លួន និងអាកប្បកិរិយារបស់ពួកគេ។.jpg)
ការទទួលបានការទាក់ទងឱ្យចូលសម្ភាសន៍ បញ្ជាក់ថាគេមានការចាប់អារម្មណ៍លើប្រវត្តិរូប (CV) របស់អ្នករួចទៅហើយ។ ដូច្នេះ ដើម្បីចាប់ឱកាសនេះឱ្យទៅជាជោគជ័យពិតប្រាកដ បេក្ខជនគួរអនុវត្តតាមវិធីសាស្ត្រគន្លឹះសំខាន់ៗចំនួន ៦ ដូចខាងក្រោម៖
១-ស្វែងយល់ពីព័ត៌មានរបស់ក្រុមហ៊ុនឱ្យបានស៊ីជម្រៅ
វាជារឿងចាំបាច់ណាស់ដែលបេក្ខជនត្រូវសិក្សាពីប្រវត្តិ ឬព័ត៌មានទូទៅរបស់ក្រុមហ៊ុន ដូចជា៖ ទិសដៅនៃការរីកចម្រើន ចក្ខុវិស័យ និងតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុនពីបេក្ខជន។ ការដឹងព័ត៌មានទាំងនេះ ជួយឱ្យអ្នកអាចឆ្លើយសំណួរបានចំគោលដៅ និងធ្វើឱ្យគណៈកម្មការវាយតម្លៃថា អ្នកជាមនុស្សច្បាស់លាស់ យកចិត្តទុកដាក់ និងមានការចាប់អារម្មណ៍ពិតប្រាកដលើមុខតំណែងនោះ។
.jpg)
២-ត្រៀមលក្ខណៈឆ្លើយសំណួរស្ទង់ស្មារតី
នៅក្នុងការសម្ភាសន៍ ក្រុមហ៊ុនមិនមែនសួរតែសំណួរទាក់ទងនឹងបច្ចេកទេស ឬជំនាញសុទ្ធសាធនោះទេ។ ជារឿយៗ បេក្ខជនអាចនឹងជួបសំណួរបែបស្ទង់ស្មារតី ឬស្ថានភាពជាក់ស្តែង រួមមាន៖
«តើអ្នកបានដឹងអ្វីខ្លះពីក្រុមហ៊ុនរបស់យើង?»
«ហេតុអ្វីបានជាអ្នកចង់ធ្វើការក្នុងមុខតំណែងនេះ?»
«តើអ្នកនឹងដោះស្រាយបែបណា ប្រសិនបើក្រុមហ៊ុនប្រគល់ការងារឱ្យច្រើនរហូតធ្វើមិនទាន់?»
៣-បង្ហាញពីចំណុចខ្លាំង និងចំណុចខ្សោយដោយស្មោះត្រង់
ការស្មោះត្រង់ជាកត្តាចម្បងក្នុងការទិញចិត្តអ្នកសម្ភាសន៍។ បេក្ខជនត្រូវបង្ហាញឱ្យឃើញពីគុណសម្បត្តិ (ចំណុចខ្លាំង) របស់ខ្លួនដែលសមស្របនឹងមុខតំណែង ដូចជា៖ សមត្ថភាពបំពេញការងារបានលឿន និងជំនាញគ្រប់គ្រងពេលវេលា។ ទន្ទឹមនឹងនេះ ក៏ត្រូវហ៊ាននិយាយពីចំណុចខ្សោយរបស់ខ្លួន ដោយភ្ជាប់ជាមួយនូវដំណោះស្រាយ ឬវិធីសាស្ត្រដែលអ្នកកំពុងពង្រឹងសមត្ថភាពដើម្បីកែលម្អវាផងដែរ។
.jpg)
៤-ចៀសវាងការឆ្លើយតបតាមរបៀបទន្ទេញចាំ
អ្នកជំនាញណែនាំថា ការឆ្លើយសំណួរតាមទ្រឹស្តីទូទៅ ឬតាមរបៀបទន្ទេញចាំខ្លាំងពេក នឹងធ្វើឱ្យគណៈកម្មការវាយតម្លៃថា អ្នកជាមនុស្សខ្វះគំនិតច្នៃប្រឌិត។ ផ្ទុយទៅវិញ បេក្ខជនគួរព្យាយាមឆ្លើយដោយបញ្ចូលនូវគំនិតផ្ទាល់ខ្លួន និងបទពិសោធន៍ជាក់ស្តែង ដើម្បីបង្ហាញពីសមត្ថភាពក្នុងការដោះស្រាយបញ្ហាឱ្យប្លែក និងលេចធ្លោជាងបេក្ខជនដទៃ។
.jpg)
៥-ត្រៀមឯកសារសំខាន់ៗឱ្យបានគ្រប់គ្រាន់
ទោះបីជាបានដាក់ឯកសារតាមប្រព័ន្ធអនឡាញហើយក្តី ការយកឯកសារច្បាប់ចម្លងបន្ថែមតាមខ្លួន ដូចជា៖ សញ្ញាបត្រ វិញ្ញាបនបត្រ ឬលទ្ធផលការងារឆ្នើមៗ (Portfolio) ទៅកាន់បន្ទប់សម្ភាសន៍ គឺពិតជាសំខាន់។ វាស្តែងឱ្យឃើញពីការរៀបចំខ្លួនទុកជាមុន ភាពហ្មត់ចត់ និងការមានវិជ្ជាជីវៈខ្ពស់ក្នុងការងារ។
៦-យកចិត្តទុកដាក់លើការរៀបចំខ្លួន និងបុគ្គលិកលក្ខណៈ
ការតុបតែងខ្លួនឱ្យបានសមរម្យស្របតាមកាលៈទេសៈ និងមានសណ្តាប់ធ្នាប់ គឺជាចំណុចចាប់ផ្តើមនៃការបង្កើតចំណាប់អារម្មណ៍ដំបូងដ៏ល្អ (First Impression)។ ក្រៅពីការស្លៀកពាក់ បេក្ខជនត្រូវគ្រប់គ្រងកាយវិការ ការនិយាយស្តី របៀបអង្គុយ និងការរក្សាស្នាមញញឹមដែលប្រកបដោយទំនុកចិត្ត។.jpg)
ជាសរុបសេចក្តីមក វិធីសាស្ត្រទាំង ៦ ខាងលើនេះ គឺជាគន្លឹះដ៏មានប្រសិទ្ធភាពសម្រាប់បេក្ខជនគ្រប់រូប។ លើសពីនេះ អ្វីដែលមិនអាចខ្វះបាននោះ គឺ «ការគោរពពេលវេលា» ដោយការទៅដល់កន្លែងសម្ភាសន៍មុនម៉ោងកំណត់ពី ១០ ទៅ ១៥ នាទី។ ការរៀបចំខ្លួនបានល្អ និងហ្មត់ចត់ មិនត្រឹមតែធ្វើឱ្យការសម្ភាសន៍ទទួលបានជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជំហានដំបូងបង្អស់ក្នុងការបើកទ្វារឆ្ពោះទៅរកការកសាងអនាគតការងារដ៏ត្រចះត្រចង់ផងដែរ៕










