នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរជប៉ុនបានប្រកាសអាសន្នពីការវាយប្រ.ហាររបស់ខ្យល់ព្យុះ Jangmi មកលើកោះអូគិណាវ៉ា ដែលកម្លាំងខ្យល់ស្មើនឹង១៨០គីឡូម៉ែត្រក្នុង១ម៉ោង ។ គ្រោះធម្មជាតិធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នានាសម្រេចចិត្តលុបចោលជើងហោះហើរចេញ-ចូលកោះនេះរហូតដល់ជាង៤០០ជើង ខណៈពលរដ្ឋសម្រុកទិញចំណីអាហារ និងសម្ភារៈចាំបាច់ស្តុកទុក ព្រោះបារម្ភពីភ្លៀងធ្លាក់ខ្លាំងពិបាកចេញក្រៅផ្ទះ ។
.jpg)
ភ្នាក់ងារឧតុនិយមជប៉ុនបានជូនដំណឹងពីខ្យល់ព្យុះ Jangmi នឹងវាយប្រហារលើកោះអូគិណាវ៉ា និងប្រជុំកោះអាម៉ាមិ ដែលបណ្តាលឱ្យភ្លៀងធ្លាក់យ៉ាងខ្លាំង ខ្យល់កន្ត្រាក់មានកម្លាំងស្មើនឹង១៨០គីឡូម៉ែត្រក្នុង១ម៉ោង រលកសមុទ្រខ្ពស់ៗ និងការបាក់ដី ដោយឱ្យពលរដ្ឋតាមដានស្ថានការណ៍អាកាសធាតុ និងត្រៀមខ្លួនទុកជាមុន ។
ការប្រកាសអាសន្ននេះបានជំរុញឱ្យពលរដ្ឋជប៉ុនដែលរស់នៅកោះអូគិណាវ៉ា នាំគ្នាទៅទិញចំណីអាហារ និងសម្ភារៈចាំបាច់រហូតអស់ពីធ្នើរក្នុងផ្សារទំនើប ព្រោះតែបារម្ភពីខ្យល់ព្យុះនឹងវាយប្រហារកាន់តែខ្លាំងបណ្តាលឱ្យភ្លៀងធ្លាក់មិនឈប់ឈរ ។
នេះជាខ្យល់ព្យុះទីហ្វុងទី៦ ដែលវាយប្រហារនៅភាគខាងត្បូងកោះអូគិណាវ៉ា និងប្រជុំកោះអាម៉ាមិ ចំនួន២ថ្ងៃ (ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែមិថុនា) ហើយនឹងប្តូរគោលដៅទៅកាន់ភាគខាងកើត និងភាគខាងលិច នាថ្ងៃបន្ទាប់ ។ ខ្យល់ព្យុះនឹងខ្សោយកម្លាំងបន្តិច ប៉ុន្តែភ្លៀងនឹងបន្តធ្លាក់យូរជាងមុននៅតំបន់មួយចំនួន មុនពេលបោកបក់ទៅកាន់តំបន់ឆ្នេរសមុទ្រ ហើយនៅកោះ Shikoku, តំបន់កាន់សៃ ភាគខាងលិច និងតំបន់ផ្សេងៗ នឹងមានទឹកភ្លៀងក្នុងបរិរមាណពីជាង២០០ ទៅ៣០០មីល្លីម៉ែត្រ នាថ្ងៃទី៣ ខែមិថុនា ។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិជាច្រើនកន្លែងត្រូវបានបិទបណ្តោះអាសន្ន ខណៈសេវាកម្មរថភ្លើង និងរថយន្តក្រុងសាធារណៈនៅកោះអូគិណាវ៉ា បានផ្អាកដំណើរការទាំងស្រុង ។ អាជ្ញាធរអំពាវនាវឱ្យពលរដ្ឋ និងភ្ញៀវទេសចរ ចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ ស្នាក់នៅក្នុងផ្ទះ ឬទីកន្លែងសុវត្ថិភាព ព្រមទាំងតាមដានព័ត៌មានជើងហោះហើរ តាមរយៈវេបសាយរបស់ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) ឬ Japan Airlines (JAL) ៕










