អ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញបវរកញ្ញា កុយ អេនណា បានបង្ហាញខ្លួនយ៉ាងស្រស់ស្អាតដើរលើកម្រាលព្រំក្រហមភាពយន្តកានដែលជាកម្មវិធីដ៏មានកិត្យានុភាពរបស់ពិភពលោក។ នាងគឺជាបវរកញ្ញាខ្មែរដំបូងគេដែលមានឱកាសនេះខណៈគឺជាកូនខ្មែរទី២បន្ទាប់ពីលោក អូលីវ៉ា គង់ ចូលរួមក្នុងកម្មវិធីនេះក្នុងឆ្នាំ២០២៦។
នៅព្រឹកថ្ងៃទី២០ ខែឧសភា ម៉ោងនៅកម្ពុជា មានវីដេអូជាច្រើនចែករំលែកនៅលើបណ្តាញសង្គមបង្ហាញពី កុយ អេនណា និងលោក អូលីវ៉ា គង់ ចូលរួមកម្មវិធី Cannes Festival 2026 ជាមួយគ្នា។ នៅក្នុងរូបភាព កុយ អេនណា បានគ្រងនូវឈុតពណ៌ខ្មៅអមដោយខ្សែកពណ៌មាសជាមួយក្បាច់រចនាម៉ូតខ្មែរ និងការតុបតែងសក់បួងឡើងយ៉ាងស្រស់ស្អាត។

មុននឹង កុយ អេនណា បង្ហាញខ្លួនជាផ្លូវការមានអ្នកគាំទ្រជាច្រើនធ្លាប់បានព្យាករថានាងនឹងចូលរួមកម្មវិធីដ៏ធំនេះបន្ទាប់ពីធ្វើដំណើរទៅប្រទេសបារាំងស្របពេលនឹងកម្មវិធីរៀបចំឡើង ខណៈនាងនិង កុយ អេនណា ក៏មានទំនាក់ទំនងជិតស្និទ្ធធ្លាប់ធ្វើការងារជាមួយគ្នាជាច្រើនដងផងដែរ។ 
ការបង្ហាញខ្លួនរបស់ កុយ អេនណា បានធ្វើឱ្យអ្នកគាំទ្រជាច្រើនបានបង្ហាញការរំភើបចិត្តពីព្រោះនាងគឺជាបវរកញ្ញាខ្មែរដំបូងគេដែលមានឱកាសចូលរួមកម្មវិធីដ៏ធំនេះនៅឯប្រទេសបារាំងនិងជាកូនខ្មែរទី២សម្រាប់ការចូលរួមក្នុងឆ្នាំ២០២៦ បន្ទាប់ពីលោក អូលីវ៉ា គង។
មុននឹងបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមភាពយន្តកានលើកទី៧៩ កុយ អេនណា បានស្លៀកឈុតស្បៃខ្មែរថតនៅប្រទេសបារាំងបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការលើកស្ទួយវប្បធម៌ជាតិទោះបីជានាងទៅដល់ទីណាក៏ដោយ។
គួរឱ្យដឹងថា កុយ អេនណា ទើបតែមកពីសហរដ្ឋអាម៉េរិកវិញផងដែរបន្ទាប់ពីទៅបំពេញការងារនៅទីនោះប្រមាណជាង១ខែដោយមិនភ្លេចផ្សព្វផ្សាយពីប្រពៃណីទំនៀមទម្លាប់ខ្មែរ។ ការងារសង្គមនិងការងារសិល្បៈក៏មមាញឹក រួមទាំងរវល់នឹងការធ្វើជា BA ផង កុយ អេនណា មិនទាន់មានដំណឹងក្នុងការវិលត្រឡប់មកប្រកួតលើវិស័យបវរកញ្ញាវិញនៅឡើយទេ ខណៈអ្នកគាំទ្រតែងតែទន្ទឹងរង់ចាំនាងចូលប្រកួតជានិច្ច៕










