ហ្សាកាតា៖ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឥណ្ឌូណេស៊ីបានប្រគល់យន្តហោះចម្បាំង Rafale ចំនួន ៣គ្រឿងបន្ថែមទៀត ដែលផលិតដោយក្រុមហ៊ុនបារាំង Dassault Aviation ទៅឱ្យកងទ័ពអាកាសជាផ្លូវការ បន្ទាប់ពីទើបតែបានប្រគល់ ៣គ្រឿងដំបូងកាលពីខែមករាកន្លងទៅ ដែលធ្វើឱ្យចំនួនយន្តហោះចម្បាំងប្រភេទនេះកើនឡើងដល់ ៦គ្រឿង។
.jpg)
ពិធីប្រគល់នេះត្រូវបានដឹកនាំដោយប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto នៅមូលដ្ឋានទ័ពអាកាសក្នុងទីក្រុងហ្សាកាតា ក្នុងគោលបំណងពង្រឹងសមត្ថភាពការពារជាតិ និងការពារបូរណភាពទឹកដី ព្រមទាំងដែនសមុទ្រ ស្របពេលដែលស្ថានការណ៍នយោបាយពិភពលោកកំពុងជួបភាពមិនច្បាស់លាស់។
លោកប្រធានាធិបតី Prabowo បានថ្លែងក្នុងពិធីនោះថា៖ «ឥណ្ឌូណេស៊ីចាំបាច់ត្រូវតែពង្រឹងសមត្ថភាពកងទ័ព ដើម្បីការពារប្រទេសជាតិ។ ប្រទេសជាតិមួយអាចមានស្ថិរភាព និងសន្តិសុខទៅបាន លុះត្រាតែយើងត្រៀមខ្លួនការពារជាតិឱ្យបានរឹងមាំ»។.jpg)
យោងតាមកិច្ចព្រមព្រៀង និងសព្វាវុធ
យន្តហោះចម្បាំងទាំង ៦គ្រឿងនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងកាលពីឆ្នាំ២០២២ រវាងរដ្ឋាភិបាលឥណ្ឌូណេស៊ី និងក្រុមហ៊ុន Dassault Aviation ក្នុងទំហំទឹកប្រាក់ជាង ៨,១ពាន់លានដុល្លារ ដើម្បីបញ្ជាទិញយន្តហោះចម្បាំង Rafale សរុបរហូតដល់ ៤២គ្រឿង។
ក្រៅពីយន្តហោះចម្បាំង Rafale ឥណ្ឌូណេស៊ីក៏បានប្រគល់សព្វាវុធ និងបរិក្ខារយោធាទំនើបៗជាច្រើនទៀត ដែលផលិតដោយក្រុមហ៊ុនបារាំងទៅឱ្យកងទ័ពអាកាសផងដែរ រួមមាន៖
• ប្រព័ន្ធរ៉ាដាឃ្លាំមើលអាកាស៖ GM403 GCI របស់ក្រុមហ៊ុន Thales
• គ្រាប់កាំជ្រួច និងអាវុធ៖ កាំជ្រួច Meteor និងអាវុធទំនើប AASM Hammer
• យន្តហោះ៖ យន្តហោះម៉ាក Dassault Falcon 8X ចំនួន ៤គ្រឿង និងយន្តហោះដឹកជញ្ជូន Airbus A400M Atlas ចំនួន ១គ្រឿង
បើតាមក្រសួងការពារជាតិឥណ្ឌូណេស៊ី ការបញ្ជាទិញយន្តហោះចម្បាំង និងសព្វាវុធទាំងនេះ មិនត្រឹមតែជាការបង្កើនគ្រឿងយុទ្ធោបករណ៍សម្រាប់កងទ័ពនោះទេ ប៉ុន្តែវាគឺជាការវិនិយោគផ្នែកយុទ្ធសាស្ត្រ ដើម្បីការពារអធិបតេយ្យភាព កិត្យានុភាព និងការត្រៀមខ្លួនការពារប្រទេសក្នុងរយៈវែង។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគសន្តិសុខបានកត់សម្គាល់ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីអាចនឹងប្រឈមមុខនឹងសម្ពាធថវិកា ដោយសារតែសេដ្ឋកិច្ចពិភពលោក និងតម្លៃប្រេងឥន្ធនៈមានការកើនឡើង ព្រោះតែឥទ្ធិពលនៃសង្គ្រាមនៅមជ្ឈិមបូព៌ា ខណៈដែលឥណ្ឌូណេស៊ីគឺជាប្រទេសនាំចូលប្រេងឥន្ធនៈស្រាប់៕










