ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មថៃបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីប្រទេសផ្សេងៗ ដូចជា ៖ វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី ដណ្តើមទីផ្សារកម្ពុជាដោយសារបញ្ហាព្រំដែនអូសបន្លាយ ខណៈទំនិញថៃធ្លាប់តែផ្គត់ផ្គង់ទីផ្សារកម្ពុជាច្រើនកន្លងមក ។ លើសពីនេះ ចលនាពហិការទំនិញថៃនៅកម្ពុជា បានធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មថៃដែលកំពុងប្រតិបត្តិការនៅកម្ពុជាផងដែរ ដោយប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មថៃសំណូមពរឱ្យរដ្ឋាភិបាលរបស់ខ្លួនប្រញាប់ចរចាជាមួយកម្ពុជា ដើម្បីកុំឱ្យបាត់បង់ទីផ្សារដ៏សំខាន់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ។
.jpg)
លោក Voratat Tantimongkolsuk ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មថៃឱ្យដឹងថា បញ្ហាព្រំដែនបានអូសបន្លាយពេលជិត១ឆ្នាំ ដែលធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ ក្នុងនោះអាជីវកម្មថៃនៅតាមព្រំដែន បានបិទទ្វារប្រមាណ៣០% ។ វាជាការបើកឱកាសឱ្យដៃគូប្រកួតប្រជែងផ្សេងៗ ដូចជា ៖ វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី ដណ្តើមទីផ្សារកម្ពុជា ។ យោងតាមទិន្នន័យ ទំនិញរបស់ប្រទេសទាំងនេះបានចូលកម្ពុជាកាន់តែច្រើនជំនួសទំនិញថៃ បើរដ្ឋាភិបាលថៃមិនចរចាជាមួយកម្ពុជាជាបន្ទាន់ទេនោះ នឹងបាត់បង់ទីផ្សារសំខាន់មិនខាន ។
ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មបន្តថា បញ្ហាព្រំដែនរវាងប្រទេសទាំងពីរអូសបន្លាយបណ្តាលឱ្យថៃបាត់បង់ប្រាក់ចំណូលដោយសារការនាំចេញទំនិញទៅកម្ពុជាតាមព្រំដែនគោក ស្មើជាង១សែនលានបាត (សម្រាប់រយៈពេលជិត១ឆ្នាំ) ។ ក្រៅពីនេះ ថៃក៏រងផលប៉ះពាល់ផ្សេងទៀត មិនថាសេដ្ឋកិច្ចធ្លាក់ចុះ, សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន, សង្គ្រាមនៅមជ្ឈិមបូព៌ា, ការដំឡើងពន្ធទំនិញ និងការឆបោកតាមអនឡាញនៅថៃ ដែលនាំឱ្យថៃបាត់បង់ទំនុកចិត្តពីក្រៅប្រទេសក្នុងការធ្វើពាណិជ្ជកម្ម និងការធ្វើដំណើរ ។.jpg)
យោងតាមទិន្នន័យរបស់ការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃ គឺអាជីវកម្មថៃនៅព្រំដែនបានបិទទ្វារប្រមាណ៣០% រួមមាន ៖ ការដឹកជញ្ជូន, ភោជនីយដ្ឋាន និងសណ្ឋាគារ ដោយសារមិនអាចទទួលបន្ទុកការចំណាយបន្តទៀត ។ លើសពីនេះ ប្រតិបត្តិការអាជីវកម្មថៃនៅកម្ពុជា បានរងផលប៉ះពាល់ដែលតម្រូវឱ្យម្ចាស់អាជីវកម្មបង្ខំចិត្តកាត់បន្ថយទំហំអាជីវកម្ម, លក់អាជីវកម្ម និងផ្អាកបណ្តោះអាសន្ន ជាពិសេស ការលក់រាយ, រោងចក្រកាត់ដេរ, សណ្ឋាគារ, ភោជនីយដ្ឋាន និងសេវាកម្មនៅតាមព្រំដែន ។.jpg)
បើតាមប្រភពដដែល ការអូសបន្លាយបញ្ហាព្រំដែនកម្ពុជា-ថៃ គឺជាការផ្តល់ឱកាសឱ្យប្រទេសផ្សេងៗដែលជាគូប្រជែងរបស់ថៃ ។ ជាក់ស្តែង រយៈពេល២ខែដំបូងនៃឆ្នាំ២០២៦ (ចាប់ពីខែមករា ដល់កុម្ភៈ) តម្លៃពាណិជ្ជកម្មរបស់វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរីជាមួយកម្ពុជា បានកើនឡើងបន្តបន្ទាប់ ហើយចលនាពហិការទំនិញថៃនៅកម្ពុជា ជំរុញឱ្យការលក់ទំនិញថៃធ្លាក់ចុះខ្លាំង ។ 
លោក Voratat បានសំណូមពរទៅកាន់រដ្ឋាភិបាលរបស់ខ្លួន ប្រញាប់ស្វែងរកការចរចា និងកាត់បន្ថយជម្លោះព្រំដែនជាមួយកម្ពុជាជាបន្ទាន់ ពីព្រោះមិនមែនមានតែរដ្ឋាភិបាលថៃទេដែលរងផលប៉ះពាល់ គឺវាប៉ះពាល់ដល់អាជីវកម្មថៃ ពលរដ្ឋ និងសេដ្ឋកិច្ច ។

គួរបញ្ជាក់ថា គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ច្រកព្រំដែនផ្លូវគោកទាំងអស់រវាងកម្ពុជា និងថៃ នៅតែបន្តបិទដដែល បន្ទាប់ពីថៃបិទជាឯកតោភាគីកាលពីឆ្នាំ២០២៥ ដោយអាជ្ញាធរថៃបានបញ្ជាក់ជាច្រើនលើកនៅឆ្នាំ២០២៦ ថា មិនទាន់មានគម្រោងបើកច្រកព្រំដែនឡើងវិញភ្លាមៗទេ ដោយសារបញ្ហាសន្តិសុខជាតិ ។ ការបិទច្រកព្រំដែនបានជះឥទ្ធិពលយ៉ាងខ្លាំងលើវិស័យទេសចរណ៍ សេដ្ឋកិច្ចថៃ បាត់បង់ចំណូល និងប៉ះពាល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ៕










