Home ព័ត៌មានអន្តរជាតិ គណបក្សនយោបាយថៃទាមទារឱ្យរដ្ឋមន្ត្រីពាណិជ្ជកម្មចុះចេញពីតំណែងដើម្បីទទួលខុសត្រូវរឿងទុរេន

គណបក្សនយោបាយថៃទាមទារឱ្យរដ្ឋមន្ត្រីពាណិជ្ជកម្មចុះចេញពីតំណែងដើម្បីទទួលខុសត្រូវរឿងទុរេន

79
0

ការរិះគ.ន់ទៅលើរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អ្នកស្រី Suphajee Suthumpun ពីការលក់ទុរេនឡៃឡុងក្នុងតម្លៃថោកៗត្រឹមតែ១០០បាតក្នុង១ផ្លែ (ប្រហែល១ម៉ឺនរៀល) មិនទាន់បញ្ចប់ទេនៅប្រទេសថៃ រហូតដល់លើកយកប្រធានបទទុរេនមកជជែកគ្នាក្នុងកិច្ចប្រជុំរដ្ឋសភា និងមានការរិះគ.ន់ពីគណបក្សនយោបាយ ។ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ប្រធានគណបក្សសេដ្ឋកិច្ចបានទាមទារឱ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចុះចេញពីតំណែង ដោយសារការ Live លក់ទុរេន មិនមែនជាដំណោះស្រាយចំគោលដៅ ។

ប្រធានគណបក្សសេដ្ឋកិច្ច និងជាសមាជិករដ្ឋសភា លោក គ្រីស ប៉ូតារ៉ាណាន់ កាលពីថ្ងៃទី៣០ ខែមេសា បាននិយាយពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អ្នកស្រី Suphajee បង្ហាញខ្លួនក្នុងការ Live លក់ទុរេនរបស់ Influencer ថា ការធ្វើបែបនេះមិនអាចជួយដោះស្រាយបញ្ហាបានឡើយ ទើបអ្នកស្រីរងការរិះគន់យ៉ាងខ្លាំងក្នុងសង្គម ។ ដូច្នេះ លោកទាមទារឱ្យអ្នកស្រីចុះចេញពីតំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដើម្បីបង្ហាញពីការទទួលខុសត្រូវ ។

ប្រធានគណបក្សនយោបាយរូបនេះសង្កត់ធ្ងន់ថា បច្ចុប្បន្ន ប្រទេសថៃទទួលបានទិន្នផលទុរេនកើនឡើងរហូតដល់៣០% និងទទួលបានទិន្នផលលើសឆ្នាំមុនៗ ប្រមាណជាង២លានតោន ហើយធ្វើឱ្យតម្លៃទុរេនចុះថោកដោយសារសម្បូរ គឺតម្លៃចុះមកនៅត្រឹមតែ៩០បាតក្នុង១គីឡូក្រាម ។

ការ Live លក់ទុរេនមិនអាចជួយអ្វីបានទេ ប្រសិនបើរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចង់ដោះស្រាយបញ្ចេញទុរេន គួរតែផ្តោតលើការផ្តល់អាជ្ញាប័ណ្ណឱ្យអ្នកដែលត្រូវការនាំចេញទុរេនទៅក្រៅប្រទេស ។ បើមិនផ្តល់អាជ្ញាប័ណ្ណដល់អ្នកនាំចេញទុរេនទេនោះ គឺទុរេនដែលប្រទេសថៃទទួលបានផលច្រើនកើនឡើងរហូតដល់៣០% នឹងនៅសេសសល់គរចោល ដូច្នេះ គួរតែផ្តល់អាជ្ញាប័ណ្ណដល់អ្នកចង់នាំចេញចាប់ពីឥឡូវនេះ ទើបរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាចកាន់តំណែងបន្តទៀតបាន ។

លោក គ្រីស បានសំណូមពរទៅកាន់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មត្រូវធ្វើអ្វីឱ្យមានប្រយោជន៍ជាងនេះ ដើម្បីដោះស្រាយបញ្ហាទុរេនថៃគ្មានទីផ្សារ ជាពិសេស ក្រសួងពាណិជ្ជកម្មត្រូវគិតគូរពីការផ្តល់អាជ្ញាប័ណ្ណនាំចេញទៅក្រៅប្រទេស ព្រមទាំងជួយលុបបំបាត់ឧបសគ្គរបស់កសិករក្នុងការនាំចេញ ។ ការដោះស្រាយបញ្ហាតាមវិធីនេះ គឺជាឱកាសឱ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាចរក្សាតំណែងរបស់ខ្លួន ។

គួរបញ្ជាក់ថា បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានចូលរួម Live ជាមួយ Influencer ល្បីឈ្មោះ ដើម្បីលក់ទុរេនក្នុងតម្លៃថោកៗត្រឹមតែ១០០បាតក្នុង១ផ្លែ ធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់កសិករ និងសមាជិករដ្ឋសភា ។ កសិករដាំទុរេនព្រួយបារម្ភពីការលក់ក្នុងតម្លៃទាបពេកនឹងក្លាយជាតម្លៃស្តង់ដារដែលឈ្មួញកណ្តាលបង្ខំឱ្យកសិករលក់ក្នុងតម្លៃនេះ និងប៉ះពាល់ដល់តម្លៃក្នុងទីផ្សារទូទាំងប្រទេស ។

ក្រោយរងការរិះគន់ខ្លាំង រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបដិធេថា ក្រសួងមិនមែនជាអ្នកកំណត់តម្លៃទេ គឺ Influencer ជាអ្នកកំណត់តម្លៃដោយខ្លួនឯង ។ ការលក់ក្នុងតម្លៃនេះ គ្រាន់តែជាយុទ្ធសាស្ត្រស្វែងរកទីផ្សារឱ្យកសិករដើម្បីបញ្ចេញទុរេនពីក្នុងស្តុកប៉ុណ្ណោះ ៕