លោក ទេព និមិត្ត ហៅប្រុសពេជ្រ ដែលជាប្អូនប្រុសរបស់តារាចម្រៀង ទេព បូព្រឹក្ស បានដឹកដៃភរិយារបស់ខ្លួនដែលទើបរៀបការហើយថ្មីថ្មោងចូលក្នុងកម្មវិធីផតខាស់របស់ ខេ។ នៅក្នុងការសម្ភាសន៍នេះទស្សនិកជននឹងបានដឹងកាន់តែច្រើនពីទំនាក់ទំនងនៃការចាប់ផ្តើមរបស់អ្នកទាំងពីរនិងការងារដែល និមិត្ត កំពុងតែធ្វើនាពេលបច្ចុប្បន្ន។

លោក ទេព និមិត្ត បានបង្ហើបថាការងារដែលខ្លួនស្រលាញ់បំផុតគឺជាអ្នករាំ ប៉ុន្តែអាចធ្វើការងារជាច្រើនទៀតនៅក្នុងអាជីពសិល្បៈ។ គម្រោងដែលធំៗបំផុតដែលលោកបានធ្វើគឺជាការថតបទ «ទេពរាជ»។ ទាក់ទងនឹងការថតនៅប្រាសាទដែលមនុស្សមួយចំនួនចាត់ទុកថាពិបាកនឹងថតប្អូនប្រុសរបស់តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហើបថាកន្លែងទេសចរណ៍ដែលមានប្រាសាទនានាគឺអាចថតបានទាំងអស់ប៉ុន្តែស្ថិតនៅក្នុងកម្រិតមួយដែលយើងត្រូវធ្វើឱ្យត្រឹមត្រូវតាមក្បួនខ្នាត។ 
ត្រង់ចំណុចនេះ ទេព និមិត្តពន្យល់ថាយើងត្រូវមានលិខិតសុំអនុញ្ញាតត្រឹមត្រូវ សំលៀកបំពាក់ឱ្យត្រូវនឹងវប្បធម៌ខ្មែរយើងដែលមានន័យថាមុនពេលទៅថតគឺត្រូវឆ្លងទាំងអស់ទាំងសុំការអនុញ្ញាតពីក្រសួងវប្បធម៌ អាជ្ញាធរអប្សរា សុំយោបល់ពីលោកគ្រូអ្នកគ្រូផ្នែកសិល្បៈបុរាណ។ និមិត្ត បន្តទៀតថា ទាក់ទងនឹងអត្ថបទបទចម្រៀងក៏ត្រូវស្នើសុំឱ្យក្រសួងដឹងឮស័ក្តិសមនឹងការថតនៅប្រាសាទឬអត់ ហើយក្នុងនោះសំលៀកបំពាក់ក៏ត្រូវឆ្លងកាត់ដែរថាត្រូវតាមក្បួនខ្នាតខ្មែរឬអត់។ ជាឧទាហរណ៍មួយ និមិត្ត ថាបើយើងស្លៀកពាក់សម័យ ហើយអត្ថន័យពីស្នេហា ឬអត្ថន័យផ្សេងៗដែលខុសហើយថតនៅមុខប្រាសាទជាធម្មតាគឺមិនអនុញ្ញាតនោះទេ។

លោក ទេព និមិត្ត ថាសម្រាប់លោកឱ្យពិបាកគឺមិនពិបាកទេក្នុងការថតឱ្យតែយើងធ្វើឱ្យត្រូវតាមក្បួនច្បាប់ហើយមានការស្នើសុំត្រឹមត្រូវ មានពេលវេលាច្បាស់លាស់។ លោកក៏សង្កត់ធ្ងន់ដែរថាខាងក្រសួង ខាងអាជ្ញាធរអប្សរា គឺពិតជាចង់ឱ្យយើងផ្សព្វផ្សាយពីប្រាសាទ ពីវប្បធម៌ ប៉ុន្តែក្នុងកម្រិតមួយឱ្យបានត្រឹមត្រូវ៕










