ស្របពេលដែលពិភពលោកទាំងមូលកំពុងរំពឹងលើការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដើម្បីបញ្ចប់សង្រ្គា.ម ភាគីទាំងពីរមិនបានបង្ហាញសញ្ញាស្របគ្នា ឬមានចំណុចដែលអាចឯកភាពគ្នាបានឡើយ។ ជាក់ស្ដែងសហរដ្ឋអាម៉េរិកបានស្នើផែនការសន្តិភាព និងលក្ខខណ្ឌរហូតដល់ ១៥ចំណុចធំៗ ស្របពេលដែលអ៊ីរ៉ង់មានតែ ៧ចំណុចប៉ុណ្ណោះ តែទោះជាយ៉ាងណាក៏ដោយពួកគេមិនទំនងជានឹងយល់ព្រមតាមការស្នើសុំរបស់គ្នាទៅវិញទៅមកឡើយ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Middle East Monitor កាលពីថ្ងៃពុធបានឲ្យដឹងថា អ៊ីរ៉ង់បានកំណត់លក្ខខណ្ឌមួយចំនួនដើម្បីយល់ព្រមលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាម៉េរិកដើម្បីបញ្ចប់សង្គ្រាមដែលបាននឹងកំពុងតែបន្តចាប់តាំងពីថ្ងៃទី ២៨ ចុងខែកុម្ភៈមកលក្ខខណ្ឌទាំងនោះមានដូចជា៖
១. បិទមូលដ្ឋានទ័ពអាម៉េរិកទាំងអស់នៅក្នុងតំបន់ ២. ធានាថាគ្មានការវាយប្រហារបន្ថែមទៀតលើអឺរ៉ង់ ៣. បញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែលលើក្រុមហេសបូឡា ៤. ការលើកលែងទណ្ឌកម្មទាំងអស់លើអឺរ៉ង់ ៥. សងការខូចខាតទាំងស្រុងលើអ៊ីរ៉ង់ ៦. គ្មានការរឹតបន្តឹងលើកម្មវិធីមីស៊ីលរបស់អឺរ៉ង់ទៀតឡើយ ៧. ដាក់ច្រកសមុទ្រហ័រមូសឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់អឺរ៉ង់។
ការដាក់លក្ខខណ្ឌទាំងនេះមិនត្រូវបានអាមេរិកឆ្លើយតបថាយល់ព្រម ឬបដិសេធឡើយ ដោយអាមេរិកបែរជាទម្លាក់សំណើររបស់ខ្លួនឲ្យអ៊ីរ៉ង់ ១៥ ចំណុចវិញ។ ក្នុងនោះ៖
ទី១ អាមេរិកបានទាមទារឲ្យអ៊ីរ៉ង់បោះបង់ចោលមហិច្ឆតាទាំងអស់ក្នុងការផលិតអាវុធនុយក្លេអ៊ែរ
២.កំណត់ចំនួននៃការផលិតមីស៊ីល និងចម្ងាយបាញ់បាន
៣. កំណត់ការប្រើប្រាស់មីស៊ីលសម្រាប់តែគោលបំណងការពារខ្លួនប៉ុណ្ណោះ
៤. រុះរើរោងចក្រនុយក្លេអ៊ែរដែលបានប្រមូលផ្តុំរួចហើយ
៥. រក្សាភាពបើកចំហនៃច្រកសមុទ្រហ័រមូសជាតំបន់សមុទ្រសេរី និងគ្មានការរំខានដោយអ៊ីរ៉ង់នាពេលអនាគត
៦. ហាមឃាត់ការបង្កើនសារធាតុនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់
៧. ផ្ទេរសារធាតុបង្កើនសារធាតុទាំងអស់ទៅឱ្យ IAEA (ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ) ស្របតាមកាលវិភាគដែលបានព្រមព្រៀងគ្នាដោយភាគីនានា
៨. បំផ្លាញរោងចក្រនុយក្លេអ៊ែរនៅណាតាន អ៊ីសហ្វាហាន និងហ្វ័រដូវ
៩. ត្រូវតែមានតម្លាភាព និងការគ្រប់គ្រងរបស់ IAEA (ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ) លើអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់
១០. រក្សាភាពបើកចំហនៃច្រកសមុទ្រហ័រមូសជាតំបន់សមុទ្រសេរី
១១. បញ្ឈប់ការផ្តល់ហិរញ្ញប្បទាន និងការបំពាក់អាវុធដល់កងជីវពលនៅមជ្ឈិមបូព៌ា
១២. ទីភ្នាក់ងារថាមពលអាតូមិក នឹងទទួលបានសិទ្ធិចូលពិនិត្យរាល់ព័ត៌មាននុយក្លេអ៊ែរទាំងអស់ ពាក់ព័ន្ធនឹងកម្មវិធីរបស់អ៊ីរ៉ង់
១៣. អ៊ីរ៉ង់នឹងទទួលបានការជួយជ្រោមជ្រែងក្នុងការអភិវឌ្ឍគម្រោងនុយក្លេអ៊ែរស៊ីវិលនៅក្នុងតំបន់ Bushehr
១៤. អាម៉េរិក និងអ៊ីស្រាអែល នឹងជួយអ៊ីរ៉ង់ក្នុងការលើកកម្ពស់ និងអភិវឌ្ឍគម្រោងនុយក្លេអ៊ែរស៊ីវិលនៅ Bushehr (សម្រាប់ការផលិតអគ្គិសនី)
១៥. រាល់ទណ្ឌកម្មលើអ៊ីរ៉ង់នឹងត្រូវដកចេញ ។
ការដាក់លក្ខខណ្ឌទៅវិញទៅមករបស់ប្រទេសទាំងពីរនេះ បានធ្វើឲ្យជម្លោះដែលមិនទាន់ត្រូវបានដោះស្រាយកាន់តែអូសបន្លាយ និងស្មុគស្មាញកាន់តែខ្លាំងឡើង៕










