ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានធ្វើដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងនៅប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ តាមការអញ្ជើញរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រួមទាំងប្រឆាំងជាមួយក្រុមប្រទេសលោកខាងលិច ។ ដំណើរទស្សនកិច្ចនេះត្រូវបានអន្តរជាតិឃ្លាំមើល ពីព្រោះប្រទេសទាំងពីរសុទ្ធតែគាំទ្ររុស្ស៊ីធ្វើសង្គ្រា.មឈ្លានពានអ៊ុយក្រែន និងស្ថិតក្រោមការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីអន្តរជាតិដូចគ្នា ។.jpg)
សារព័ត៌មានបេឡារុស Belta រាយការណ៍ថា ប្រធានាធិបតីបេឡារុស លោក Lukashenko ធ្វើដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង ចំនួន២ថ្ងៃ ក្នុងគោលបំណងពង្រឹងទំនាក់ទំនង ដោយមេដឹកនាំទាំងពីរនឹងលើកយកប្រធានបទដែលភាគីទាំងពីរផ្តល់ភាពសំខាន់មកពិភាក្សា ព្រមទាំងពិភាក្សាពីគម្រោងមានសក្តានុពល និងលទ្ធភាពអភិវឌ្ឍន៍គម្រោងឱ្យទទួលបានលទ្ធផលរួមគ្នា ។
.jpg)
តាមការអះអាងរបស់អ្នកវិភាគ គឺបេឡារុស និងកូរ៉េខាងជើង គឺជាសម្ព័ន្ធមិត្តដ៏សំខាន់ដែលគាំទ្ររុស្ស៊ីធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន ។ កូរ៉េខាងជើងបានបញ្ជូនសព្វាវុធ និងកម្លាំងទ័ពរាប់ពាន់នាក់ទៅកាន់សមរភូមិ ខណៈបេឡារុសបានអនុញ្ញាតឱ្យរុស្ស៊ីប្រើប្រាស់ទឹកដីរបស់ខ្លួនជាទីតាំងវាយប្រហារអ៊ុយក្រែនកាលពីឆ្នាំ២០២២ ។.jpg)
លោក Kim បានអញ្ជើញប្រធានាធិបតីបេឡារុស លោក Lukashenko ឱ្យបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ក្នុងពេលមេដឹកនាំទាំង២រូបជួបគ្នានៅទីលានធៀនអាន់មេន ទីក្រុងប៉េកាំង ប្រទេសចិន កាលពីខែកញ្ញា ឆ្នាំ២០២៥ ។ លោក Kim បានផ្ញើលិខិតអញ្ជើញលោក Lukashenko ដើម្បីបង្ហាញពីការតាំងចិត្តលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ។

វិទ្យាស្ថានកូរ៉េសម្រាប់ការវិភាគផ្នែកការពារជាតិ (KIDA) បានបង្ហាញការយល់ឃើញពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបេឡារុសទៅកូរ៉េខាងជើង គឺក្នុងគោលដៅជំរុញឱ្យក្រុមប្រទេសដែលប្រឆាំងនឹងក្រុមប្រទេសលោកខាងលិច រួមកម្លាំងសាមគ្គីគ្នាឱ្យរឹងមាំ ។.jpg)
ក្រុមប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូរ៉េខាងជើងជាច្រើនឆ្នាំមកនេះ ដោយសារការផលិតអាវុធនុយក្លេអ៊ែរ សាងល្បងមីស៊ីល និងគាំទ្ររុស្ស៊ីធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន ។ រដ្ឋាភិបាលកូរ៉េខាងជើងបានបញ្ជូនកម្លាំងទ័ពរាប់ពាន់នាក់ និងសព្វាវុធជាច្រើនទៅឱ្យរុស្ស៊ី ដូចជា ៖ គ្រាប់កាំភ្លើងធំ និងមីស៊ីល ហើយកងទ័ពកូរ៉េខាងជើងបានស្លាប់ក្នុងសមរភូមិប្រមាណ២,០០០នាក់ និងរងរបួសរាប់ពាន់នាក់ ។
ការជួយគាំទ្រនេះធ្វើឱ្យកូរ៉េខាងជើងទទួលបានផលប្រយោជន៍ពីរុស្ស៊ីទាំងថវិកា បច្ចេកវិទ្យាកងទ័ព ស្បៀងអាហារ និងថាមពល ។ កូរ៉េខាងជើង និងរុស្ស៊ី មានទំនាក់ទំនងជិតស្និទ្ធខ្លាំងឡើង បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ធ្វើដំណើរទៅកូរ៉េខាងជើងកាលពីឆ្នាំ២០២៤ ដែលជំរុញឱ្យកូរ៉េខាងជើងកាត់បន្ថយការពឹងផ្អែកចិនដែលជាសម្ព័ន្ធមិត្តយូរឆ្នាំ ៕










