អេស្ប៉ាញបានដកឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសអ៊ីស្រាអែលជាផ្លូវការកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ដើម្បីប្រឆាំងអ៊ីស្រាអែលដែលបានធ្វើសង្គ្រា.មនៅតំបន់កាហ្សា និងកំពុងបង្កសង្គ្រា.មនៅអ៊ីរ៉ង់ ដែលជាសញ្ញាចុងក្រោយនៃការបង្ហាញគោលជំហរច្បាស់លាស់របស់រដ្ឋាភិបាលអេស្ប៉ាញមិនគាំទ្រសង្គ្រា.ម និងបង្ហាញពីភាពតានតឹងផ្នែកការទូតរវាងអេស្ប៉ាញ និងអ៊ីស្រាអែល ។ ការសម្រេចចិត្តនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sánchez រិះគ.ន់ខ្លាំងៗចំពោះប្រតិបត្តិការកងទ័ពអ៊ីស្រាអែលនៅតំបន់កាហ្សា និងអ៊ីរ៉ង់ ដោយលោកចាត់ទុកជាការល្មើសច្បាប់អន្តរជាតិ ។
កាលពីថ្ងៃទី១១ ខែមីនា រដ្ឋាភិបាលអេស្ប៉ាញបានសម្រេចចិត្តដកឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែលជាផ្លូវការ គឺអ្នកស្រី Ana María Salomón Pérez ដោយស្ថានទូតអេស្ប៉ាញនៅទីក្រុង Tel Aviv នឹងកាត់បន្ថយការងារ ហើយប្រគល់ការទទួលខុសត្រូវទៅឱ្យភារធារីជំនួសវិញ ដែលនេះបង្ហាញពីទំនាក់ទំនងកាន់តែធ្លាក់ចុះរវាងប្រទេសទាំងពីរ ។
ការដកឯកអគ្គរដ្ឋទូតអេស្ប៉ាញចេញពីទីក្រុង Tel Aviv បន្ទាប់ពីអេស្ប៉ាញដែលជាសមាជិកសហភាពអឺរ៉ុប (EU) បានចេញមុខរិះគន់យ៉ាងចាស់ដៃទៅកាន់អ៊ីស្រាអែល ដែលបង្កសង្គ្រាមនៅតំបន់កាហ្សា និងសហការជាមួយអាមេរិកបើកការវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងមក ។
នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sánchez គឺជាមេដឹកនាំមួយរូបក្នុងចំណោមមេដឹកនាំឆ្វេងនិយមនៅអឺរ៉ុប ដែលចេញមុខថ្កោលទោសអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារអ៊ីរ៉ង់ ។ លោកថា គ្មានមូលហេតុណាមួយដើម្បីបើកការវាយប្រហារអ៊ីរ៉ង់ទេ ព្រមទាំងប្រកាសគោលជំហរយ៉ាងច្បាស់លាស់របស់រដ្ឋាភិបាលអេស្ប៉ាញមិនគាំទ្រសង្គ្រាម ។
ក្រៅពីនេះ រដ្ឋាភិបាលអេស្ប៉ាញបានថ្កោលទោសជាបន្តបន្ទាប់ចំពោះការបង្កសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់កាហ្សា ។ កាលពីខែតុលា ឆ្នាំ២០២៥ រដ្ឋសភាអេស្ប៉ាញបានអនុម័តច្បាប់បញ្ឈប់ទាំងស្រុងនូវការនាំចេញអាវុធទៅឱ្យអ៊ីស្រាអែល ព្រមទាំងហាមឃាត់ការលក់អាវុធ និងបច្ចេកវិទ្យាប្រើប្រាស់ក្នុងផ្នែកកងទ័ព-ជនស៊ីវិលជារៀងរហូត ដើម្បីប្រឆាំងអ៊ីស្រាអែលបង្កសង្គ្រាមបណ្តាលឱ្យបាត់បង់ជីវិតមនុស្ស ។
ទំនាក់ទំនងរវាងអេស្ប៉ាញ និងអ៊ីស្រាអែលបានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីអ៊ីស្រាអែលបើកប្រតិបត្តិការកងទ័ពនៅតំបន់កាហ្សាកាលពីខែតុលា ឆ្នាំ២០២៣ ហើយភាពតានតឹងបានកើនឡើងដល់កម្រិតកំពូល ក្រោយអ៊ីស្រាអែលសហការជាមួយអាមេរិកវាយប្រហារអ៊ីរ៉ង់ដែលធ្វើឱ្យមានការប៉ះទង្គិចពាក្យសម្តីគ្នាយ៉ាងខ្លាំង ។
គួរបញ្ជាក់ថា កន្លងមក អេស្ប៉ាញក៏បានបដិសេធមិនឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពនៅប្រទេសខ្លួនសម្រាប់ការវាយប្រហារលើអ៊ីរ៉ង់ផងដែរ ដែលបង្កឱ្យមានជម្លោះពាក្យសម្តីជាមួយលោកប្រធានាធិបតី Donald Trump ដោយនាយករដ្ឋមន្ត្រីអេស្ប៉ាញនៅតែប្រកាន់ជំហររឹងមាំលើគោលការណ៍សន្តិភាព និងប្រឆាំងសង្គ្រាម ៕










