គាំទ្រដែរឬទេបងប្អូនប្រសិនបើដូច្នោះមែន? បច្ចុប្បន្នក្រសួងមហាផ្ទៃ កំពុងសិក្សាដើម្បីដាក់បញ្ចូលក្រុមក្មេងទំនើងដែលចូលចិត្តវា.យតប់គ្នា បង្កចលាចលក្នុងភូមិស្រុកឲ្យទៅជាប្រជាការពារ ឬសន្តិសុខភូមិវិញបន្ទាប់ពីពួកគេត្រូវបានអាជ្ញាធរអប់រំណែនាំរួច។ តាមអ្នកនាំពាក្យក្រសួង វិធានការនេះធ្វើឡើងដើម្បីផលប្រយោជន៍សង្គម និងជាគំរូដល់ក្មេងជំនាន់ក្រោយ។

យោងតាមការលើកឡើងរបស់លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលចេញផ្សាយកាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦ បានឲ្យដឹងថា «នេះជាវិធីរុញទូកបណ្ដោយទឹក ដែលរកកន្លែងបត់។ ខ្ញុំថាប្អូនៗទាំងអស់នឹងចូលរួមជាមួយយើង។ នេះជាការគិតគូរពីថ្នាក់ដឹកនាំរបស់យើងតាំងពីដើមទីមកដែរតែដោយសារជាប់ដៃគ្នាពាក់ព័ន្ធនឹងការដឹកនាំទូទៅផង ពាក់ព័ន្ធនឹងប្រទេសជិតខាងឈ្លានពានយើងផងនោះក៏ទុកមួយជំហានសិនទៅ»។
.jpg)
តាមន័យខាងលើ វិធានការនេះគឺជាការណែនាំពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឱ្យក្មេងទំនើងទាំងនោះ ក្លាយទៅជាអ្នកការពារសន្តិសុខ សុវត្ថិភាពសង្គមតាមមូលដ្ឋានរបស់ពួកគេតែម្ដង ដោយមានរដ្ឋបាលឃុំសង្កាត់ ស្រុកខណ្ឌ ជាអ្នកដឹកនាំត្រួតពិនិត្យ។ លោកថាការធ្វើបែបនេះក៏នឹងអាចធ្វើឱ្យក្មេងៗទាំងនោះមានបទពិសោធន៍ការងារសន្តិសុខ អាចកែប្រែពីក្មេងមិនល្អទៅជាគំរូល្អដល់ក្មេងៗជំនាន់ក្រោយផងដែរ។ ជាមួយនឹងការសិក្សានេះក្រសួងមហាផ្ទៃក៏កំពុងរៀបចំទិន្នន័យក្មេងទំនើងដែលចាប់ឃាត់ខ្លួន អប់រំណែនាំ និងបញ្ជូនទៅតុលាការ ទៅក្នុងប្រព័ន្ធទិន្នន័យរួមមួយដើម្បីតាមដានផងដែរ។
គួរជម្រាបថា បើផ្អែកតាមទិន្នន័យពីក្រសួងមហាផ្ទៃក្នុងឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបករណីក្មេងទំនើងបាន ៩៩១ករណីថយចុះ៣៨%បើធៀបនឹងឆ្នាំ២០២៤ ឃាត់ខ្លួនមនុស្ស ៣៦០៧នាក់ បញ្ជូនក្មេងទំនើងទៅកាន់តុលាការចំនួន ២៣៥៥ និងអប់រំ១២៣៨នាក់។ ជាមួយនឹងចំនួននេះ សង្គមយើងនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ប្រសិនបើក្មេងទំនើងទាំងនោះត្រូវបានណែនាំ និងកែប្រែទៅជាអ្នកថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់នៅក្នុងភូមិស្រុកបានពិតមែន។.jpg)
ទោះជាយ៉ាងណា បើតាមលោកបណ្ឌិត ប៉ា ច័ន្ទរឿន បានលើកឡើងថា គម្រោងបញ្ចូលក្មេងទំនើងឱ្យធ្វើជាប្រជាការពារភូមិ អាចជា “អាវុធមុខពីរ” ដែលមានហានិភ័យខ្ពស់ជាងអត្ថប្រយោជន៍ ប្រសិនបើមិនមានយន្តការត្រួតពិនិត្យច្បាស់លាស់។ តាមន័យនេះ ដើម្បីជំរុញឱ្យក្រុមក្មេងទំនើងកែប្រែខ្លួនប្រកបដោយប្រសិទ្ធភាព យើងមិនគួរផ្តល់ “អំណាច” ដល់ពួកគេភ្លាមៗនោះទេ ប៉ុន្តែត្រូវអនុវត្តតាមយន្តការ “ការស្តារនីតិសម្បទា” ជាដំណាក់កាលៗដូចបណ្តាប្រទេសជឿនលឿន (ឧទាហរណ៍ សិង្ហបុរី) បានធ្វើកន្លងមក។ .jpg)
តាមការសិក្សារបស់លោក ជាដំបូងបុគ្គលទាំងនោះត្រូវឆ្លងកាត់ការអប់រំចិត្តតាមរយៈការធ្វើពលកម្មជំនួសទោស ឬវគ្គបណ្តុះបណ្តាលសីលធម៌ ដើម្បីជម្រុះចរិតក្មេងទំនើងចេញពីខ្លួន និងបង្កើនស្មារតីទទួលខុសត្រូវ។ បន្ទាប់មក ពួកគេគួរតែទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្សេងៗ ដូចជាការជួសជុល កសិកម្ម ឬបច្ចេកវិទ្យា ដែលអាចជួយឱ្យពួកគេមានសមត្ថភាពបង្កើតចំណូលចិញ្ចឹមជីវិតដោយថ្លៃថ្នូរ និងមិនត្រឡប់ទៅរកផ្លូវខុសវិញ។ ជាចុងក្រោយ មុននឹងផ្តល់ការងារក្នុងវិស័យសន្តិសុខ ពួកគេត្រូវឆ្លងកាត់ការសាកល្បងអត្តចរិតតាមរយៈការងារស្ម័គ្រចិត្តបម្រើសហគមន៍ ដូចជាការលាងសម្អាតទីសាធារណៈជាដើម ដើម្បីឱ្យអាជ្ញាធរអាចវាយតម្លៃពីការកែប្រែពិតប្រាកដរបស់ពួកគេ មុននឹងប្រគល់សេចក្តីទុកចិត្តឱ្យបំពេញតួនាទីជាអ្នកការពារច្បាប់។
សរុបមកតើបងប្អូនមានការយល់ឃើញដូចម្ដេចដែរចំពោះផែនការរបស់ក្រសួងមហាផ្ទៃដូចខាងលើនេះ? តើការផ្លាស់ប្ដូរអត្តចរិតរបស់មនុស្សពីកោងកាច ទៅជាបុគ្គលគំរូដើម្បីដែរក្សាសណ្ដាប់ធ្នាប់នៅក្នុងសង្គម គឺជារឿងដែលអាចទៅរួចដែរឬទេ?










