បន្ទាប់ពីទូរទស្សន៍ដ៏ធំរបស់ជប៉ុន TBS បានចាក់ផ្សាយពីតារារ៉េប វណ្ណដា សិល្បករហ៊ីបហបល្បីឈ្មោះប្រចាំប្រទេសកម្ពុជាធ្វើឱ្យអ្នកគាំទ្រជាជនជាតិជប៉ុនបានបង្ហាញសញ្ញាស្គាល់លោកតាមរយៈកម្មវិធី « Crazy Journey» ជាមួយនឹងតារា Awich។

បទចម្រៀងចុងក្រោយដែល វណ្ណដា បានចេញក្នុងថ្ងៃខួបកំណើតមានចំណងជើងថា « NEON LIGHT» គេសង្កេតឃើញថាមានអ្នកគាំទ្រជាជនជាតិជប៉ុនបានចូលមកខម្មិនជាបន្តបន្ទាប់ក្នុងបទចម្រៀងនេះ។ គណនីនោះបានចូលមកខម្មិនជាភាសាជប៉ុនដោយបានបញ្ជាក់ថាពួកគេស្គាល់ វណ្ណដា បន្ទាប់ពីមើលកម្មវិធីទូរទស្សន៍និងជូនពរឱ្យ វណ្ណដា ជួបសំណាងល្អ។

អ្នកគាំទ្រក៏បង្ហាញថាបន្ទាប់ពីមើលកម្មវិធី « Crazy Journey» វាពិតជាឡូយខ្លាំងណាស់។ អ្នកខ្លះទៀតក៏បាននិយាយថា សំឡេង និងបទចម្រៀងរបស់ វណ្ណដា មានមន្តស្នេហ៍ហើយពិតជាអស្ចារ្យណាស់ វាជាសម័យកាលថ្មីមួយ។
គួរបញ្ជាក់ផងដែរថាទូរទស្សន៍ TBS ដ៏ធំរបស់ជប៉ុនបានចាក់ផ្សាយពីតារារ៉េប វណ្ណដា កាលពីថ្ងៃទី៩ ខែកុម្ភៈ កន្លងមកថ្មីៗនេះដោយគេបានឃើញតារារ៉េបជប៉ុន Awich បាននិយាយពីតារារ៉េប វណ្ណដា មានការបង្ហាញពីបទចម្រៀង «អាមុំបងអើយ» និងទិដ្ឋភាពរបស់ទស្សនិកជនដែលចូលរួមយ៉ាងច្រើនកុះករនៅឯពហុកីឡដ្ឋានអូឡាំពិកក្នុងការប្រគំតន្រ្តីរបស់ វណ្ណដា កាលពីកន្លងមកនេះ។
.png)
លើសពីនេះ ក្រុមការងារកម្មវិធីរួមទាំង Awich ផ្ទាល់ក៏បានចុះទៅដល់ស្រុកកំណើតរបស់ វណ្ណដា ផ្ទាល់នៅឯខេត្តព្រះសីហនុ និងបានសម្ភាសជាមួយនឹងឪពុករបស់ វណ្ណដា ផងដែរ។ ទូរទស្សន៍ TBS ក៏បានផ្សព្វផ្សាយពីប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា បង្ហាញពីរបាំនៃវប្បធម៌ខ្មែរ រួមទាំងរំលេចពីរបបខ្មែរក្រហម៕










