ប្រទេសបារាំង ៖ រដ្ឋាភិបាលបារាំងប្រកាសឈប់ប្រើប្រាស់កម្មវិធីប្រជុំអនឡាញដ៏ពេញនិយមរបស់អាមេរិក ដូចជា ៖ Zoom និង Microsoft Teams ចាប់ពីឆ្នាំ២០២៧ ដោយសារបារម្ភពីសុវត្ថិភាព និងការទំនាក់ទំនងគ្នាតាមអ៊ីនធើរណេតរបស់ស្ថាប័នរដ្ឋអាចបែកធ្លាយការសម្ងាត់ ។ ក្រៅពីនេះ បារាំងលើកឡើងពីហេតុផលឈប់ប្រើប្រាស់ដោយសារកម្មវិធីទាំងពីរនេះបង្កើតឡើងដោយអាមេរិក ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប ។

ប្រទេសជាច្រើនពេញនិយមប្រើប្រាស់កម្មវិធីដ៏ពេញនិយម Zoom និង Microsoft Teams សម្រាប់ចូលរួមប្រជុំ និងសិក្សាតាមអនឡាញ ពីព្រោះកម្មវិធីទាំងពីរអនុញ្ញាតឱ្យមានអ្នកចូលរួមច្រើន និងឃើញមុខគ្នាច្បាស់ៗ ប៉ុន្តែបារាំងនឹងឈប់ប្រើប្រាស់កម្មវិធីទាំងពីរ ហើយចាប់ផ្តើមប្រើប្រាស់កម្មវិធីបង្កើតដោយខ្លួនឯង ។ នេះជាយុទ្ធសាស្ត្រមួយរបស់បារាំងដើម្បីកាត់បន្ថយការប្រើប្រាស់កម្មវិធីអ៊ីនធើរណេតដែលបង្កើតឡើងដោយអាមេរិក និងកាត់បន្ថយការចំណាយប្រាក់សម្រាប់ប្រើប្រាស់កម្មវិធីអ៊ីនធើរណេតក្នុងស្ថាប័នរដ្ឋ ។.jpg)
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ថាប័នរដ្ឋនៅប្រទេសបារាំងនឹងឈប់ប្រើប្រាស់កម្មវិធី Zoom និង Microsoft Teams ចាប់ពីឆ្នាំ២០២៧ ដើម្បីកាត់បន្ថយការចំណាយប្រាក់រហូតដល់១លានអឺរ៉ូបក្នុង១ឆ្នាំ (ស្មើជាង១លាន ២សែនដុល្លារ) និងងាកមកប្រើប្រាស់កម្មវិធីបង្កើតដោយខ្លួនឯងដែលមានសុវត្ថិភាពជាង ។
បារាំងនឹងប្រើប្រាស់ Visio គឺជាកម្មវិធីប្រជុំតាមអនឡាញបង្កើតឡើងដោយខ្លួនឯង និងបានសាកល្បងប្រើប្រាស់កាលពីឆ្នាំ២០២៥ ដែលវាមានមុខងារប្រើប្រាស់ស្រដៀងនឹងកម្មវិធី Zoom និង Microsoft Teams ដែរ ថែមទាំងមានបច្ចេកវិទ្យា AI ជួយសម្រួលដល់ការផ្ញើសារជាអក្សរ និងសំឡេង ។ បច្ចុប្បន្ន នៅប្រទេសបារាំងមានអ្នកប្រើប្រាស់កម្មវិធី Visio ប្រមាណ៤ម៉ឺននាក់ ។.jpg)
តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងកំណែទម្រង់បារាំង លោក David Amiel ការបង្កើតកម្មវិធីប្រជុំតាមអនឡាញ Visio ក្នុងគោលបំណងឈប់ប្រើប្រាស់កម្មវិធីអ៊ីនធើរណេតរបស់អាមេរិក ដែលមិនមែនបង្កើតឡើងដោយបណ្តាប្រទេសសមាជិកអឺរ៉ុប ។ កម្មវិធី Visio មានសុវត្ថិភាព និងអាចរក្សាការសម្ងាត់នៃការទំនាក់ទំនងគ្នាតាមអ៊ីនធើរណេតរបស់ស្ថាប័នរដ្ឋ ។
គួរបញ្ជាក់ថា ការបង្កើតកម្មវិធីប្រជុំអនឡាញ Visio គឺស្ថិតក្នុងគម្រោង Suite Numerique ដែលរដ្ឋាភិបាលបារាំងជំរុញឱ្យបង្កើតកម្មវិធីអនឡាញដោយខ្លួនឯងដើម្បីជំនួសកម្មវិធីរបស់អាមេរិក ។ នាថ្ងៃអនាគត បារាំងនឹងឈប់ប្រើប្រាស់កម្មវិធីអនឡាញជាច្រើនទៀតរបស់អាមេរិក ក្នុងនោះក៏មានកម្មវិធីផ្ញើអ៊ីម៉ែលផងដែរ ៕










