ជនជាតិថៃមួយចំនួនធំទើបតែកើតទុក្ខមិនសុខចិត្តអំពីក្រុមចម្រៀង TREASURE ក្រោយក្រុមចម្រៀងនេះជ្រើសរើសធ្វើជា BA និងមកប្រគំតន្រ្តីនៅស្រុកខ្មែរ ខណៈពេលនេះត្រូវមកក្តៅក្រហាយម្តងទៀតជាមួយនឹង Ahyeon សមាជិក BABYMONSTER បន្ទាប់ពីនាងរាំបទរបស់ N.John។ ជនជាតិថៃ Toxic ទាំងនោះបានចូលទៅខម្មិនជាច្រើននៅក្រោមវីដេអូចម្រៀងដែល Ahyeon រាំ ខណៈអ្នកគាំទ្រអព្យាក្រឹតទទូចឱ្យជនជាតិថៃកុំដាក់សម្ពាធមកកាន់ Ahyeon។
ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថា Ahyeon បានរាំបទ «Pop out» របស់ N.John ធ្វើឱ្យអ្នកគាំទ្រទូទាំងពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំងជាពិសេសអ្នកគាំទ្រកម្ពុជាស្ទើរតែមិនចង់ជឿថាសមាជិកក្រុមចម្រៀង KPop ដ៏ល្បីមួយនេះបានជ្រើសរើសបទរបស់ N.John យកមករាំយ៉ាងឡូយ។ វីដេអូរបស់ Ahyeon បានបង្ហោះនៅលើយូធូប ទិកតុក និង អ៊ីនស្ត្រាក្រាម និងបានរីកសាយភាយយ៉ាងឆាប់រហ័សមានការទស្សនារាប់លានដង ធ្វើឱ្យមានអ្នកគាំទ្រជាច្រើនបានចូលមកស្តាប់បទរបស់ N.John តាមរយៈ Ahyeon។
ទោះយ៉ាងណា អ្នកគាំទ្រជុំវិញពិភពលោកសុទ្ធតែបង្ហាញការរីករាយជាមួយនឹង Ahyeonលើកឡើងតែអ្នកគាំទ្រជនជាតិថៃមួយផ្នែកប៉ុណ្ណោះដែលកើតទុក្ខមិនសុខចិត្តក្តៅក្រហាយជាខ្លាំង។ អ្នកលេងបណ្តាញសង្គមទាំងនោះបានចូលទៅខម្មិនវាយប្រហារមកកាន់ Ahyeon សម្តែងអារម្មណ៍ហាក់មិនពេញចិត្តនឹងនាងដែលជ្រើសរើសបទដែលច្រៀងដោយសិល្បករមានដើមកំណើតខ្មែរ។ ជនជាតិថៃខ្លះថែមទាំងបានអះអាងថាផលិតកម្ម YG បានលុបការបញ្ចេញមតិរបស់គេ ដែលទំនងពួកគេបានបញ្ចេញមតិរិះគន់មិនសមរម្យមកកាន់ Ahyeon។
អ្នកធ្វើវីដេអូមួយចំនួនបានបង្ហោះលួងចិត្តខ្លួនឯងថាការដែល Ahyeon លេងបទរបស់ N.John ដោយសារតែរូបនាងមិនដឹងថាអ្នកច្រៀងគឺជាជនជាតិខ្មែរប៉ុន្តែត្រូវបានអ្នកគាំទ្រកម្ពុជាអះអាងថាមុននឹងបង្ហោះវីដេអូនេះគឺគ្រប់ការងារ YG សុទ្ធតែបានពិនិត្យ មិនមែន Ahyeon ផុសដោយឯកឯងនោះទេ។
បន្ទាប់ពី Ahyeon លេងបទចម្រៀង «Pop out» របស់ខ្លួន N.John ក៏បានចែករំលែកបន្តនៅលើ Story របស់លោកផងដែរ។ ងាកទៅកាន់ឧកញ៉ា ព្រាប សុវត្ថិ វិញបន្ទាប់ពីឃើញកូនប្រុសកំពុងទទួលបានប្រជាប្រិយភាពមានតារា Kpop ល្បីឈ្មោះលេងបទចម្រៀងនេះបានធ្វើឱ្យលោកនិងភរិយាសម្តែងនូវអារម្មណ៍មានមោទនភាពយ៉ាងខ្លាំង។
នៅយប់ថ្ងៃទី២៩ ខែមករា ឧកញ៉ា ព្រាប សុវត្ថិ បានបង្ហោះថា «ពុក ម៉ែ សប្បាយចិត្តខ្លាំងណាស់ដែលវិថីសិល្បៈរបស់កូនប្រុសកាន់តែឈានឡើងទូលំទូលាយ កាន់តែមានការគាំទ្រលើកទឹកចិត្តពីបណ្ដាប្រទេសជាច្រើនបន្តបន្ទាប់ »៕










