ថ្មីៗនេះ Zhao Wei ឬទស្សនិកជនស្គាល់ថា ត្រចៀកកាំ បានបង្ហោះសារឡើងវិញពីបងប្រុសរបស់ខ្លួនដើម្បីបដិសេធរបាយការណ៍មិនពិតមួយចំនួនដែលចោទប្រកាន់ថានាងមានជាប់ពាក់ព័ន្ធក្នុងការលាងលុយកខ្វក់ និងការជួញដូរមនុស្សទៅកាន់ប្រទេសមីយ៉ាន់ម៉ា។

ពីមុនមកមានការបង្ហោះជាច្រើនត្រូវបានផ្សព្វផ្សាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo ដោយចោទប្រកាន់ថា Zhao Wei និងអតីតស្វាមីរបស់នាងគឺអ្នកជំនួញ Huang Youlong រួមជាមួយតារាល្បីៗជាច្រើនរូបទៀត មានជាប់ពាក់ព័ន្ធនឹងក្រុមអាជីវកម្មខុសច្បាប់ ការលាងលុយកខ្វក់ និងការចាប់ជំរិតមនុស្សទៅកាន់តំបន់ក្លែងបន្លំនៅប្រទេសមីយ៉ាន់ម៉ា។ អត្ថបទមួយចំនួនថែមទាំងបានសួរអំពីប្រភពដើមនៃទ្រព្យសម្បត្តិរបស់អតីតស្វាមី Zhao Wei ដោយបង្ហាញថាប្រតិបត្តិការរបស់អ្នកជំនួញរូបនេះខ្វះតម្លាភាព។
Zhao Wei ក៏ត្រូវបានចោទប្រកាន់ពីបទវិនិយោគលើស្រា ទិញអចលនទ្រព្យនៅបរទេស ឬកាន់កាប់ក្រុមហ៊ុនច្រើនជាមធ្យោបាយមួយដើម្បី «លាងលុយកខ្វក់» ដោយធ្វើឱ្យប្រាក់ចំណេញខុសច្បាប់ស្របច្បាប់តាមរយៈក្រុមហ៊ុនដែលគ្មានប្រតិបត្តិការជាក់ស្តែង។ ក្នុងចំណោមរលកនៃពាក្យចចាមអារ៉ាម Zhao Jian បងប្រុស Zhao Wei បានអះអាងថា ទាំងនេះគឺជាព័ត៌មានប្រឌិត ដែលជាការវាយប្រហារផ្ទាល់ខ្លួនដោយចេតនាទៅលើប្អូនស្រីរបស់លោកដោយសារតែនាងជាមនុស្សសាធារណៈ។ លោកបានបញ្ជាក់ថា ក្រុមគ្រួសារបានប្រមូលភស្តុតាង និងបានចាប់ផ្តើមដំណើរការផ្លូវច្បាប់នៅទីក្រុងប៉េកាំង និងសៀងហៃ ដើម្បីការពារកេរ្តិ៍ឈ្មោះរបស់ Zhao Wei។

ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះជីវិតរបស់ Zhao Wei បានផ្លាស់ប្តូរទាំងស្រុង។ ពីតារាដែលមានប្រជាប្រិយភាពខ្លាំងបំផុត តារាស្រីរូបនេះបានប្រឈមមុខនឹងឧបសគ្គជាបន្តបន្ទាប់ដូចជា ការត្រូវបានហាមឃាត់មិនឱ្យសម្តែងតាមកញ្ចក់ទូរទស្សន៍ អាពាហ៍ពិពាហ៍បែកបាក់ ទ្រព្យសម្បត្តិធ្លាក់ចុះ និងការបាត់បង់ការពេញចិត្តពីសាធារណជនបន្តិចម្តងៗ។ ផលវិបាកទាំងនេះត្រូវបានគេជឿថាកើតចេញពីការសម្រេចចិត្តដ៏ចម្រូងចម្រាសកាលពីអតីតកាល។
Zhao Wei កើតនៅឆ្នាំ ១៩៧៦ គឺជាតារាសម្តែង អ្នកចម្រៀង អ្នកដឹកនាំរឿង និងផលិតករឈានមុខគេរបស់ប្រទេសចិន។ នាងមានភាពល្បីល្បាញទូទាំងអាស៊ីសម្រាប់តួនាទីរបស់នាងនៅក្នុងរឿងភាគបុរាណ។ អាជីពរបស់ Zhao Wei ធ្លាប់បានឈានដល់កម្រិតកំពូលជាមួយនឹងពានរង្វាន់ជាច្រើន និងឥទ្ធិពលដ៏អស្ចារ្យ មុនពេលធ្លាក់ចុះតាំងពីឆ្នាំ ២០២១ នៅពេលដែលនាងត្រូវបានដាក់ក្នុងបញ្ជីខ្មៅដោយសម្ងាត់៕










