ប្រទេសថៃ ៖ ថ្មីៗនេះ ហ្វេសប៊ុកផេករបស់ថៃមួយឈ្មោះ «CSI LA» បានចែករំលែកព័ត៌មានពីអ្នកនយោបាយថៃមកពីគណបក្សធំៗ ចំនួន១០រូប ជាប់ពាក់ព័ន្ធនឹងការឆបោ.កអនឡាញ និងជួញដូរគ្រឿ.ងញៀន ប៉ុន្តែមិនបានបង្ហាញឈ្មោះអ្នកនយោបាយណាខ្លះទេ ។ មហាជនដាក់ការសង្ស័យទៅលើនាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin Charnvirakul និងអ្នកនយោបាយមួយចំនួនក្នុងគណបក្សភូមិចៃថៃ ថាពាក់ព័ន្ធនឹងការឆបោ.កអនឡាញ និងជួញដូរគ្រឿ.ងញៀន ដោយព្យាយាមបិទបាំងព័ត៌មាន ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Thai Post នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ លោក Anutin បានបដិសេធការផ្សព្វផ្សាយព័ត៌មានថា ខ្លួនលោក និងអ្នកនយោបាយមួយចំនួនទៀតក្នុងគណបក្សភូមិចៃថៃជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ និងជួញដូរគ្រឿងញៀន ។ លោកថា បានដឹងព័ត៌មាននេះ ប៉ុន្តែមិនមែនជារូបលោកទេ ហើយក៏មិនពាក់ព័ន្ធនឹងអ្នកនយោបាយផ្សេងៗក្នុងគណបក្សភូមិចៃថៃដែរ ទោះជារដ្ឋាភិបាលរបស់លោកមានគោលនយោបាយរក្សាការសម្ងាត់អ្នកឆបោកអនឡាញ និងជួញដូរគ្រឿងញៀន ប៉ុន្តែនឹងចាត់វិធានការអ្នកនយោបាយណាដែលប្រព្រឹត្តខុស ។

នៅថ្ងៃទី២១ ខែមករា លោក Anutin បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានអំពីករណីហ្វេសប៊ុកផេក CSI LA ចែករំលែកព័ត៌មានពីអ្នកនយោបាយថៃមកពីគណបក្សធំៗ ចំនួន១០រូបជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ និងជួញដូរគ្រឿងញៀន ថាសមត្ថកិច្ចមិនទាន់រាយការណ៍ពីករណីនេះទេ ប៉ុន្តែលោកដឹងតាមរយៈព័ត៌មានចុះផ្សាយ គឺលោកមិនពាក់ព័ន្ធឡើយ ។

ពេលអ្នកសារព័ត៌មានសួរថា តើនេះអាចជាការលាបពណ៌អ្នកនយោបាយនៅមុនការបោះឆ្នោតដែរឬទេ? លោក Anutin ថា វាមិនពាក់ព័ន្ធនឹងគណបក្សភូមិចៃថៃ និងមិនពាក់ព័ន្ធជាមួយរដ្ឋាភិបាល ពីព្រោះលោកបានបំពេញតួនាទីកម្ចាត់ការឆបោកអនឡាញ និងជួញដូរគ្រឿងញៀនជាបន្តបន្ទាប់ ។ បច្ចុប្បន្ន លោកផ្តោតតែលើការងាររកសំឡេងឆ្នោតប៉ុណ្ណោះ និងការងារដឹកនាំរដ្ឋាភិបាល ។ រីឯអ្នកនយោបាយថៃចំនួន១០រូប ពាក់ព័ន្ធនឹងការឆបោកអនឡាញ និងជួញដូរគ្រឿង ប្រសិនបើដឹងអត្តសញ្ញាណនឹងចាត់វិធានការតាមផ្លូវច្បាប់ គ្មានការលើកលែងអ្នកនយោបាយណាឡើយ ។

មហាជនបានដាក់ការសង្ស័យលោក Anutin ជាប់ពាក់ព័ន្ធនឹងការឆបោ.កអនឡាញ និងជួញដូរគ្រឿ.ងញៀន ពីព្រោះកន្លងមក ក្នុងប្រព័ន្ធអ៊ីនធើរណេតបានបែកធ្លាយរូបភាពរបស់លោកមានទំនាក់ទំនងជិតស្និទ្ធអង្គុយបរិភោគអាហារជាមួយឧក្រិដ្ឋជនឆ្លងដែនជនបរទេស ដែលពេលនោះ លោកបដិសេធមិនដឹងរឿង និងចាត់ទុកជាការចោទប្រកាន់ ។

គួរបញ្ជាក់ថា ប្រទេសថៃជាទីតាំងឆបោកអនឡាញ និងជួញដូរគ្រឿងញៀនដ៏ធំនៅតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែសារព័ត៌មានថៃនានាព្យាយាមបិទបាំងព័ត៌មាននេះមិនហ៊ានចុះផ្សាយ ហើយបង្វែរមកទម្លាក់កំហុសលើកម្ពុជា ខណៈកម្ពុជាគ្រាន់តែរងផលប៉ះពាល់ការហូរចូលបទល្មើសពីប្រទេសថៃ ។ អ្នកនយោបាយថៃចំនួន១០រូប ដែលពាក់ព័ន្ធនឹងការឆបោកអនឡាញ និងជួញដូរគ្រឿងញៀននាពេលនេះ មិនត្រូវបានបញ្ចេញអត្តសញ្ញាណទេ ៕