ផលិតកម្មរស្មីហង្សមាសបានទម្លាក់វីដេអូខ្លីនៃបទថ្មីរបស់ នាង ដាវីន ដែលត្រៀមចេញពេញនាពេលឆាប់ៗនេះប៉ុន្តែផេកផ្លូវការរបស់ផលិតកម្មជន់លិចដោយអ្នកគាំទ្រ លីម តិចម៉េង ទទូចឱ្យខាងក្រុមហ៊ុនចេញបទឱ្យម្ចាស់ពានរូបនេះ។ ហ្វេនខ្លះថែមទាំងចោទប្រកាន់ដោយលើកឡើងថាការស្ងាត់នេះដោយសារតែ តិចម៉េង គ្មានសែ។

នៅយប់ថ្ងៃទី១៩ ខែមករា ផលិតកម្មរស្មីហង្សមាសបានបញ្ជាក់ថាបទចម្រៀងរបស់ នាង ដាវីន មានចំណងជើងថា «ស្នេហា» នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ បទនេះជាការត្រឡប់មកវិញរបស់ នាង ដាវីន បន្ទាប់ពីបទ «បំភ្លេច» ដែលបានចេញវីដេអូចម្រៀងកាលពី៣១ ខែតុលា ឆ្នាំ២០២៥។ ទោះយ៉ាងណា ការបង្ហើបបទថ្មីរបស់តារាចម្រៀងរូបនេះគេសង្កេតឃើញថាបណ្តាហ្វេនក្លិបរបស់តារាចម្រៀង លីម តិចម៉េង បានបញ្ចេញមតិយ៉ាងច្រើនដោយទទូចឱ្យខាងផលិតកម្មចេញបទឱ្យម្ចាស់ពានដែលជាអាយដលរបស់ពួកគេផង។
អ្នកគាំទ្របានបញ្ចេញមតិថា «សូមសំណូមពរដល់ហង្សមាសសុំចេញបទឱ្យម្ចាស់ពាន លីមតិចម៉េងផងព្រោះហ្វេនៗគេចាំស្ដាប់បទថ្មីអាយដលព្រោះអត់ឃើញចេញឱ្យទៀតសោះស្ងាត់តាំងពីឆ្នាំមុនបើអាចសុំខែក្រោយនេះក៏បានដែរ, បទម្ចាស់ពាន លីម តិចម៉េង ពេលណាបានចេញ MV សង្ឃឹមថាក្រុមហ៊ុនមិនទុកម្ចាស់ពានចោលទេ, តើយកម្ចាស់ពានទៅទុកនៅកន្លែងណាហើយបានចេញបទអ្នកផ្សេងហូរហែតែម្ចាស់ពានឱ្យស្ងាត់ឆឹងឬមួយអត់មានសែ»។ 
គួរឱ្យដឹងថា បទចម្រៀងចុងក្រោយដែលម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានចេញផ្សាយគឺនៅខែកក្កដា ឆ្នាំ២០២៥ មានចំណងជើងថា «បងមិនអីទេ» ដែលមកទល់ពេលនេះមានរយៈពេល៦ខែ៕










