អ្នកបង្កើតមាតិកាធ្វើម្ហូប ម៉ូនីកា បានធ្វើឱ្យអ្នកគាំទ្របានបង្ហាញការសោកស្តាយចំពោះដំណឹងដែលនាងនិងស្វាមីបាត់បង់កូនក្នុងផ្ទៃ។ ធ្លាប់ប្រឈមនឹងការឈឺចាប់ចំពោះការបាត់បង់មួយនេះពិធីការិនី សុភ័ក្រ កុសុម៉ា បានបង្ហោះសារលើកទឹកចិត្ត ម៉ូនីកា។
ជឿជាក់ថាប្រិយមិត្តអ្នកតាមដានបណ្តាញសង្គមភាគច្រើនប្រាកដជាបានឃើញអ្នកបង្កើតមាតិកាធ្វើម្ហូប ម៉ូនីកា និងស្វាមីជាជនអាល្លឺម៉ង់ដែលអាចនិយាយភាសាខ្មែរបានល្អជាក់ជាមិនខានខណៈអ្នកទាំងពីរក៏ត្រៀមមករស់នៅស្រុកខ្មែរផងដែរ។ យ៉ាងណាមិញ នៅថ្ងៃទី១៥ ខែមករា អ្នកបង្កើតមាតិកាធ្វើម្ហូបរូបនេះបានបង្ហើបដំណឹងល្អចំពោះការមាន baby ហើយបានធ្វើឱ្យសមាជិកគ្រួសារមានភាពរីករាយយ៉ាងខ្លាំង។ 
ទោះយ៉ាងណា ជាមួយនឹងដំណឹងវីដេអូនេះក៏បង្ហាញពីដំណឹងអាក្រក់ចំពោះការបាត់បង់កូនក្នុងផ្ទៃដូចគ្នា។ ដំណឹងសោកសៅនេះបានធ្វើឱ្យអ្នកគាំទ្របង្ហាញការសោកស្តាយនិងបានលើកទឹកចិត្តយ៉ាងច្រើនមកកាន់ ម៉ូនីកា និងលោកម៉ៃ។ អ្នកទាំងពីរក៏បានបញ្ជាក់ដើម្បីកុំឱ្យអ្នកគាំទ្រព្រួយបារម្ភថានៅពេលអ្នកគាំទ្របានឃើញវីដេអូនេះមានន័យថាពួកគេរឹងមាំវិញហើយ។
ធ្លាប់ជួបប្រទះចំពោះការបាត់បង់កូនក្នុងផ្ទៃដែលទើបតែកើតឡើងមួយរយៈពេលតារាចម្រៀងនិងជាពិធីការិនី សុភ័ក្រ កុសុម៉ា បានលើកទឹកចិត្ត ម៉ូនីកា។ កុសុម៉ា បានចែករំលែកកាលពីយប់ថ្ងៃទី១៦ ខែមករា ថា «ស៊ូៗណាអូន បងយល់អារម្មណ៍នេះច្បាស់ណាស់ អ្វីសំខាន់ កុំបន្ទោសខ្លួនឯងបងឆ្លងកាត់ហើយ កុំភ្លេចថែសុខភាព ធ្វើអ្វីដែលអូនចង់ធ្វើចុះ នៅពេលត្រៀមខ្លួនរួចរាល់ហើយចាំ ចាប់ផ្តើមសាជាថ្មីណា អស់ហើយ កុំភ្លេចធ្វើតាមផង»៕










