ប្រទេសកូរ៉េខាងត្បូង ៖ កាលពីខែធ្នូ ឆ្នាំ២០២៥ ក្រសួងបរិស្ថាន និងថាមពលកូរ៉េខាងត្បូងប្រកាសអនុវត្តគោលនយោបាយគិតប្រាក់កែវផ្លាស្ទិកភេសជ្ជៈនានាដែលប្រើប្រាស់តែម្តងបោះចោល ដើម្បីផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់ និងកាត់បន្ថយកាកសំណល់ផ្លាស្ទិកនៅទូទាំងប្រទេស ខណៈកន្លងមក កូរ៉េខាងត្បូងធ្លាប់កំណត់គោលនយោបាយកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក ប៉ុន្តែមានតែហាងភេសជ្ជៈមួយចំនួនតូចប៉ុណ្ណោះអនុវត្តតាម ទើបធ្វើឱ្យកាកសំណល់ផ្លាស្ទិកកើនឡើងប៉ះពាល់បរិស្ថាន ។
នេះមិនមែនជាគោលនយោបាយលុបបំបាត់ការប្រើប្រាស់ផ្លាស្ទិកទាំងស្រុងទេ ប៉ុន្តែជាគោលនយោបាយបញ្ឈប់ការផ្តល់កែវផ្លាស្ទិកភេសជ្ជៈទៅឱ្យអតិថិជន ។ ប្រសិនបើអតិថិជនទិញភេសជ្ជៈ ហើយចង់ច្រកក្នុងកែវផ្លាស្ទិក គឺត្រូវបង់ប្រាក់បន្ថែមទៀតឱ្យហាង ដែលគោលនយោបាយនេះបានរួមបញ្ចូលក្នុងផែនការកាត់បន្ថយផ្លាស្ទិកនៅទូទាំងប្រទេសកូរ៉េខាងត្បូង ដែលប្រកាសអនុវត្តនៅឆ្នាំ២០២៦ ។.jpg)
ហាងកាហ្វេ និងភេសជ្ជៈផ្សេងៗនៅកូរ៉េខាងត្បូង តម្រូវឱ្យគិតប្រាក់បន្ថែមពីអតិថិជនថ្លៃកែវផ្លាស្ទិក ករណីអតិថិជនគ្មានកែវផ្ទាល់ខ្លួន ហើយត្រូវប្រើប្រាស់កែវផ្លាស្ទិករបស់ហាងសម្រាប់ដាក់កាហ្វេ រួចហើយបោះចោលពេលប្រើប្រាស់រួច ។.jpg)
តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានកូរ៉េខាងត្បូង លោក Kim Sung-hwan គោលនយោបាយនេះមានគោលដៅកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកយ៉ាងច្រើនក្នុងប្រទេស ដោយក្រសួងអនុញ្ញាតឱ្យហាងភេសជ្ជៈនានាអាចកំណត់ថ្លៃកែវផ្លាស្ទិកដោយខ្លួនឯង ចាប់ពី១០០វ៉ុន ទៅ២០០វ៉ុនសម្រាប់កែវផ្លាស្ទិក១ (ឬកែវផ្លាស្ទិក១ តម្លៃ៤០០រៀល) ។.jpg)
ប្រទេសកូរ៉េខាងត្បូងបានកំណត់គោលនយោបាយកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិករួចមកហើយនាពេលកន្លងមក ដោយតម្រូវឱ្យអតិថិជនទិញភេសជ្ជៈបង់ប្រាក់ចំនួន៣០០វ៉ុន (ស្មើ៦០០រៀល) ឱ្យហាងជាមុនសម្រាប់កែវផ្លាស្ទិក ។ ពេលផឹកភេសជ្ជៈរួចរាល់ ត្រូវប្រគល់កែវផ្លាស្ទិកឱ្យហាង ហើយហាងនឹងប្រគល់ប្រាក់ចំនួន៣០០វ៉ុនឱ្យអតិថិជនវិញ ប៉ុន្តែមានតែហាងក្នុងទីក្រុងមួយចំនួនប៉ុណ្ណោះដែលអនុវត្តគោលនយោបាយនេះ ដូចជា ៖ ហាងនៅទីក្រុងសេចង និងកោះសេជូ ។
គោលនយោបាយគិតប្រាក់កែវផ្លាស្ទិកភេសជ្ជៈមានគោលដៅផ្លាស់ប្តូរឥរិយាបថអ្នកប្រើប្រាស់ផ្លាស្ទិករយៈពេលវែង និងឆ្លុះបញ្ចាំងពីរដ្ឋាភិបាលកូរ៉េខាងត្បូងច្បាស់លាស់កម្រិតណាក្នុងការការពារបរិស្ថាន ដើម្បីដោះស្រាយបញ្ហាបរិយាកាសក្នុងទីក្រុងពោរពេញដោយខ្យល់ពុល ។ ទោះយ៉ាងណា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងស្តាប់យោបល់ពលរដ្ឋជាមុនសិនពីការអនុវត្តគោលនយាបាយនេះ មុនពេលអនុវត្តជាផ្លូវការ ។.jpg)
វាជាការលើកទឹកចិត្តឱ្យពលរដ្ឋដែលទិញភេសជ្ជៈនៅតាមហាងនានា ត្រូវមានកែវផ្ទាល់ខ្លួនសម្រាប់ដាក់ភេសជ្ជៈ ដើម្បីការពារផលប៉ះពាល់បរិស្ថាន ព្រមទាំងកាត់បន្ថយសំណល់ផ្លាស្ទិកដ៏ច្រើន ។ ហាងភេសជ្ជៈក្នុងប្រទេសមួយចំនួននៅតំបន់អាស៊ីក៏បានអនុវត្តគោលនយោបាយនេះដែរ ដោយហាងបញ្ចុះតម្លៃភេសជ្ជៈ បើអតិថិជនមានកែវផ្ទាល់ខ្លួន ដែលជាការកាត់បន្ថយការចំណាយទិញកែវផ្លាស្ទិក កាត់បន្ថយកាកសំណល់ និងព្យាយាមកាត់បន្ថយការបញ្ចេញមីក្រូផ្លាស្ទិកបំពុលបរិស្ថាន ៕










