ប្រទេសកូរ៉េខាងជើង ៖ ប្អូនស្រីរបស់លោក Kim Jong Un មេដឹកនាំកូរ៉េខាងជើង អ្នកស្រី Kim Yo Jong បាននិយាយកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ថា ក្តីសង្ឃឹមរបស់កូរ៉េខាងត្បូងចង់ភ្ជាប់ទំនាក់ទំនងល្អឡើងវិញជាមួយកូរ៉េខាងជើង គឺគ្រាន់តែជាការបំភ័ន្តភ្នែកប៉ុណ្ណោះ វាមិនអាចក្លាយជាការពិតឡើយ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន KCNA ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC6pAmiZVlkhSBXc1RZiNqt8LuTWSDN9uNVeBLQx5Ir9P0_7fwieQrB-IIRt4Y2IvY2tj8jnkZQlQXyd7ixbKgtwZzVLc6E4ItuZiTz-BjfM2QtKEH9s5_HlHc755ppXFTYoOHp5DYsBjyieE_U9kWR593tn-kDMrNtBCsmbwlrM4xyoHUjOaFdVbPEFtY/s1280/photo_2026-01-14_12-31-17.jpg
កាលពីថ្ងៃទី១៣ ខែមករា អ្នកស្រី Kim Yo Jong ប្អូនស្រីរបស់មេដឹកនាំដ៏មានឥទ្ធិពលកូរ៉េខាងជើង ដែលបច្ចុប្បន្ន កាន់តំណែងជាអនុប្រធានគណៈកម្មការកណ្តាលនៃគណបក្សការងារ បានរិះគន់ការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូង ថារដ្ឋាភិបាលក្រុងសេអ៊ូលសម្លឹងឃើញឱកាសចរចាជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាងម្តងទៀត បន្ទាប់ពីអ្នកស្រីប្រតិកម្មជាមួយកូរ៉េខាងត្បូងបង្ហោះដ្រូនល្មើសដែនអាកាសកូរ៉េខាងជើង ។ អ្នកស្រីថា ៖ «ក្តីសង្ឃឹមរបស់កូរ៉េខាងត្បូងចង់ភ្ជាប់ទំនាក់ទំនងល្អជាមួយកូរ៉េខាងជើងនោះ មិនអាចក្លាយជាការពិតឡើយ» ។

មន្ត្រីក្រសួងបង្រួបបង្រួមជាតិរបស់កូរ៉េខាងត្បូងដែលបំពេញការងារពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយកូរ៉េខាងជើង បាននិយាយមកកាន់អ្នកសារព័ត៌មានថា អ្នកស្រី Kim Yo Jong បានអំពាវនាវឱ្យរដ្ឋាភិបាលក្រុងសេអ៊ូលស៊ើបអង្កេតការបង្ហោះដ្រូនរំលោ.ភដែនអាកាសកូរ៉េខាងជើង ហើយកាលពីថ្ងៃទី១៣ ខែមករា អ្នកស្រីថា កូរ៉េខាងត្បូងធ្វើសកម្មភាពញុះញង់យ៉ាងខ្លាំង និងបំពានអធិបតេយ្យកូរ៉េខាងជើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSpI1vaUEnwCjpT8DyZIDUgBbGaNhLM-ESBX1GfuxBfvO8HagEUMBr5Hqv0Of8XSa2zIhyphenhyphentVUsJFJNilU6vbqfOH8ftzoyksm0DytQvLNUaawxiCmp6_Ih5hmSyHAWeMxIaigUrrJNzstuAaIhqe1eSIwBL3j01CrEr-Bhit0aN_2J-mkdrbY-p8zxYs_9/s1280/photo_2026-01-14_12-31-16%20(3).jpg
អ្នកស្រីបានបញ្ជាក់ជាថ្មីពីគោលជំហរមិនភ្ជាប់ទំនាក់ទំនងល្អជាមួយកូរ៉េខាងត្បូងដែលជាសត្រូវនោះឡើយ ព្រមទាំងអំពាវនាវឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូងសូមទោស និងសន្យាឈប់បង្ហោះដ្រូនរំលោ.ភដែនអាកាសកូរ៉េខាងជើងម្តងទៀត ។

គួរបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងរបស់លោកប្រធានាធិបតី Lee Jae Myung ព្យាយាមកែលម្អទំនាក់ទំនងជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាងឡើងវិញ ប៉ុន្តែរហូតមកដល់ឆ្នាំ២០២៦នេះ ការព្យាយាមរបស់កូរ៉េខាងត្បូងត្រូវបានកូរ៉េខាងជើងបដិសេធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZepuLXJz3Iv4joR8Tc8QroK9KawoRMeaq009vSoBVmv-0u6DtIASM_ZewriMmyGMzcCfIPtXwYenrUpxaeKJWZLNyEgI6N7LJ3FkPj_70dB9btc5OZXiQ-eBXSuwR7aL9qYOXp1xjX5XuUPVoOac5hvifcxafi2AhyphenhyphenkKvlySwN4I3WTjo_jvcYTaL5KsU/s862/photo_2026-01-14_12-31-16.jpg

កូរ៉េខាងជើងបានចាត់ទុកកូរ៉េខាងត្បូងជាសត្រូវសួពូជដោយសារបង្ហោះដ្រូនស៊ើបការណ៍ចូលដែនអាកាសរបស់ខ្លួនកាលពីថ្ងៃទី៤ ខែមករា ។ កូរ៉េខាងជើងចាត់ទុកសកម្មភាពនេះជាការបង្កភាពតានតឹង និងបង្កើតស្ថានការណ៍ ដោយទាមទារឱ្យមានការបកស្រាយលម្អិតពីកូរ៉ខាងត្បូង ។

បើតាមអ្នកនាំពាក្យយោធាកូរ៉េខាងជើង ដ្រូននេះទំនងហោះពីកោះមួយនៅទីក្រុងអ៊ីនឈុន ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីហោះបានចម្ងាយ៨គីឡូម៉ែត្រ ក៏ត្រូវយោធាកូរ៉េខាងជើងបាញ់ទម្លាក់ក្នុងដែនអាកាសកូរ៉េខាងជើង ។ ដ្រូននេះបំពាក់ដោយកាមេរ៉ាឃ្លាំមើលដើម្បីថតទីតាំងសំខាន់ៗរបស់កូរ៉េខាងជើង វាធ្វើឱ្យកូរ៉េខាងជើងខកចិត្តពីការញុះញង់របស់កូរ៉េខាងត្បូង ទោះជាផ្លាស់ប្តូរមេដឹកនាំក៏ដោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieZyxRGA-Ti-sxDZ5rhArXUctXqe3R0XmxJcsZ5MJ7KvODhEy7N9vhvN3Ovl27KEwe5giRRY8ReqVeHZey7X17J-jcfIh6SPNbNa6kSM9XD29LEMvPSm2CLju18WthnVcfD7NFhROAa7L4g7ntyZKasI_ZtPhLijdgX-yAtIMbcMv0VOSghgppUP_RyJMp/s1266/photo_2026-01-14_12-31-16%20(2).jpg

ទោះយ៉ាងណា យោធាកូរ៉េខាងត្បូងបដិសេធមិនបានបង្ហោះដ្រូនទៅក្បែរព្រំដែនកូរ៉េខាងជើងដូចការចោទប្រកាន់ទេ ហើយកូរ៉េខាងត្បូងនឹងស៊ើបអង្កេតយ៉ាងលម្អិតលើបញ្ហាដ្រូនដែលបង្កឱ្យមានការភ័ន្តច្រឡំ ។ កូរ៉េខាងត្បូងគ្មានបំណងញុះញង់កូរ៉េខាងជើងទេ ដោយបន្តចាត់វិធានការជាក់ស្តែងដើម្បីកាត់បន្ថយស្ថានការណ៍តានតឹង និងកសាងទំនុកចិត្តរវាងប្រទេសទាំងពីរជាថ្មី ៕