នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេសអាមេរិកបានចេញសេចក្តីប្រកាសឱ្យពលរដ្ឋខ្លួនដែលស្នាក់នៅប្រទេសអ៊ីរ៉ង់ ប្រញាប់ធ្វើដំណើរចាកចេញជាបន្ទាន់ ដោយពុំចាំបាច់រង់ចាំជំនួយពីរដ្ឋាភិបាលអាមេរិក ដោយសារភាពចលាចល និងស្ថានការណ៍អសន្តិសុខកាន់តែខ្លាំង ដែលបណ្តាលមកពីការធ្វើបាតុក.ម្មប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់ ។ បាតុក.ម្មបានរីករាលដាលនៅទូទាំងប្រទេសតាំងពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដែលធ្វើឱ្យបាតុករស្លា.ប់ដោយសារការបង្ក្រាបកើនឡើងដល់៦៤៨នាក់ និងបាតុករជាង១ម៉ឺននាក់ត្រូវចា.ប់ខ្លួន ។.jpg)
ស្ថានទូតអាមេរិកនៅទីក្រុងតេហេរ៉ង់ បានដាស់តឿនឱ្យពលរដ្ឋអាមេរិកទាំងអស់ប៉ាន់ស្មានហានិភ័យ និងចាកចេញពីអ៊ីរ៉ង់ដោយខ្លួនឯង ពុំចាំបាច់រង់ចាំឱ្យរដ្ឋាភិបាលអាមេរិកជួយជម្លៀស ដោយឱ្យធ្វើដំណើរទៅប្រទេសតួកគី ឬអាមេនី ដោយសារក្រុមហ៊ុនអាកាសចរណ៍នានានៅអ៊ីរ៉ង់ចាប់ផ្តើមផ្អាកជើងហោះហើរ រហូតដល់ថ្ងៃទី១៦ ខែមករា ។ ស្ថានទូតអាមេរិកបញ្ជាក់ថា ពលរដ្ឋអាមេរិកស្នាក់នៅអ៊ីរ៉ង់ គឺប្រឈមនឹងការហៅមកសួរចម្លើយ ចាប់ខ្លួន ឬឃុំឃាំងដោយគ្មានមូលហេតុច្បាស់លាស់ ។
ចំណែកពលរដ្ឋអាមេរិកដែលមិនអាចចាកចេញពីអ៊ីរ៉ង់ដោយខ្លួនឯងបាន ស្ថានទូតអាមេរិកណែនាំឱ្យស្វែងរកកន្លែងស្នាក់នៅមានសុវត្ថិភាព និងត្រៀមចំណីអាហារ ទឹក និងថ្នាំពេទ្យឱ្យបានគ្រប់គ្រាន់សម្រាប់គ្រាអាសន្ន ។
គួរបញ្ជាក់ថា អាមេរិកប្រកាសឱ្យពលរដ្ឋខ្លួនចាកចេញពីអ៊ីរ៉ង់ជាបន្ទាន់ បន្ទាប់ពីអ៊ីរ៉ង់ប្រកាសសង្គ្រាមជាមួយអាមេរិក បើហ៊ានលូកដៃរឿងបាតុកម្ម អ៊ីរ៉ង់បានត្រៀមកម្លាំងទ័ពរួចស្រេចហើយ ។ លោក Abbas Araghchi
រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ថា នឹងធ្វើសង្គ្រាម បើអាមេរិកចង់សាកល្បង ប៉ុន្តែអ៊ីរ៉ង់សង្ឃឹមអាមេរិកជ្រើសរើសការចរចាជាវិធីឆ្លាត រីឯក្រុមបាតុករអ៊ីរ៉ង់ដែលស្លាប់ដោយសារការបង្ក្រាបបានកើនឡើងដល់ ៦៤៨នាក់ ។
អ៊ីរ៉ង់ប្រកាសសង្គ្រាមជាមួយអាមេរិក បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump ព្រមានលូកដៃរឿងបាតុកម្មដោយប្រើប្រាស់កម្លាំងទ័ព ពីព្រោះចំនួនបាតុករអ៊ីរ៉ង់ស្លាប់ដោយសារការបង្ក្រាបកើនឡើងរាប់រយនាក់ ។ តាមការសន្និដ្ឋាន បាតុករស្លាប់ច្រើនជាងនេះ ប៉ុន្តែរដ្ឋាភិបាលអ៊ីរ៉ង់លាក់បាំងចំនួនពិតប្រាកដ ថែមទាំងស្តីបន្ទោសការបង្ហូរឈាមកើតឡើងដោយសារអាមេរិកជ្រៀតជ្រែក ហើយចោទប្រកាន់អាមេរិក និងអ៊ីស្រាអែល គាំទ្រក្រុមបាតុករ ។
មុននេះ លោកប្រធានាធិបតី Trump បានប្រកាសពីអាមេរិកកំពុងពិចារណាលូកដៃរឿងបាតុកម្មនៅអ៊ីរ៉ង់ បើមេដឹកនាំអ៊ីរ៉ង់នៅតែបញ្ជាឱ្យសម្លាប់បាតុកររាប់រយនាក់ ។ អាមេរិកអាចជួបជជែកជាមួយមន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់ និងទាក់ទងទៅក្រុមបាតុករ ស្របពេលអាមេរិកកំពុងពិចារណារកវិធីជួយអន្តរាគមន៍ រួមទាំងប្រើប្រាស់កម្លាំងទ័ព ខណៈការធ្វើបាតុកម្មនេះមានទ្រង់ទ្រាយធំបំផុតនៅអ៊ីរ៉ង់ តាំងពីបដិវត្តន៍អ៊ីស្លាមកាលពីឆ្នាំ១៩៧៩ ៕










