តាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ អាមេរិកមិនគួរយកចិន និងរុស្ស៊ី មកធ្វើជាមូលហេតុដើម្បីគ្រប់គ្រងកោះហ្គ្រីនឡែនទេ ព្រោះអាមេរិកមានគោលបំណងស្វែងរកផលប្រយោជន៍ពីកោះនេះ សកម្មភាពផ្សេងៗរបស់ចិននៅតំបន់អាកទិកជាការគោរពតាមច្បាប់អន្តរជាតិ ។ ការលើកឡើងរបស់ចិនក្រោយពីប្រធានាធិបតីអាមេរិកប្រកាសគ្រប់គ្រងកោះហ្គ្រីនឡែន ដើម្បីការពារមិនឱ្យចិន និងរុស្ស៊ី គ្រប់គ្រងនាថ្ងៃអនាគត ។
អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Mao Ning បានឆ្លើយសំណួររបស់អ្នកសារព័ត៌មានពេលធ្វើសន្និសីទសារព័ត៌មានប្រចាំថ្ងៃ បន្ទាប់ពីលោកប្រធានាធិបតី Trump ចង់ធ្វើកិច្ចព្រមព្រៀងទិញកោះហ្គ្រីនឡែន គឺជាដែនដីស្ថិតក្រោមការគ្រប់គ្រងរបស់ដាណឺម៉ាក ដែលជាសម្ព័ន្ធមិត្តរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដើម្បីការពារកុំឱ្យចិន និងរុស្ស៊ី គ្រប់គ្រងកោះនាថ្ងៃអនាគត ។
ទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនជាមួយដាណឺម៉ាក និងកោះហ្គ្រីនឡែន កាន់តែតានតឹងខ្លាំងនៅខែមករានេះ ដោយសារលោកប្រធានាធិបតី Trump និងរដ្ឋាភិបាលអាមេរិកចង់គ្រប់គ្រងកោះហ្គ្រីនឡែន ហើយសេតវិមានកំពុងពិចារណារកវិធីផ្សេងៗ រួមទាំងប្រើប្រាស់កម្លាំងទ័ពគ្រប់គ្រងកោះនៅតំបន់អាកទិកដែលសម្បូរធនធានធម្មជាតិ ។
លោកស្រី Mette Frederiksen នាយករដ្ឋមន្ត្រីដាណឺម៉ាកថា អាមេរិកដណ្តើមយកកោះហ្គ្រីនឡែន មានន័យថា ជាការបញ្ចប់តួនាទីអង្គការ NATO ខណៈលោក Jens-Frederik Nielsen នាយករដ្ឋមន្ត្រីហ្គ្រីនឡែន និងប្រធានគណបក្សនយោបាយចំនួន៤ បានចេញសេចក្តីថ្លែងការណ៍រួមបញ្ជាក់ថា អនាគតកោះហ្គ្រីនឡែនស្ថិតលើការសម្រេចចិត្តរបស់ពលរដ្ឋហ្គ្រីនឡែន ។
ថ្មីៗនេះ លោកប្រធានាធិបតី Trump ថា អាមេរិកចាំបាច់ត្រូវគ្រប់គ្រងកោះហ្គ្រីនឡែន បើមិនដូច្នោះទេ កោះមួយនេះអាចត្រូវគ្រប់គ្រងដោយចិន និងរុស្ស៊ី ។ ពេលផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាននៅលើយន្តហោះកាលពីថ្ងៃទី១១ ខែមករា លោកចង់ធ្វើកិច្ចព្រមព្រៀងទិញយកកោះនេះច្រើនជាងប្រើប្រាស់វិធីផ្សេងៗ ។
ឆ្លើយនឹងសំណួររបស់សារព័ត៌មានកាលពីថ្ងៃទី១២ ខែមករា ដែលសួរពាក់ព័ន្ធនឹងអាមេរិកចង់គ្រប់គ្រងកោះហ្គ្រីនឡែនដើម្បីការពារមិនឱ្យចិន និងរុស្ស៊ី គ្រប់គ្រងនាថ្ងៃអនាគត អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Mao Ning ថា សកម្មភាពផ្សេងៗរបស់ចិននៅតំបន់អាកទិក មានគោលដៅជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយូរអង្វែងក្នុងតំបន់ ព្រមទាំងស្របច្បាប់អន្តរជាតិ ប៉ុន្តែអ្នកស្រីមិនបាននិយាយលម្អិតពីសកម្មភាពចិននៅតំបន់អាកទិកទេ ។
.png)
អ្នកស្រីបន្តថា ប្រទេសទាំងអស់មានសិទ្ធិ និងសេរីភាពធ្វើសកម្មភាពនៅតំបន់អាកទិកដោយស្របច្បាប់ ។ អាមេរិកមិនគួរស្វែងរកផលប្រយោជន៍ខ្លួនឯងលើកោះហ្គ្រីនឡែន ដោយយកប្រទេសផ្សេងៗមកធ្វើជាលេស បញ្ហាទាក់ទងនឹងតំបន់អាកទិក គឺជាផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ ។
កន្លងមក លោកប្រធានាធិបតី Trump ថា បើអាមេរិកមិនគ្រប់គ្រងកោះទេ ចិន និងរុស្ស៊ី នឹងគ្រប់គ្រងមិនខាន យើងមិនយល់ព្រមឱ្យប្រទេសទាំងពីរមកធ្វើជាប្រទេសជិតខាងរបស់អាមេរិកទេ ។ លោកបានពិភាក្សាជាមួយមន្ត្រីសេតវិមានរកគ្រប់វិធីគ្រប់គ្រងកោះជាដែនដីគ្រប់គ្រងដោយខ្លួនឯងផង និងគ្រប់គ្រងដោយដាណឺម៉ាកផង ដែលមានពលរដ្ឋរស់នៅប្រមាណ ៥ម៉ឺន ៧ពាន់នាក់ ។ អាមេរិកអាចប្រើប្រាស់កម្លាំងទ័ពបញ្ចូលកោះក្នុងទឹកដីអាមេរិក និងផ្តល់ប្រាក់យ៉ាងច្រើនឱ្យពលរដ្ឋហ្គ្រីនឡែន ចាប់ពី១ម៉ឺនដុល្លារ ទៅ១០ម៉ឺនដុល្លារក្នុងម្នាក់ ដើម្បីបញ្ចុះបញ្ចូលពួកគេផ្តាច់ខ្លួនពីដាណឺម៉ាក ៕










