ប្រទេសថៃ៖ ក្រុមហ៊ុនប្រេង PTT ដ៏ធំរបស់ថៃ បានបង្ហាញពីការខាតបង់របស់ខ្លួនថាមានការធ្លាក់ចុះពី ៥០% ទៅ ៦០% ចាប់តាំងពីមានជម្លោះព្រំដែនរវាងកម្ពុជានិងថៃ និងប្រកាសថាខ្លួននឹងវេចបង្វេចចាកចេញពីប្រទេសកម្ពុជាក្នុងពេលឆាប់ៗ ប្រសិនបើស្ថានភាពនៅតែមិនប្រសើរឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

បន្ទាប់ពីបានធ្វើការវា.យតម្លៃលើការលក់សរុបរបស់ក្រុមក្រុមហ៊ុន PTT នៅក្នុងរយៈពេលចុងក្រោយនេះ លោក Peekthong Thongyai នាយកប្រតិបត្តិរបស់ក្រុមហ៊ុន បានលើកបង្ហាញថា ការលក់ប្រេង សាំងរបស់ PTT នៅក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះពី ៥០-៦០% ចាប់តាំងពីជម្លោះព្រំដែនបានផ្ទុះកាលពីចុងខែកក្កដាឆ្នាំ ២០២៥ មក ដោយក្នុងនោះមានចំនួនសាខានៃស្ថានីយ៍ប្រេងឥន្ធនៈ បានថយចុះមកត្រឹមតែ១៥០ ប៉ុណ្ណោះ។ ដូច្នេះលោកចាត់ទុកកម្ពុជា គឺជាតំបន់ដែលមានហានិភ័យខ្ពស់បំផុតសម្រាប់ទីផ្សាររបស់ខ្លយន។
បន្ថែមលើនោះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនរូបនេះក៏បានបង្ហើបឲ្យដឹងផងដែរថា ពួកគេអាចនឹងត្រូវដកខ្លួនពីការធ្វើពាណិជ្ជកម្មនៅកម្ពុជាទាំងស្រុងនៅពេលខាងមុខ ប្រសិនបើស្ថានភាពកាន់តែអាក្រក់ទៅៗ។

យ៉ាងណាមិញ លោក Peekthong បាននិយាយយកល្អជុំវិញការប្រកាសត្រៀមដកខ្លួនចេញនេះថា ជាការផ្លាស់ប្ដូរយុទ្ធសាស្រ្តទីផ្សារ ដោយ «កាត់បន្ថយ» ការធ្វើអាជីវកម្មលើតំបន់គ្មានប្រសិទ្ធភាព ជាជាងការទទួលស្គាល់ថាការចាកចេញរបស់ខ្លួនគឺដោយសារខាតបង់ខ្លាំងឡើយ។
គួរជម្រាបថា ហេតុផលស្រដៀងគ្នានេះក៏ធ្លាប់ត្រូវបានលើកឡើងផងដែរកាលពីពេលថ្មីៗនេះ នៅពេលដែលក្រុមហ៊ុន ORC Coffee Passion Group (ORCG) ដែលគ្រប់គ្រងលើហាង Café Amazon និងស្ថិតនៅក្នុងសម្ព័ន្ធតែមួយជាមួយក្រុម PTT នេះ បានប្រកាសបិទហាងកាហ្វេរបស់ពួកគេទាំងអស់នៅក្នុងប្រទេសវៀតណាម ដោយសារតែប្រកួតប្រជែងមិនឈ្នះទីផ្សារក្នុងស្រុក។ 
យ៉ាងណាមិញ សម្រាប់របាយការណ៍លក់ប្រេង សាំងរបស់ក្រុមហ៊ុន PTT ថាមានការដាំក្បាលចុះដូចខាងលើនេះ ត្រូវបានគេមើលឃើញថាមិនមែនមានតែក្នុងប្រទេសកម្ពុជាតែមួយនោះទេ ក្នុងនោះប្រទេសវៀតណាម ឡាវ និងមីយ៉ាន់ម៉ា ក៏កំពុងផ្ដល់ហានិភ័យខ្ពស់ដល់ក្រុមហ៊ុននេះផងដែរ៕










