ប្រទេសថៃ ៖ ជាច្រើនខែមកនេះ បណ្តាខេត្តនានានៅប្រទេសថៃបានលិចទឹកជំនន់យ៉ាងធ្ងន់ធ្ងរឈានទៅកម្រិតប្រកាសអាសន្ន ដូចជា ៖ ខេត្តអយុធ្យាលិចទឹករាប់ខែរហូតដល់ពលរដ្ឋទ្រាំលែងបានចង់ផ្លាស់ប្តូរទីលំនៅ ខណៈខេត្តសុងក្លា និងខេត្តប៉ាតានី លិចទឹកខ្លាំងពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រដោយសារភ្លៀងធ្លាក់ជាច្រើនថ្ងៃបណ្តាលឱ្យផ្ទះ សាលារៀន មន្ទីរពេទ្យ អាកាសយានដ្ឋាន ផ្លូវ និងស្ពាន លិចទឹកយ៉ាងធ្ងន់ធ្ងរ ។ ឧតុនិយមប្រកាសថា កម្ពស់ទឹកនៅខេត្តសុងក្លានឹងកើនឡើងខ្ពស់ទ្វេដង ហេតុនេះ ពលរដ្ឋត្រូវប្រញាប់ជម្លៀសចេញពីផ្ទះឱ្យបានមុនល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ខណៈខេត្តសាទូន ក៏ប្រកាសអាសន្នដែរក្រោយទឹកលិចខ្លាំងដល់ដំបូលផ្ទះ ។

សារព័ត៌មាន Khaosod រាយការណ៍ថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ទឹកជំនន់បានលិចខេត្តសាទូនយ៉ាងធ្ងន់ធ្ងរមិនខុសគ្នាពីខេត្តសុងក្លាទេ និងលិចជ្រៅខ្លាំងជាងឆ្នាំ២០១១ ទៅទៀត ដែលធ្វើឱ្យតំបន់សេដ្ឋកិច្ចនានារបស់ខេត្តរងផលប៉ះពាល់ទាំងអស់ ។ ពលរដ្ឋនៅខេត្តសាទូនគ្មានទឹកស្អាតផឹក និងប្រើប្រាស់ ថែមទាំងគ្មានអាហារហូបចុក ខណៈផ្ទះរបស់ពួកគេត្រូវបានទឹកជំនន់លិចរហូតដល់ដំបូល ។

ស្ថានការណ៍ទឹកជំនន់ខេត្តសាទូន នៅថ្ងៃទី២៤ ខែវិច្ឆិកា បានឈានដល់កម្រិតប្រកាសអាសន្នក្រោយពីទឹកលិចអស់រយៈពេលជិត១សប្តាហ៍ ។ ទឹកបានហូរបុកខ្លាំងចូលស្រុកទាំង៧របស់ខេត្តជាបន្តបន្ទាប់ ហើយនៅថ្ងៃទី២៤ គឺកម្ពស់ទឹកកើនឡើងខ្ពស់ជាងថ្ងៃណាៗទាំងអស់ ។ តំបន់សេដ្ឋកិច្ចសំខាន់ៗរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទាំងទីរួមស្រុកសាទូន រួមទាំងតំបន់ពាណិជ្ជកម្មសំខាន់ៗនៅស្រុកឡាងូ ហាងទំនិញជាច្រើនត្រូវបិទទ្វារ ដោយសារកម្ពស់ទឹកកើនឡើងយ៉ាងឆាប់រហ័ស និងលិចទូទាំងខេត្ត ។.jpg)
ដូចគ្នានេះ ទឹកជំនន់ហូរកាត់ផ្តាច់ផ្លូវសំខាន់ៗជាច្រើនកន្លែង រីឯរថយន្តតូចមិនអាចបើកបរនៅតាមផ្លូវបានទេ គឺមានតែរថយន្តដឹកទំនិញធំៗប៉ុណ្ណោះទើបបើកបរបាន ។ ក្រៅពីនេះ ផ្លូវនៅទីប្រជុំជនជាច្រើនត្រូវបានទឹកហូរកាត់ផ្តាច់១០០% ធ្វើឱ្យពលរដ្ឋថៃស្រែករកការជួយសង្គ្រោះជាបន្ទាន់ ។ ពលរដ្ឋថៃជួបការលំបាកខ្លាំងនាពេលនេះ គឺគ្មានទឹកផឹក ខ្វះខាតសម្ភារៈប្រើប្រាស់គ្រប់មុខ ថែមទាំងឡើងថ្លៃ ហើយការលក់ដូរទំនិញនៅតំបន់មួយចំនួនពុំអាចទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ដោយសារគ្មានសេវាអ៊ីនធើរណេត ។.jpg)
មន្ត្រីគម្រោងប្រព័ន្ធធារាសាស្ត្រខេត្តសាទូន ឱ្យដឹងថា កម្ពស់ទឹកនៅតំបន់ខ្លះនៅតែបន្តកើនឡើង ហើយទឹកជំនន់នៅឆ្នាំ២០២៥ គឺធ្ងន់ធ្ងរជាងឆ្នាំ២០១១ ដែលពេលនោះ ចាត់ទុកថាទឹកលិចខ្លាំងបំផុតនៅខេត្តសាទូន ។ នេះជាការបំបែកកំណត់ត្រាថ្មីដោយសារឆ្នាំនេះទឹកលិចខ្លាំង និងត្រូវតាមដានស្ថានការណ៍យ៉ាងដិតដល់២៤ម៉ោង ។.jpg)
គួរបញ្ជាក់ថា ក្រោយពីលិចទឹកខ្លាំងធ្វើឱ្យសាលារៀននៅខេត្តសាទូន ជាង១៥កន្លែង ត្រូវទ្វារផ្អាកបង្រៀនកូនសិស្ស ខណៈភ្លៀងនៅតែបន្តធ្លាក់មិនឈប់ឈរ ។ អាជ្ញាធរខេត្តបានបញ្ជូនភ្នាក់ងារ និងទូកទៅជួយសង្គ្រោះពលរដ្ឋរងគ្រោះ និងចែកអាហារដល់អ្នកខ្វះខាត ពីព្រោះស្ថានការណ៍ទឹកជំនន់កាន់តែធ្ងន់ធ្ងរគួរឱ្យបារម្ភ ។ អាជ្ញាធរខេត្តក៏បានស្វែងរកទីទួលទុកចម្អិនអាហារសម្រាប់ពលរដ្ឋផងដែរ ដោយសារទឹកលិចផ្ទះបាយពួកគេ ។.jpg)
ស្ថានការណ៍ទឹកជំនន់នៅតាមបណ្តាខេត្តធ្វើឱ្យរដ្ឋាភិបាលថៃត្រូវចាត់វិធានការជួយសង្គ្រោះពលរដ្ឋភ្លាមៗដើម្បីកាត់បន្ថយផលប៉ះពាល់ ដោយរដ្ឋាភិបាលថៃបានយកថវិកាជាតិមកជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ ។ ឆ្នាំ២០២៥ គឺជាឆ្នាំដែលប្រទេសថៃលិចលង់ខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ ហើយក៏មានពលរដ្ឋថៃជាច្រើននាក់បាត់បង់ជីវិតដោយសារទឹកជំនន់ ដែលនេះជាគ្រោះធម្មជាតិកើតឡើងផ្ទួនៗគ្នានៅថៃ ក្រៅពីរញ្ជួយដី បាក់ដី ភ្លើងឆេះ និងខ្យល់ព្យុះ ៕










