ប្រទេសថៃ ៖ កូនសិស្សថៃបានរត់ប្រសាចចេញពីសាលារៀនដោយសារការប៉ះទង្គិចគ្នាដោយអាវុ.ធរវាងកងទ័ពមីយ៉ាន់ម៉ា និងកងកម្លាំងប្រឆាំងរដ្ឋាភិបាលនៅព្រំដែនថៃ-មីយ៉ាន់ម៉ា ដែលធ្វើឱ្យគ្រាប់កាំភ្លើ.ង១គ្រាប់ធ្លាក់លើសាលារៀនថៃ ។ ភ្លាមនោះ នាយកសាលានៅស្រុកមេសត ខេត្តតាក បានប្រកាសបិទទ្វារសាលា និងជម្លៀសសិស្សចេញជាបន្ទាន់ដើម្បីសុវត្ថិភាព ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Amarin News កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
នាវេលាម៉ោង១រសៀលថ្ងៃទី២១ ខែវិច្ឆិកា ស្ថានការណ៍នៅព្រំដែនថៃ-មីយ៉ាន់ម៉ាតានតឹងខ្លាំងក្រោយពីកងទ័ពមីយ៉ាន់ម៉ាមានអាវុធគ្រប់ដៃបានបាញ់កងកម្លាំងប្រឆាំងរដ្ឋាភិបាលនៅភូមិមិនឡាប៉ាន ស្រុកមៀវឌី ខេត្តមៀវឌី ប្រទេសមីយ៉ាន់ម៉ា ទល់មុខភូមិមេគយគែន ឃុំមហាវ៉ាន់ ស្រុកមេសត ខេត្តតាក ប្រទេសថៃ ។ ភាគីទាំងសងខាងបង្កើនកម្លាំងរៀងខ្លួន និងប្រើប្រាស់កាំភ្លើងបាញ់គ្នាទៅវិញទៅមកមិនឈប់ឈរ បន្ទាប់មក កងទ័ពមីយ៉ាន់ម៉ាក៏ប្រើប្រាស់អាវុធធុនធ្ងន់ ខណៈកងកម្លាំងប្រឆាំងរដ្ឋាភិបាល តបតវិញដោយប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកវាយប្រហារពីលើអាកាស ប៉ុន្តែពុំមានសេចក្តីរាយការណ៍ពីការខូចខាតរបស់ភាគីទាំងពីរទេ ។
ក្នុងអំឡុងពេលប៉ះទង្គិចគ្នារវាងកងទ័ពមីយ៉ាន់ម៉ា និងកងកម្លាំងប្រឆាំងរដ្ឋាភិបាលដែលស្ថិតនៅមិនឆ្ងាយពីព្រំដែនថៃ ស្រាប់តែមានគ្រាប់កាំភ្លើង១គ្រាប់ធ្លាក់មកលើសាលារៀននៅភូមិមេគយគែន ពេលកូនសិស្សថៃកំពុងតែហ្វឹកហាត់កីឡា ។ ហេតុការណ៍នេះធ្វើឱ្យកូនសិស្សថៃនៅទីលានហ្វឹកហាត់កីឡាភ័យតក់ស្លុតយ៉ាងខ្លាំង បន្ទាប់មក នាយកសាលាក៏ផ្អាកការហ្វឹកហាត់កីឡា ព្រមទាំងប្រកាសឱ្យអាណាព្យាបាលមកទទួលកូនសិស្សចំនួន៣៤៥នាក់ ចេញពីសាលាជាបន្ទាន់ ។
សំឡេងគ្រាប់កាំភ្លើង និងផ្ទុះគ្រាប់បែកនៅតែឮសូរខ្លាំងជាបន្តបន្ទាប់ ពេលនេះ នាយកសាលារៀនកំពុងវាយតម្លៃស្ថានការណ៍ជារៀងរាល់ថ្ងៃដើម្បីសុវត្ថិភាពគ្រូបង្រៀន និងកូនសិស្ស ដោយប្រកាសបិទទ្វារសាលាបន្តទៀត ប្រសិនបើស្ថានការណ៍ប៉ះទង្គិចនៅមីយ៉ាន់ម៉ាមិនបញ្ឈប់ ។ តាមសេចក្តីរាយការណ៍ គឺកងទ័ពមីយ៉ាន់ម៉ា និងកងកម្លាំងប្រឆាំងរដ្ឋាភិបាលនៅតែបន្តបាញ់គ្នា និងប្រើប្រាស់អាវុធធុនធ្ងន់ ខណៈពួកគេបានប៉ះទង្គិចគ្នានៅតំបន់នេះរយៈពេលជាង១ខែហើយ ហេតុការណ៍ប៉ះគ្នាលើកចុងក្រោយធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាជាង១០០នាក់ រត់ភៀសខ្លួនមកប្រទេសថៃ ។
កងទ័ព និងសមត្ថកិច្ចថៃបំពាក់ដោយអាវុធត្រូវបានបញ្ជូនមកកាន់ព្រំដែនស្រុកមេសត ខេត្តតាក ដើម្បីការពារអធិបតេយ្យ ព្រមទាំងតាមដានការជម្លៀសរបស់ពលដ្ឋមីយ៉ាន់ម៉ា ។ កងកម្លាំងថៃបានហាមឃាត់ពលរដ្ឋចូលក្បែរតំបន់ប៉ះទង្គិចជាដាច់ខាត ពីព្រោះអាចនឹងមានគ្រោះថ្នាក់ដោយសារគ្រាប់កាំភ្លើងធ្លាក់ចូលដីថៃ ។.jpg)
គួរបញ្ជាក់ថា ភាគីថៃពុំទាន់ប្រតិកម្មជាមួយមីយ៉ាន់ម៉ាទេ អំពីគ្រាប់កាំភ្លើងមីយ៉ាន់ម៉ាធ្លាក់ចូលដីថៃបណ្តាលឱ្យថៃបិទទ្វារសាលារៀន ។ កន្លងមក លំនៅឋានពលរដ្ឋថៃបានរងខូចខាតចំនួន៥ខ្នង ដោយសារការបង្ក្រាបក្រុមឆបោកអនឡាញដោយការបំផ្ទុះគ្រាប់របស់កងទ័ពមីយ៉ាន់ម៉ានៅព្រំដែនធ្វើឱ្យជ្រុលទៅប៉ះលំនៅឋានពលរដ្ឋថៃ ខណៈរដ្ឋាភិបាលថៃមិនហ៊ានឆ្លើយតបដោយហិង្សា ឬថ្កោលទោស គឺបានត្រឹមតែជូនដំណឹងពីការខូចខាត និងស្នើឱ្យកងទ័ពមីយ៉ាន់ម៉ាបន្ធូរដៃក្នុងការបង្ក្រាបប៉ុណ្ណោះ ។ នេះបង្ហាញថា ថៃហាក់ក្រែងរអានឹងមីយ៉ាន់ម៉ា មិនហ៊ានស្រែក ឬប្តឹងទៅអន្តរជាតិឡើយ ៕










