ដូចដែលបានរំពឹងទុក ពេលនេះក្រុមជ្រុលនិយមថៃរាប់រយនាក់ បានប្រមូលផ្ដុំគ្នានៅមុខស្ថានទូតម៉ាឡេសុី និងសហរដ្ឋអាមេរិក ប្រចាំនៅទីក្រុងបាងកក ដើម្បីធ្វើការទាមទារឲ្យលោកអាន់វ៉ា អុីប្រាហុីម និងលោក ដូណាល់ ត្រាំ ឈប់លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ថៃលើបញ្ហាព្រំដែនតទៅទៀត ព្រោះមេដឹកនាំប្រទេសទាំងពីរនេះលម្អៀងមកខាងកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៥។
.jpg)
ក្រុមសកម្មជនជ្រុលនិយមថៃដែលមានឈ្មោះថា «រណសិរ្សរួបរួមដើម្បីអធិបតេយ្យភាព» បានប្រមូលផ្តុំគ្នាកាន់បដាធំៗដែលមានរូបមុខប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដើរដង្ហែតាមដងផ្លូវនៃទីក្រុងបាងកក ដើម្បីទាមទារឲ្យប្រទេសម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ឈប់ចេះដឹងកិច្ចការដោះស្រាយរវាងប្រទេសថៃ និងកម្ពុជា។
លោក Pichit Chaimongkol រួមជាមួយលោក Jatuporn Prompa ដែលជាអ្នកដឹកនាំក្រុមនិងចលនានេះដោយផ្ទាល់ បានថ្លែងទៅកាន់អ្នកយកព័ត៌មានថា ប្រជាជនថៃទទូចឲ្យសហរដ្ឋអាមេរិក និងម៉ាឡេសុី ឈប់ជ្រៀតជ្រែកអធិបតេយ្យភាពរបស់ប្រទេសថៃ ដោយចោ.ទប្រកាន់បន្ថែមទៀតថា ប្រទេសដែលចូលខ្លួនមកធ្វើជាអ្នកសម្របសម្រួលទាំងពីរនេះ មានភាពលម្អៀងមកកាន់កម្ពុជា។

នៅលើផ្ទាំងបដាមួយ ពួកគេបានសរសេរសាររិះគន់ចំពោះសកម្មភាពរបស់ប្រទេសធំៗទាំងពីរថា “គឺជាការគំរាមកំហែងដល់សន្តិសុខជាតិថៃ” និងនាំគ្នាដើរគ្រវីទង់ជាតិថៃបណ្ដើរ ស្រែកតាមផ្លូវបណ្ដើរថា “ឈប់ជ្រៀតជ្រែក។ ប្រទេសថៃ និងប្រធានអាស៊ានត្រូវតែរក្សាអព្យាក្រឹតភាព”។
ជុំវិញសកម្មភាពរបស់ក្រុមជ្រុលនិយមថៃខាងលើ គេមិនឃើញថារដ្ឋាភិបាលថៃ បានចេញសេចក្ដីប្រកាសហាមឃា.ត់ ឬអំពាវនាវកុំឲ្យមានការតវ៉ាទាំងទទឹងទិសបែបនេះនោះទេ ដោយគ្រាន់តែពង្រាយកម្លាំងការពារ ដើម្បីសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវតែប៉ុណ្ណោះ៕










