ហ្វីយ៉ាតា បានបរាជ័យក្នុងការប្រកួត Miss Universe លើកទី៧៤ នៅឯប្រទេសថៃប៉ុន្តែបានឈ្នះចិត្តទស្សនិកជនជាមួយនឹងការខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គរបស់នាងក្នុងការតំណាងប្រទេសកម្ពុជា។ ស្របពេលទទួលបានក្តីស្រលាញ់ពីអ្នកគាំទ្រច្រើនលើសលប់ ហ្វីយ៉ាតា បានទម្លាយអារម្មណ៍របស់ខ្លួនយ៉ាងជ្រាលជ្រៅក្នុងការប្រកួតលើកនេះ។
ថ្លែងនៅលើបណ្តាញសង្គមហ្វេកប៊ុក ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានរៀបរាប់យ៉ាងថាឆ្នាំនេះគឺជាឆ្នាំមួយដែលបំពេញទៅដោយអារម្មណ៍ជ្រាលជ្រៅបំផុតក្នុងជីវិតនាង។ ផ្លូវដំណើរនេះមិនដែលងាយស្រួលទេ វាពោរពេញទៅដោយបញ្ហាស្មុគស្មាញ សម្ពាធ និងភាពតានតឹង ដែលនាងតែងតែទប់ទល់នឹងវា ហើយឱ្យពិភពលោកឃើញតែស្នាមញញឹមរបស់នាងតែប៉ុណ្ណោះ។
ការប្រកួតពោរពេញដោយភាពតានតឹងនេះ ហ្វីយ៉ាតា បានដឹងច្បាស់មួយចំណុចជាមួយនឹងមោទនភាពដ៏ធំមួយបើសិនជានាងមិនមកឈរនៅទីនេះទេ នោះក៏មិនមានកម្ពុជាលើឆាក Miss Universe លើកទី ៧៤ ដែរ ដែលទទួលបានការចាប់អារម្មណ៍ពីបណ្ដាសារព័ត៌មាន ឬ fan page international ដូចគ្នា។ ការពិតនេះផ្តល់ឱ្យនាងនូវការចងចាំថា នាងបានដើរមកឆ្ងាយប៉ុណ្ណា បានប្រឹងប្រែងប៉ុណ្ណា និងសេចក្ដីស្រលាញ់ដ៏ធំធេងដែលនាងមានចំពោះប្រទេសកម្ពុជាពិតជាមានន័យប៉ុណ្ណា។ ការមិនអាចទៅលើទីនោះ មិនមានន័យថានាងចាញ់ឡើយវាមានន័យថាជីវិតកំពុងសាកល្បងនាង ចំណែកឯនាងវិញ ក៏នៅតែជ្រើសរើសគុណតម្លៃ និងកិត្តិយសរបស់ខ្លួន។
.png)
ហ្វីយ៉ាតា ថា «សេចក្ដីស្រលាញ់របស់ខ្ញុំចំពោះប្រទេសកម្ពុជា មិនអាចប៉ះទង្គិចឡើយ ហើយក្ដីសុបិនរបស់ខ្ញុំ នៅតែរស់នៅក្នុងខ្លួនខ្ញុំរហូតទៅ។ វាមានន័យថា វត្តមានរបស់កម្ពុជា មានតម្លៃបំផុត ព្រោះកម្ពុជាបានផ្ដល់តម្លៃមកដល់ជីវិតខ្ញុំ។ កម្មវិធី Miss Universe អាចបន្តឬផ្លាសប្ដូរតាមបែបរបស់គេ តែរឿងរ៉ាវរបស់ខ្ញុំ សម្លេងរបស់ខ្ញុំ និងសេចក្ដីស្រលាញ់របស់ខ្ញុំចំពោះប្រទេសកម្ពុជាគ្មានថ្ងៃរលាយបាត់ឡើយ»។ 
ជាមួយនឹងវីដេអូអនុសាវរីយ៍នៃការប្រកួតតំណាងប្រទេសនិងសំណេរឆ្លុះបញ្ចាំងពីអារម្មណ៍របស់ខ្លួនក្នុងការប្រកួតនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនផ្តល់កម្លាំងចិត្តនិងសេចក្តីស្រលាញ់ចំពោះ ហ្វីយ៉ាតា ។ នៅថ្ងៃទី២២ ខែវិច្ឆិកានេះ ហ្វីយ៉ាតា នឹងធ្វើដំណើរមកប្រទេសកម្ពុជាវិញផងដែរ៕










