ប្រទេសថៃ ៖ ក្រោយពីថៃប្រឌិតរឿងកងទ័ពខ្លួន២នាក់ជាន់មីនបណ្តាលឱ្យដាច់ជើងនិងរងរបួសពេលដើរល្បាតនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត (ទល់មុខប្រាសាទព្រះវិហារ) កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ និងចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ក៏ប្រកាសថា ថៃនឹងផ្អាកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា និងមិនបន្តសុពលភាពប័ណ្ណការងារឱ្យពលករខ្មែរជិត១សែននាក់ ពីព្រោះបារម្ភពីការបង្កអសន្តិសុខ និងឧក្រិដ្ឋ.កម្មឆ្លងដែន ថៃមិនអនុញ្ញាតឱ្យពលករខ្មែរធ្វើការបន្តទេ ។

កាលពីថ្ងៃទី១០ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីថៃ លោក Anutin បានបញ្ជាឱ្យពន្យារពេលការចុះហត្ថលេខាលើសេចក្តីព្រាងរបស់ក្រសួងមហាផ្ទៃ ដែលអនុញ្ញាតឱ្យពលករខ្មែរស្នាក់នៅថៃក្នុងករណីពិសេសតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ។ សេចក្តីព្រាងនេះធ្វើឡើងដោយរដ្ឋាភិបាលគណបក្សភឿថៃក្នុងអំឡុងពេលលោក Phumtham Wechayachai ធ្វើជានាយករដ្ឋមន្ត្រីស្តីទី ក្រោមហេតុផលចាំបាច់ត្រូវត្រួតពិនិត្យទិន្នន័យឱ្យលម្អិត និងអនុវត្តតាមច្បាប់យ៉ាងតឹងរ៉ឹង ។.jpg)
បច្ចុប្បន្ន មានពលករខ្មែរធ្វើការនៅថៃជិត១សែននាក់ ដែលមានប័ណ្ណការងារផុតសុពលភាពតាំងពីខែកុម្ភៈ ឆ្នាំ២០២៥ ហើយត្រូវបានរដ្ឋាភិបាលថៃអាណត្តិមុន (រដ្ឋាភិបាលរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់) អនុញ្ញាតឱ្យធ្វើការនៅថៃបន្តក្នុងករណីពិសេស ដោយសារថៃបិទព្រំដែនជាឯកតោភាគី ។ ប៉ុន្តែក្រោយពីកងទ័ពថៃ២នាក់ជាន់មីននៅខេត្តស៊ីសាកេត នាយករដ្ឋមន្ត្រីថៃមិនអនុញ្ញាតឱ្យពលករខ្មែរធ្វើការបន្តទេ ដោយសារបារម្ភពីពលករខ្មែរបង្កអសន្តិសុខ, លួចចូលដីថៃខុសច្បាប់ និងប្រព្រឹត្តឧក្រិដ្ឋកម្មឆ្លងដែន ។.jpg)
លេខានាយករដ្ឋមន្ត្រី អ្នកស្រី ត្រៃសុលី ត្រៃសារៈណាក់គុន និយាយថា លោកនាយករដ្ឋមន្ត្រី Anutin ផ្តោតសំខាន់លើការគ្រប់គ្រងពលករបរទេសធ្វើការនៅថៃស្របច្បាប់ ដើម្បីកុំឱ្យប៉ះពាល់ដល់អសន្តិសុខ និងសេដ្ឋកិច្ច ។ លោក Anutin ក៏បានបញ្ជាឱ្យក្រសួងមហាផ្ទៃ និងក្រសួងការងារសហការពិនិត្យមើលទិន្នន័យពលករបរទេសយ៉ាងលម្អិតថា តើពួកគេធ្វើការស្របច្បាប់ដែរឬទេ?
កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ គណៈរដ្ឋមន្ត្រីថៃបានសម្រេចឱ្យពលករបរទេសសញ្ជាតិខ្មែរ ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដែលមានប័ណ្ណការងារផុតសុពលភាពអាចស្នាក់នៅ និងធ្វើការនៅថៃបន្តរយៈពេល១ឆ្នាំ ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារខ្វះខាតកម្លាំងពលកម្ម ប៉ុន្តែសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីត្រូវចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមុនពេលចូលជាធរមាន ។
អ្នកស្រី ត្រៃសុលី បន្តថា រដ្ឋាភិបាលថ្មីនឹងអនុវត្តតាមច្បាប់យ៉ាងតឹងរ៉ឹង និងមិនបន្តសុពលភាពប័ណ្ណការងារឱ្យពលករខ្មែរ លុះត្រាតែទទួលបានទិន្នន័យ និងឯកសារផ្សេងៗត្រឹមត្រូវ ដើម្បីផលប្រយោជន៍ប្រទេស និងពលរដ្ឋថៃ ។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃប្រកាសមិនបន្តសុពលភាពប័ណ្ណការងារឱ្យពលករខ្មែរជិត១សែននាក់ ក្រោយពីថៃប្រឌិតរឿងកងទ័ពខ្លួន២នាក់ជាន់មីនដាច់ជើងនិងរងរបួសពេលល្បាតនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត កាលពីថ្ងៃទី១០ ខែវិច្ឆិកា និងចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី ។ ថៃមិនអនុញ្ញាតឱ្យពលករខ្មែរដែលផុតសុពលភាពប័ណ្ណការងារស្នាក់នៅថៃបន្តទេ ហើយអាចប្រឈមនឹងសមត្ថកិច្ចថៃចាប់ខ្លួនក្រោមហេតុផលធ្វើការខុសច្បាប់ ៕










