ទីក្រុងហុឺ ៖ រដ្ឋធានីបុរាណ Hue ក្រុងបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅក្នុងប្រទេសវៀតណាម កំពុងស្ថិតក្រោមការគំរា.មកំ.ហែងពីគ្រោះទឹកជំនន់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នា បានបោកបក់ពាសពេញភាគកណ្តាលប្រទេសវៀតណាម ដែលបណ្តាលឱ្យមានជំនន់ទឹកភ្លៀងធ្ងន់ធ្ងរមិនធ្លាប់មានជាប្រវត្តិសាស្រ្ត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារ VN Express។

នៅថ្ងៃអង្គារ ទី២៨ ខែតុលា យោងតាមមជ្ឈមណ្ឌលជាតិព្យាករណ៍អាកាសធាតុ និងជលសាស្ត្ររបស់ប្រទេសវៀតណាម ទីក្រុង Hue ត្រូវបានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់ជួបក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយតំបន់ខ្លះកត់ត្រាទឹកភ្លៀងជាង ៨០០ មីលីម៉ែត្រក្នុងរយៈពេលតិចជាង ៤៨ ម៉ោង។ ភ្លៀងធ្លាក់ខ្លាំងបែបនេះ បានបង្កឱ្យមានទឹកជំនន់ភ្លាមៗ ការរអិលបាក់ដី និងទន្លេរីកធំនៅទូទាំងខេត្ត Thua Thien-Hue។

ស្ថានភាពទឹកជំនន់នេះ បានប៉ះពាល់ដល់ប្រាសាទបុរាណ សំណង់អាគារប្រវិត្តសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត ដែលសុទ្ធតែជាផ្នែកសំខាន់ៗនៃទីក្រុងបេតិកភណ្ឌពិភពលោកមួយនេះ។ ក្រៅពីនោះ សាលារៀនក្នុងតំបន់ជាច្រើនត្រូវបានបិទ ហើយការដឹកជញ្ជូនរវាងទីក្រុង Hue និងខេត្តក្បែរៗត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរដោយសារតែការដាច់ផ្លូវ ខណៈមនុស្សជាង ៥០០០ គ្រួសារត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅទៅកាន់ជម្រកបណ្តោះអាសន្ន។
.jpg)
ទោះបីជាមានផលប៉ះពាល់យ៉ាងនេះក៏ដោយ ប៉ុន្តែអាជ្ញាធរវៀតណាមបានរាយការណ៍ថា មិនមានអ្នកស្លា.ប់នោះទេគិតត្រឹមរសៀលថ្ងៃពុធ ហើយប្រតិបត្តិការជួយសង្គ្រោះនៅតែបន្តនៅក្នុងតំបន់ភ្នំដាច់ស្រយាល។

សូមជម្រាបថា ទីក្រុង Hue ដែលបង្កើតឡើងនៅដើមសតវត្សរ៍ទី 17 និងបម្រើការជារាជធានីអធិរាជវៀតណាមចាប់ពីឆ្នាំ 1802 ដល់ឆ្នាំ 1945 មានភាពល្បីល្បាញដោយសារបន្ទាយអធិរាជ ផ្នូររាជវង្ស និងវត្តអារាមតាមបណ្តោយទន្លេ Perfume។ វាត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងឆ្នាំ 1993 ដែលធ្វើឱ្យវាក្លាយជាគោលដៅប្រវត្តិសាស្ត្រដ៏សំខាន់បំផុតមួយរបស់ប្រទេសវៀតណាម។.jpg)
តាមសេចក្ដីរាយការណ៍កន្លងមក ទីក្រុងបុរាណនេះបានរងទុក្ខដោយទឹកជំនន់ជាញឹកញាប់ ដោយសារតែវាស្ថិតនៅលើដីទំនាប និងនៅជិតទន្លេ។ ប៉ុន្តែសម្រាប់ឆ្នាំ 2025 នេះ វាត្រូវបានចាត់ទុកជាទឹកជំនន់ដ៏អាក្រ.ក់បំផុតចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ 1990 មកដែលធ្វើឱ្យមានការអំពាវនាវឲ្យមានការគ្រប់គ្រងស្ថានភាព និងរកវិធានការទប់ស្កាត់ជាបន្ទាន់ ដើម្បីការពារសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ទីក្រុងនេះ៕









