ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បានកោះប្រជុំរដ្ឋមន្ត្រីសំខាន់ៗដើម្បីត្រៀមខ្លួនចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និង APEC នាពេលខាងមុខ ប៉ុន្តែលោកមិនបានឆ្លើយសំណួរអ្នកសារព័ត៌មានដែលសួរពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជានៅម៉ាឡេស៊ីទេ ។
នាវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា លោក អនុថីន ឆាន់វីរៈគូន នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាននៅទីលានរូបសំណាក់ព្រះមហាក្សត្រថៃជិះសេះក្នុងតំបន់ឌុស៊ីត ទីក្រុងបាងកក ថា ថ្ងៃនេះ (ថ្ងៃទី២៣ ខែតុលា) លោកបានកោះប្រជុំរដ្ឋមន្ត្រីសំខាន់ៗដើម្បីពិនិត្យមើលការងារឡើងវិញមុនធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី និងកិច្ចប្រជុំមេដឹកនាំតំបន់សេដ្ឋកិច្ច APEC នៅកូរ៉េខាងត្បូង ថាតើនឹងត្រូវចុះហត្ថលេខា ឬឯកភាពអ្វីខ្លះ ឬមានអ្វីរាំងស្ទះ ។
ប៉ុន្តែនាយករដ្ឋមន្ត្រីថៃមិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជានៅម៉ាឡេស៊ី ដោយមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សីទេ ។ នាវេលាម៉ោង៩និង១០នាទី លោក អនុថីន ក៏បានចាកចេញពីទីលានរូបសំណាក់ព្រះមមហាក្សត្រថៃជិះសេះក្នុងតំបន់ឌុស៊ីត និងធ្វើដំណើរទៅអគារថៃឃូហ្វានៅវិមានរដ្ឋាភិបាល ដើម្បីប្រជុំជាមួយរដ្ឋមន្ត្រីសំខាន់ៗជជែកពីការត្រៀមខ្លួនចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី និងកិច្ចប្រជុំមេដឹកនាំតំបន់សេដ្ឋកិច្ច APEC នៅកូរ៉េខាងត្បូង ។
ចំណែករដ្ឋមន្ត្រីសំខាន់ៗដែលមកចូលរួមប្រជុំជាមួយនាយករដ្ឋមន្ត្រី រួមមាន ៖ រដ្ឋមន្ត្រីធនធានធម្មជាតិ និងបរិស្ថាន, រដ្ឋមន្ត្រីកសិកម្ម, រដ្ឋមន្ត្រីការបរទេស, រដ្ឋមន្ត្រីពាណិជ្ជកម្ម និងរដ្ឋមន្ត្រីជាច្រើនរូបទៀត ដែលកិច្ចប្រជុំនេះមានរយៈពេលប្រមាណ៥០នាទី ។
នាយករដ្ឋមន្ត្រីថៃបដិសេធមិននិយាយពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជានៅម៉ាឡេស៊ី ធ្វើឱ្យមហាជនមានចម្ងល់យ៉ាងខ្លាំងទៅលើគោលជំហររបស់មេដឹកនាំថៃ ថាតើលោកមានផែនការ ឬអាថ៌កំបាំងអ្វីពាក់ព័ន្ធនឹងការចុះហត្ថលេខា ។ បើតាមរដ្ឋមន្ត្រីការបរទេសថៃ លោក សីហស័ក្តិ ពួងកេតកែវ និយាយនៅថ្ងៃទី២៣ ខែតុលា ថា លោកមានទំនុកចិត្តកម្ពុជា-ថៃនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅម៉ាឡេស៊ី ដើម្បីស្តារទំនាក់ទំនងប្រទេសទាំងពីរឈានទៅរកភាពប្រក្រតីឡើងវិញ ក្រោយបញ្ចប់កិច្ចប្រជុំ GBC និង JBC ។
មតិខ្លះថា រដ្ឋាភិបាលថៃហាក់បន្ទន់ឥរិយាបថរបស់ខ្លួនចំពោះស្ថានការណ៍ជម្លោះព្រំដែនជាមួយកម្ពុជា ក្រោយពីថៃខាតបង់ប្រាក់រហូតដល់ជាង៤៥០លានដុល្លារក្នុង១ខែ ដោយសារការបិទព្រំដែនធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។ ពេលទើបឡើងកាន់តំណែងថ្មីៗ នាយករដ្ឋមន្ត្រីថៃចង់បើកព្រំដែនឡើងវិញ និងថាមិនអាចឱ្យជម្លោះជាមួយប្រទេសជិតខាងអូសបន្លាយបែបនេះទេ ប៉ុន្តែត្រូវបានពលរដ្ឋថៃប្រឆាំង ៕