ប្រទេសអ៊ីតាលី ៖ ទីក្រុងបូលហ្សាណូ ស្ថិតនៅភាគខាងជើងប្រទេសអ៊ីតាលី បានបង្កើតច្បាប់ថ្មីសម្រាប់ម្ចាស់សត្វចិញ្ចឹមដើម្បីដោះស្រាយបញ្ហាកខ្វក់ទីក្រុង គឺច្បាប់ថ្មីតម្រូវឱ្យភ្ញៀវទេសចរបរទេស និងពលរដ្ឋអ៊ីតាលីដែលយកឆ្កែមកដើរលេងក្នុងទីក្រុងនេះ ត្រូវតែមានលិខិតឆ្លងដែនសត្វ (Pet Passport) ចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត និងបង់ប្រាក់ ទើបអាចនាំឆ្កែមកលេងតាមទីសាធារណៈក្នុងទីក្រុងបាន ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ។
ការបង្កើតច្បាប់ថ្មីក្រោយពីភ្ញៀវទេសចរបរទេសជាច្រើនបាននាំឆ្កែមកលេងតាមទីសាធារណៈ និងបន្ទោរបង់ធ្វើឱ្យកខ្វក់ទីក្រុង ឬមានគ្រោះថ្នាក់តាមផ្លូវ ។ ពលរដ្ឋអ៊ីតាលីបាននិយាយពីបញ្ហានេះថា តើគួរហាមឃាត់ភ្ញៀវទេសចរនាំឆ្កែមកទីសាធារណៈដែរឬទេ ដែលមានទាំងអ្នកយល់ស្រប និងជំទាស់ ទើបទីក្រុងបូលហ្សាណូបង្កើតច្បាប់ថ្មី គឺចាប់ពីឆ្នាំ២០២៦ ភ្ញៀវទេសចរបរទេសដែលនាំឆ្កែមកលេងទីក្រុង ត្រូវបង់ប្រាក់១.៥០អឺរ៉ូក្នុង១ថ្ងៃ (ឬជាង៥ពាន់រៀល) ។ រីឯពលរដ្ឋអ៊ីតាលីត្រូវបង់ប្រាក់ចំនួន១០០អឺរ៉ូក្នុង១ឆ្នាំ (ឬជាង១០០ដុល្លារ) ។
គោលបំណងនៃការប្រមូលប្រាក់ពីម្ចាស់ឆ្កែ គឺសម្រាប់ចំណាយលើការសម្អាតផ្លូវ និងបង្កើតសួនច្បារថ្មីដែលធ្វើឡើងសម្រាប់សត្វឆ្កែ និងម្ចាស់ ។ រីឯពាក្យចចាមអារ៉ាមថា អ៊ីតាលីនឹងហាមឃាត់ការនាំឆ្កែមកកាន់ទីសាធារណៈ គឺពុំទាន់ច្បាស់លាស់ទេ ។ កន្លងមក ទីក្រុងបូលហ្សាណូ កំណត់ឱ្យពលរដ្ឋបង់ប្រាក់ចុះឈ្មោះពិនិត្យ DNA ឆ្កែ ដើម្បីឱ្យអាជ្ញាធរអាចពិន័យប្រាក់អ្នកដែលពុំប្រមូលលាមកឆ្កែតាមផ្លូវ ស្មើ៦០០អឺរ៉ូក្នុង១លើក ។

សមាជិកក្រុមប្រឹក្សាខេត្ត លោក Louis Walcher ជាអ្នកទាមទារឱ្យបង្កើតច្បាប់ថ្មីនិយាយថា ពលរដ្ឋដែលបានចុះឈ្មោះពិនិត្យ DNA ឆ្កែ នឹងទទួលបានការលើកលែងពន្ធរយៈពេល២ឆ្នាំ ។ ប៉ុន្តែភ្នាក់ងារជាតិការពារសត្វបានប្រឆាំងនឹងការចុះឈ្មោះពិនិត្យ DNA ថា គ្មានប្រយោជន៍ ដោយអាជ្ញាធរគួរផ្តោតលើការអប់រំពលរដ្ឋ និងភ្ញៀវទេសចរឱ្យយល់ពីភាពកខ្វក់ក្នុងទីក្រុង ។
.jpg)
ទីក្រុងគួរទាក់ទាញភ្ញៀវទេសចរដើម្បីបង្កើនចំណូលចូលជាតិ បែរជាតម្រូវឱ្យភ្ញៀវទេសចរដែលនាំឆ្កែចូលទីក្រុងត្រូវបង់ប្រាក់ ។ បច្ចុប្បន្ន ភ្ញៀវទេសចរនិយមនាំឆ្កែដើរលេងគ្រប់កន្លែង ពីព្រោះសត្វជាសមាជិកគ្រួសារ ដែលដំណើរកម្សាន្តបែបនេះហៅថា «Pet-Friendly Tourism» ដោយសារពួកគេចង់ទទួលបទពិសោធន៍ធ្វើដំណើរជាមួយសត្វ ។ ហេតុនេះ ការរឹតបន្តឹង ឬទាមទារប្រាក់ពីភ្ញៀវទេសចរដែលមានសត្វចិញ្ចឹម នឹងធ្វើឱ្យភ្ញៀវទេសចរស្ទាក់ស្ទើរក្នុងការធ្វើដំណើរមកលេងទីក្រុងបូលហ្សាណូ ។

អាជ្ញាធរគួរពិចារណាពីការរក្សាអនាម័យ សណ្តាប់ធ្នាប់ទីក្រុង និងស្វាគមន៍ភ្ញៀវទេសចរបរទេសដែលបានធ្វើដំណើរមកលេងទីក្រុងជាមួយសត្វចិញ្ចឹម ល្អជាងប្រមូលប្រាក់តែម្យ៉ាង ។ ដំណោះស្រាយ គឺរៀបចំកន្លែងសាធារណៈសម្រាប់ឆ្កែ ដាក់ធុងសំរាមជាច្រើន ផ្តល់ឧបករណ៍សម្អាត ព្រមទាំងអប់រំភ្ញៀវទេសចរ និងពលរដ្ឋអ៊ីតាលីឱ្យយល់ពីផលប៉ះពាល់ដោយសារទីក្រុងកខ្វក់ ។ នេះបើតាមការលើកឡើងរបស់ភ្នាក់ងារជាតិការពារសត្វ ៕










