ប្រទេសថៃ ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ណាត់ថាផុង ណាកផានិច បានរងការខឹងសម្បារយ៉ាងខ្លាំងពីពលរដ្ឋដែលគ្រោងបើកព្រំដែននៅខេត្តចាន់បុរី-ខេត្តត្រាតមុនគេ និងបើកព្រំដែនផ្សេងៗសម្រាប់ដឹកទំនិញក្រោយពីជប៉ុនសំណូមពរ ។ គម្រោងបើកព្រំដែននេះ គឺបន្ទាប់ពីលោកចូលរួមប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ។ ពលរដ្ឋថៃប្រឆាំងដាច់ខាតក្នុងបណ្តាញសង្គមមិនគាំទ្រការបើកព្រំដែន មិនថាសម្រាប់ដឹកទំនិញ និងឱ្យមនុស្សឆ្លងកាត់ ពួកគេសួរថា បើចង់បើកព្រំដែន ហេតុអ្វីមិនសួរមតិពលរដ្ឋ និងកងទ័ព ។
កាលពីថ្ងៃទី១០ ខែកញ្ញា លោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានធ្វើដំណើរមកខេត្តកោះកុង ដើម្បីចូលរួមប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ។ ពេលត្រឡប់ទៅថៃវិញ លោក ណាត់ថាផុង ក៏បានប្រកាសពីលទ្ធផលកិច្ចប្រជុំសម្រេចបានច្រើនចំណុច ក្នុងនោះកម្ពុជា និងថៃពិចារណាបើកច្រកព្រំដែនសម្រាប់ដឹកទំនិញចាំបាច់ ដោយសារជប៉ុនសំណូមពរ ។
លោក ណាត់ថាផុង បានប្រកាសពីលទ្ធផលកិច្ចប្រជុំ GBC កាលពីថ្ងៃទី១០ ខែកញ្ញា ថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាកាត់បន្ថយភាពតានតឹង តាមរយៈការកែសម្រួលនូវយុទ្ធោបករណ៍ និងសម្ភារៈយោធា, ការបោសសម្អាតមីន, ការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ, ដោះស្រាយបញ្ហានៅព្រំដែនភូមិណងចាន់ (ទល់មុខភូមិជោគជ័យ) និងបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួនសម្រាប់ដឹកទំនិញដោយសារការស្នើរបស់ជប៉ុន ដោយជំហ៊ានដំបូង ថៃគ្រោងបើកព្រំដែននៅខេត្តចាន់បុរី-ខេត្តត្រាត ។.png)
ប៉ុន្តែពលរដ្ឋថៃបានប្រឆាំងដាច់ខាត និងរិះគន់រដ្ឋមន្ត្រីក្រសួងការពារជាតិក្នុងបណ្តាញសង្គមថា ពុំគួរបើកព្រំដែនពេលនេះទេ ទោះជាបើកព្រំដែនសម្រាប់ដឹកជញ្ជូនទំនិញក្តី ហើយពួកគេសួរទៅកាន់រដ្ឋាភិបាលមុនពេលបើកព្រំដែនកម្ពុជា-ថៃ តើបានសួរមតិពលរដ្ឋ និងកងទ័ពហើយឬនៅ ។ ពលរដ្ឋថៃរិះគន់ថា នាយករដ្ឋមន្ត្រីថ្មី លោក អនុថីន ឆាន់វីរៈគូន កាន់តំណែងភ្លាម ចង់បើកព្រំដែនភ្លាម ដូច្នេះ ពលរដ្ឋនឹងបណ្តេញលោកចុះចេញពីតំណែង គឺលោកអាចកាន់តំណែងត្រឹមតែ២ខែប៉ុណ្ណោះ មិនដល់៤ខែទេ ។
ជាការឆ្លើយតបនឹងការរិះគន់ពីសំណាក់ពលរដ្ឋ លោក ណាត់ថាផុង រដ្ឋមន្ត្រីក្រសួងការពារជាតិបញ្ជាក់ថា ថៃគ្រោងបើកព្រំដែនខេត្តចាន់បុរី-ខេត្តត្រាតសម្រាប់តែដឹកទំនិញប៉ុណ្ណោះ ពុំមែនបើកឱ្យមនុស្សឆ្លងដែនទេ ហើយក៏ពុំអនុញ្ញាតឱ្យរថយន្តដឹកទំនិញឆ្លងដែនសេរីដែរ គឺកំណត់ចំនួនរថយន្ត ។ កម្ពុជា និងថៃពុំបានលើកឡើងក្នុងកិច្ចប្រជុំ GBC ពីការបើកព្រំដែន ប៉ុន្តែនេះជាការសំណូមពររបស់ប្រទេសទី៣ (ជប៉ុន) ឱ្យកម្ពុជា-ថៃបើកព្រំដែនមួយចំនួន ដូច្នេះ សូមពលរដ្ឋយល់ពីរដ្ឋាភិបាលមុននឹងប្រឆាំងការបើកព្រំដែន ។
ប្រទេសជប៉ុនថា បើកម្ពុជា-ថៃមានជម្លោះជាមួយគ្នា តើវាពាក់ព័ន្ធអ្វីនឹងជប៉ុនដែរ គឺជប៉ុនរងផលប៉ះពាល់ពុំអាចបញ្ជូនទំនិញតាមរយៈព្រំដែនកម្ពុជា-ថៃ ទើបប្រទេសទាំងពីរយល់ពីផលប៉ះពាល់របស់ជប៉ុន និងស្វែងរកវិធីដោះស្រាយដោយការបើកព្រំដែនមួយចំនួនសម្រាប់ដឹកទំនិញ ។ ក្រៅពីនេះ លោក ណាត់ថាផុង បានលើកឡើងពីការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប៉ះពាល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងធ្វើឱ្យពលរដ្ឋខ្មែរ-ថៃស្អប់ខ្ពើមគ្នា លោកសំណូមពរឱ្យកាត់បន្ថយការចែកចាយព័ត៌មានក្លែងក្លាយ ពីព្រោះជាមូលហេតុដែលពលរដ្ឋខ្មែរ-ថៃស្អប់ខ្ពើមគ្នា ៕










