ថៃ៖ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) កំពុងសម្របសម្រួលឲ្យប្រជាជននៅខេត្តចំនួន 10 រួមទាំងទីក្រុងបាងកក ប្រញាប់ស្វែងរកទីទួលសុវត្ថិភាពជាបន្ទាន់ ខណៈកម្ពស់ទឹកក្នុងទន្លេចៅប្រាយ៉ា ត្រូវបានគេរំពឹងថានឹងកើនឡើងពី 0.30 ទៅ 1.10 ម៉ែត្រ ហើយទំនប់ទឹកសម្រាប់ទន្លេនេះកំពុងរងសម្ពាធដោយសារទឹកបុកខ្លាំងទៅៗ។ នេះបើតាមសារព័ត៌មាន Khaosod។

នៅថ្ងៃទី 5 ខែកញ្ញា ឆ្នាំ 2025 នាយកដ្ឋានធារាសាស្ត្របានព្យាករណ៍ពីបរិមាណទឹកក្នុងរយៈពេល 1-9 ថ្ងៃបន្ទាប់ថា ប្រជាជនត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ជាពិសេសប្រជាជនដែលរស់នៅខេត្តទាំង10 រួមមាន Uthai Thani, Chai Nat, Sing Buri, Ang Thong, Suphan Buri, Ayutthaya, Lop Buri, Pathum Thani, Nonthaburi និង Samut Prakan រួមទាំងរាជធានី បាងកកផងដែរ ខណៈដែលកម្ពស់ទឹកក្នុងទន្លេចៅប្រាយ៉ានឹងកើនឡើងខ្លាំងឡើងៗ។

ការកើនឡើងនេះគឺដោយសារតែកំណើននៃលំហូរទឹកនៅស្ថានីយ៍ C.2 ក្នុងខេត្ត Nakhon Sawan ត្រូវបានគេព្យាករណ៍ថានឹងហក់ឡើងពី 1,900-2,300 ម៉ែត្រគូបក្នុងមួយវិនាទី ពីលំហូរធម្មតាដែលមានកម្រិតត្រឹម 1,500 ទៅ 2,000 ម៉ែត្រគូបក្នុងមួយវិនាទី រួមជាមួយនឹងលំហូរចេញពីទន្លេ Sakae Krang និងដៃទន្លេផ្សេងៗទៀត។

ដើម្បីគ្រប់គ្រងស្ថានការណ៍ទឹកជំនន់ចំពេលដែលទំនប់ ចៅប្រាយ៉ា នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បានប្រកាសឱ្យអ្នករស់នៅក្បែរទន្លេ និងនៅតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ឱ្យប្រញាប់ផ្លាស់ទីទៅដីខ្ពស់ជាបន្ទាន់ដើម្បីសុវត្ថិភាព។

ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានត្រូវបានណែនាំឱ្យពង្រឹងទំនប់ ពិនិត្យរបាំងទឹកជំនន់ និងរៀបចំឧបករណ៍សង្គ្រោះគ្រោះមហន្តរាយឲ្យបានរួចរាល់ និងត្រៀមចេញប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋឋ24/24។ ចំណែកសាធារណជនត្រូវបានណែនាំឲ្យរក្សាការប្រុងប្រយ័ត្ន និងត្រូវធ្វើតាមការណែនាំផ្លូវការ និងទាក់ទងទៅបណ្តាញទូរស័ព្ទទាន់ហេតុការណ៍ 1784 ឬគណនី “DDPM 1784” Line សម្រាប់ជំនួយ។ ការអាប់ដេតគ្រោះមហន្តរាយក៏អាចត្រូវបានត្រួតពិនិត្យតាមរយៈកម្មវិធី “ការជូនដំណឹងអំពីគ្រោះមហន្តរាយថៃ” ផងដែរ៕