រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចោ.ទជាសំណួរទៅកាន់ភាគីថៃជុំវិញករណីដើរល្បាតនិងជាន់ចំគ្រាប់មីនរបស់ទាហានថៃថា «តើថ្នាក់ដឹកនាំយោធាថៃមានចេតនាអ្វីឱ្យពិតប្រាកដ?» ដែលសុខចិត្តបញ្ជូនទាហានរបស់ខ្លួនឱ្យដើរល្បាតខុសតម្រាយផ្លូវ បើទោះបីជាដឹងមុនហើយថា ពួកគេអាចប្រឈមនឹងគ្រោះថ្នាក់ដោយសារមីនដែលសល់ពីសម័យសង្គ្រាម ក្នុងដែនអធិបតេយ្យកម្ពុជាបែបនេះ?

ក្រសួងការពារជាតិកម្ពុជា នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ បានប្រកាសច្រានចោលការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន។ ក្នុងនោះក្រសួងបានបញ្ជាក់ថា កម្ពុជាតែងដាស់តឿនភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវការឯកភាពគ្នាលើតម្រាយផ្លូវសម្រាប់ការដើរល្បាត ដោយសារតែតំបន់ទាំងនេះនៅមានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើនដែលសល់ពីសម័យសង្រ្គាម។
ជាមួយឧប្បត្តិហេតុខាងលើ ក្រសួងក៏បានចោ.ទជាសំណួរផងដែរថា “តើថ្នាក់ដឹកនាំយោធាថៃមានចេតនាអ្វីឱ្យពិតប្រាកដ ដែលសុខចិត្តបញ្ជូនទាហានរបស់ខ្លួនឱ្យដើរល្បាតខុសតម្រាយផ្លូវ បើទោះបីជាដឹងមុនហើយថា ពួកគេអាចប្រឈមនឹងគ្រោះថ្នាក់ដោយសារមីនដែលជាសំណល់ពីសង្គ្រាម ហើយដែលកម្ពុជាតែងតែបានដាស់តឿនជារឿយៗ ឬមួយនេះជាការប៉ុនប៉ងដើម្បីបង្កឱ្យមានភាពតានតឹង ដែលអាចរុញច្រានស្ថានការណ៍ឱ្យប្រឈមមុខដាក់គ្នា?
គួរជម្រាបថា ក្រសួងការពារជាតិនៅតែបន្តអំពាវនាវឱ្យភាគីថៃ បញ្ឈប់រាល់សកម្មភាពទាំងឡាយណា ដែលបំពានមកលើបូរណភាពទឹកដីរបស់កម្ពុជា និងជៀសវាងទង្វើដែលគំរាមកំហែងដល់ការរក្សាសន្តិភាពនៅតាមបណ្តោយព្រំដែន។
ក្នុងនាមជាប្រទេសមួយដែលរងគ្រោះដោយសារមីន កម្ពុជាបានដើរតួនាទីយ៉ាងសកម្មក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។ កម្ពុជាត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ដោយសហគមន៍អន្តរជាតិ មិនត្រឹមតែចំពោះជោគជ័យក្នុងការបោសសម្អាត និងកម្ទេចចោលមីនប្រឆាំងមនុស្សគ្រប់ប្រភេទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកជាច្រើនដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ ក្នុងការបោសសម្អាតមីននៅតាមបណ្តាប្រទេសដែលបាន និងកំពុងរងគ្រោះដោយសារសង្គ្រាមផងដែរ។ 
ឆ្លៀតក្នុងឱកាសនេះ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បញ្ជាក់ជាថ្មីការគាំទ្រទាំងស្រុងចំពោះជំហររបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ក្នុងនោះរួមទាំងការយកប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ព្រមទាំងប្តេជ្ញាឥតងាករេដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់សូម្បីតែមួយមីលីម៉ែត្រ ទោះក្នុងតម្លៃណាក៏ដោយ៕










