សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តែងការហួសចិត្តនឹងមេទ័ពថៃ ដែលតែងតែប្រកាសចង់ចរចា ដើម្បីកាត់បន្ថយកម្តៅ ប៉ុន្តែនៅក្រោយខ្នងបានបន្តចល័តទ័ព និងសព្វាវុធមកកាន់ព្រំដែន។
ថ្លែងក្នុងពិធីអញ្ជើញជាអធិបតី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣២ ទិវាកងរាជអាវុធហត្ថ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតីមានប្រសាសន៍ថា៖”កងទ័ពថៃបាននឹងបន្តធ្វើផ្លូវទុកចល័តរថក្រោះចូលកាន់តែជ្រៅ កៀកនឹងខ្សែត្រៀមកងទ័ពកម្ពុជា ជាពិសេសបង្ហោះយន្តហោះគ្មានមនុស្សបើកចូលដីកម្ពុជា”។
សម្តេចធិបតី ចាត់ទុកទង្វើនេះ ជាសញ្ញាហានិភ័យនៃសង្គ្រាម និងបំពានយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យស្ថានការណ៍តាមព្រំដែនបន្តការកើនឡើងកម្តៅរវាងកងទ័ពទាំងពីរ។
គួររម្លឹកថា ចាប់តាំងពីថ្ងៃ១៧ ខែមិថុនា មក កងទ័ពថៃ បានសម្រុកជីកលេណដ្ឋាន និងចល័តសព្វាវុធគ្រប់ប្រភេទ និងបង្កើនចំនួនទាហាននៅតាមព្រំដែនក្នុងភូមិសាស្ត្រប្រាសាទតាក្រី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងតំបន់មុំបី៕










