ប្រទេសថៃ ៖ ពលរដ្ឋថៃរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃគ្មានទំនុកចិត្តលើរដ្ឋាភិបាលរបស់ខ្លួនក្នុងការចរចាព្រំដែនជាមួយកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនា នេះ និងមិនរំពឹងថា ការចរចាអាចបញ្ចប់បញ្ហាព្រំដែន ដោយពលរដ្ឋថៃបារម្ភពីការធ្វើសង្គ្រា.មដូចក្នុងប្រវត្តិសាស្ត្រ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Amarin News កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ។

រដ្ឋាភិបាលថៃបានចេញសេចក្តីថ្លែងការណ៍ប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ដើម្បីដោះស្រាយបញ្ហាព្រំដែន ក្នុងនោះមានយន្តការគណៈកម្មការព្រំដែនរួម (JBC) ដែលពិភាក្សាពីការបោះបង្គោលព្រំដែនទ្វេភាគី ហើយកម្ពុជាក៏បានយល់ព្រមតាមការស្នើសុំរបស់ថៃ ដោយនឹងប្រជុំគណៈកម្មការព្រំដែនរួម (JBC) នាថ្ងៃទី១៤ ខែមិថុនា នៅកម្ពុជា ។

ក្រៅពីនេះ រដ្ឋាភិបាលថៃនឹងប្រើប្រាស់យន្តការគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) គឺជាការចរចាថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិ និងគណៈកម្មការព្រំដែនតំបន់ (RBC) គឺជាការចរចាថ្នាក់មេបញ្ជាការកងទ័ពភូមិភាគ ដើម្បីរក្សាស្ថានការណ៍នៅព្រំដែនឱ្យមានសន្តិភាព និងផ្តោតសំខាន់លើការទំនាក់ទំនងជាមួយពលរដ្ឋ ការពារកុំឱ្យពលរដ្ឋទាំងពីរប្រទេសយល់ខុសពីស្ថានការណ៍ ។

តាមការសាកសួរពលរដ្ឋរស់នៅភូមិប៉េតអ៊ុម ឃុំឃូមប្រាឌិត ស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជថានី ដែលជាភូមិរងផលប៉ះពាល់ពីការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃកន្លងមក ឱ្យដឹងថា ពលរដ្ឋគ្មានទំនុកចិត្តលើរដ្ឋាភិបាលរបស់ខ្លួនក្នុងការចរចាព្រំដែនជាមួយកម្ពុជាទេ ហើយពួកគេបារម្ភខ្លាចមានសង្គ្រាមកើតឡើង ។

លោក បួឡា ណាន់ថាក់ណា អាយុ៧០ឆ្នាំ និយាយថា កម្ពុជា និងថៃនឹងចរចាគ្នាពីបញ្ហាព្រំដែន ប៉ុន្តែលោកគ្មានទំនុកចិត្ត បើប្រទេសទាំងពីរអាចចរចាគ្នាបាន មិនមែនពលរដ្ឋថៃជីករណ្តៅលាក់ខ្លួនបែបនេះទេ ។ លោកក៏គ្មានទំនុកចិត្តលើការចេញសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថៃដែរ បើភាគីទាំងពីរដកថយដូចមុន ទើបលោកទុកចិត្ត បញ្ហានឹងអាចដោះស្រាយបាន បើភាគីទាំងពីរចាប់ដៃគ្នា ។ បច្ចុប្បន្ន ពលរដ្ឋច្របូកច្របល់ដោយសារការផ្សព្វផ្សាយព័ត៌មានខុស ខណៈអាជ្ញាធរមូលដ្ឋានពុំប្រាប់ស្ថានការណ៍ព្រំដែនឱ្យពលរដ្ឋដឹង មានតែត្រៀមជម្លៀសពលរដ្ឋ ។

ចំណែកអ្នកស្រី អេត ថាន់តេ អាយុ៦៩ឆ្នាំ ប្រាប់ថា អ្នកស្រីគ្មានទំនុកចិត្តលើការចរចាបែងចែកព្រំដែនទេ ហើយខ្លាចស្ថានការណ៍វឹកវរដូចកាលពីមុនកើតឡើងងទៀត ។ អ្វីដែលអ្នកស្រីចង់បានពេលនេះ គឺព័ត៌មានច្បាស់លាស់ពីអាជ្ញាធរដើម្បីអាចត្រៀមខ្លួន ពីព្រោះពលរដ្ឋភ័យខ្លាច ជាពិសេស ពលរដ្ឋនៅភូមិអ៊ុម និងភូមិចាន់ឡា ដែលស្ថិតនៅក្បែរតំបន់ប៉ះទង្គិច ហើយភូមិទាំងនេះធ្លាប់រងផលប៉ះពាល់កន្លងមក ៕