នាថ្មីៗនេះ មានសារព័ត៌មានអន្តរជាតិមួយចំនួន បានចេញផ្សាយដោយចោទប្រកាន់ថា៖”ឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជាគំរាមកំហែងដល់សន្ដិសុខពិភពលោក និពន្ធដោយលោក Jacob Sims “។
តាមរយៈរបាយការណ៍អន្តរជាតិ បានបង្ហាញថា៖” ការបោកប្រាស់បានក្លាយជាឧស្សាហកម្មរកប្រាក់ចំណេញបានយ៉ាងច្រើន ពោលប្រមាណជាផ្លូវការមានចាប់ពី ១២,៥ ដល់ ១៩ ពាន់លានដុល្លារក្នុងមួយឆ្នាំ”។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុខៈ បានធ្វើការច្រានចោល ដោយចាត់ទុកខ្លឹមសាររបាយការណ៍នេះជាសេណារីយ៉ូនយោបាយ ដើម្បីទម្លាក់កំហុសលើប្រទេសតូចតាច ពីក្រុមណាមួយ ឬប្រទេសជឿនលឿន។
អ្នកនាំពាក្យរូបនេះ ចាត់ទុករបាយការណ៍ដែលចេញផ្សាយនេះ នេះគ្មានវិជ្ជាជីវៈ គ្មានការស្រាវជ្រាវបែបវិទ្យាសាស្ត្រនោះទេ ដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា។
លោក ទូច សុខៈ ក៏បានសង្កត់ធ្ងន់ថា៖” កម្ពុជា ក៏ដូចជាប្រទេសមួយចំនួន រងគ្រោះដោយសារបណ្ដាប្រទេសមហាអំណាច បណ្ដាប្រទេសជឿនលឿនបច្ចេកវិទ្យា ដែលមានបទល្មើសបច្ចេកវិទ្យាកើតឡើងនៅទីនោះ ហើយបទល្មើសរាលដាលដល់ប្រទេសតូចតាច”៕










