នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba មានគម្រោងបំពេញទស្សនកិច្ចនៅវៀតណាម និងហ្វីលីពីន ចំនួន៤ថ្ងៃ ដើម្បីពង្រឹងទំនាក់ទំនងសន្តិសុខ និងសេដ្ឋកិច្ចជាមួយប្រទេសទាំង២ ស្របពេលពិភពលោកមានសង្គ្រាមពាណិជ្ជកម្មដោយសារវិធានការដំឡើងពន្ធទំនិញរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ។ ការបំពេញទស្សនកិច្ចមកកាន់បណ្តាប្រទេសអាស៊ានរបស់នាយករដ្ឋមន្ត្រីជប៉ុន គឺក្នុងបំណងទប់ស្កាត់ការពង្រីកឥទ្ធិពលចិនក្នុងតំបន់អាស៊ានផងដែរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmMs8mavSfBqOa11QDoZAaMyz9uGTAryTaf1a0YkSfi7MRmBEdv5pt62NjzeMgZqpNAyjZM3DLPVcpCBH-JxNo1a7j9xOYDUSnGZZ85ixg_uvGJ7a1SvnrA7XRNXaqDGxpH5bMRQrQg8JroLLlW5dCF-wTfee-_b_GIg9mUtFxSbbnmaBEYa42D__3P0rg/s1200/image_2025-04-29_08-25-51.png
នាយករដ្ឋមន្ត្រីជប៉ុនបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន Kyodo មុនពេលលោកធ្វើដំណើរទស្សនកិច្ចមកវៀតណាម កាលពីថ្ងៃទី២៧ ខែមេសា ថា ជប៉ុននឹងពង្រឹងសន្តិសុខជាមួយវៀតណាម និងហ្វីលីពីន រួមទាំងស្តាប់មតិយោល់របស់ក្រុមហ៊ុនជប៉ុននៅប្រទេសទាំង២ ដើម្បីជំរុញគោលនយោបាយរបស់រដ្ឋាភិបាលជប៉ុន ក្រោយពីលោក Trump ដំឡើងពន្ធទំនិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-pbVNaeecZYujAspMLnVxptHOPzWzSv_yhZcT8JgATx2uAjpOs6UWrx-LKV8E9JdargHxFbeFbqzZ4s2GezM8jgq4W9uCAZIKl0SjUo2tKREdnaHokvx17C7ba7kbNQP-MNTqJzu34mmS-cGdLpDCibu82bd0wI0gAItAAbtJsBC_kVUJUQuSevnnFOxv/s960/image_2025-04-29_08-25-52%20(2).png
ពេលមកដល់ទីក្រុងហាណូយ លោក Ishiba បានទៅពិនិត្យមើលសួនឧស្សាហកម្ម ដើម្បីស្តាប់ការលើកឡើងរបស់នាយកក្រុមហ៊ុនជប៉ុនជាង១០០ក្រុមហ៊ុន ដែលបានបង្កើតទីតាំងផលិតទំនិញនៅទីក្រុងហាណូយ អំពីផលប៉ះពាល់ដោយសារស្ថានការណ៍សេដ្ឋកិច្ចពិភពលោក ពុំប្រាកដប្រជានាពេលបច្ចុប្បន្ន ។ បន្ទាប់មក នាយករដ្ឋមន្ត្រីជប៉ុនបានជួបពិភាក្សាជាមួយអគ្គលេខាគណបក្សកុម្មុយនិស្តវៀតណាម លោក To Lam ហើយលោកសង្ឃឹមថា ជប៉ុននឹងពង្រឹងទំនាក់ទំនងគ្រប់ផ្នែកជាមួយវៀតណាម ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk_SMUDuB_kaFkiqauvNbvFDZMELbPkYBxinqk7nPN_5LSHtDauyShTs6Ws2klMVJu3OP3oPf_gFYp94mEcWkOzsu1bTRE8hTRy_vEgXOWDj1ZziRy1r6SiuAGRZdvpvBhbJlpd2DYYubXM694ihF0ba_Mas2ginbt6DBteRW2EmzEw9IfAL-QrsoGJa8j/s1200/image_2025-04-29_08-25-52.png

លោក Ishiba គ្រោងជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នាថ្ងៃទី២៨ ខែមេសា ដើម្បីពិភាក្សាពីផែនការរបស់រដ្ឋាភិបាលជប៉ុនក្នុងការផ្តល់ឧបករណ៍យោធាដល់វៀតណាម ក្រោមគម្រោងសង្គ្រោះផ្នែកសន្តិសុខផ្លូវការទ្វេភាគី ដែលអនុវត្តតាំងពីឆ្នាំ២០២៣ ។ ក្រៅពីនេះ ជប៉ុននឹងសហការផ្នែកសេដ្ឋកិច្ចទ្វេភាគីជាមួយវៀតណាម និងចរចាពីស្ថានការណ៍ពិភពលោក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDaBdAhFA65I5iptG3adgzvdm0VmJtWzRunAXbPLOjcuv2cNzIluBn2kNrT_IGTMSaMljDkYw90DInAHhHF7Obv6l-whxMMVTWk6osVzHLLrbSxUBpl4oc1zWb_GAnGCwPmQCkx5T2Le1ATG70pGafiYLI4xUZuo1oq83Twp76SArW99gShCemU3mCXhGk/s1280/photo_2025-04-28_13-35-12%20(2).jpg
ដោយឡែក នាយករដ្ឋមន្ត្រីជប៉ុនគ្រោងបំពេញទស្សនកិច្ចនៅហ្វីលីពីន នៅថ្ងៃទី២៩ ខែមេសា ដោយជួបជាមួយប្រធានាធិបតីហ្វីលីលីពីន លោក Ferdinand Marcos Jr. នៅទីក្រុងម៉ានីល ។ មេដឹកនាំទាំង២រូប នឹងចរចាពីកិច្ចព្រមព្រៀងចែករំលែកព័ត៌មាន និងគម្រោងធ្វើសមយុទ្ធរួមគ្នានៅសមុទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPYzbWt2C12i27MmAJRnK9gTW0JbHbfolrN8RlHQ3m1XDLN91vJe0csYBnXk4bt6K1apJNQ4q5ApX4jbv6WNWglReJIv0BQN1j2L36Tik3TgVtFCHhHTAZK9isWg3YvODPKNbYL98xmtAWKYCK7MyUuPpXXLhECPebBv476bAE0k9bdQJe8R_s6a1YPNOf/s1280/photo_2025-04-28_13-35-12.jpg

ជប៉ុនបានព្យាយាមពង្រឹងទំនាក់ទំនងសន្តិសុខជាមួយបណ្តាប្រទេសអាស៊ាន ស្របពេលចិនពង្រីកសកម្មភាពយោធានៅសមុទ្រចិនខាងត្បូងដែលពោរពេញដោយធនធានសមុទ្រ និងធ្វើជាផ្លូវដឹកជញ្ជូនសំខាន់ក្នុងតំបន់ ។ វៀតណាម ហ្វីលីពីន និងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ានមានជម្លោះជាមួយចិនពាក់ព័ន្ធនឹងការគ្រប់គ្រងប្រជុំកោះនៅសមុទ្រចិនខាងត្បូង ដែលចិនអះអាងភាពជាម្ចាស់កម្មសិទ្ធិស្ទើរទាំងអស់ ។ រីឯជប៉ុនក៏បារម្ភពីការពង្រីកដែនសមុទ្ររបស់ចិនដែរ ដោយសារឆ្មាំសមុទ្រចិនបានល្បាតជុំវិញកោះសេនកាគុ របស់ជប៉ុនជាច្រើនលើក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0XQhaFZ830C9H_PVjjwYCO3GhFV2fpBrcLMrGpE19tsCe1YJxyUrXhah91t_9grA66AWNJvpUE-b3gQ5sy_-EhrnGQvYS6y0GAQ9-tXZKsx3FXWgn1pF6O8aSm90XOsJSHGzzJtd9DTOzgX2Sk1gW8jdj09tjpMtW0ZvacP-D8zgCVNSIIjBPFdq49JaX/s1200/photo_2025-04-28_13-35-14%20(2).jpg

ការបំពេញទស្សនកិច្ចមកកាន់បណ្តាប្រទេសអាស៊ានរបស់នាយករដ្ឋមន្ត្រីជប៉ុន គឺក្រោយពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបំពេញទស្សនកិច្ចមកកាន់ប្រទេសចំនួន៣ ក្នុងតំបន់អាស៊ាន ដើម្បីពង្រឹងទំនាក់ទំនងក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road) ស្របពេលចិនមានសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក ដែលមានផលប៉ះពាល់ដល់ប្រទេសដៃគូពាណិជ្ជកម្ម រួមទាំងសេដ្ឋកិច្ចពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrqgYSzn2-8l6b4hGfDQUGLr6rW9FbVy3d3jYGiE42eZvgjyR9LWW-nnLor9n6gMBjOla16GRDMMpon8ROM_qepU45GUz3O_UvfW6-_k_iRLYeo7PG8Fx68qIA1u9C1O8Mr4Eq1lxC_nkL81yEWxf0h_eq_tIHHr2_CXx40IhnQ-0iddp1DKEW8svSgmLI/s1280/photo_2025-04-28_13-35-14.jpg

រដ្ឋាភិបាលជប៉ុនមានគោលដៅពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ានដែលមានសារៈសំខាន់ផ្នែកភូមិសាស្ត្រនយោបាយ និងជាតំបន់សំខាន់មួយដើម្បីជំរុញសេដ្ឋកិច្ចពិភពលោក ។ កាលពីខែតុលា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីជប៉ុនបានបំពេញទស្សនកិច្ចនៅប្រទេសឡាវ ក្រោយកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ហើយនៅខែមករា ឆ្នាំ២០២៥ លោកបានទៅម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ៕