ភាពល្បីល្បាញរបស់តារាចម្រៀងរ៉េប វណ្ណដា ពិតជាមិនអាចបដិសេធបានទេថាតារាចម្រៀងកម្ពុជារូបនេះសាងភាពលេចធ្លោក្នុងអាជីពមានអ្នកគាំទ្រជាច្រើនទាំងក្នុងនិងក្រៅប្រទេស។ ជាពិសេស បណ្តាប្រទេសជិតខាងគឺស្គាល់តារាចម្រៀងរូបនេះបានទូលំទូលសុនិងលេងបទចម្រៀង វណ្ណដា ជាហូរហែទាំងបទ «សង្ក្រាន្តស្គាល់ស្នេហ៍» «ស្រណោះ» និងបទផ្សេងទៀត។

ជាមួយគ្នានេះនៅថ្ងៃចូលឆ្នាំកន្លងមកនេះ វណ្ណដា ក៏បានបង្ហាញវត្តមានក្នុងការប្រគំតន្រ្តីមួយថែមទាំងបកស្រាយបទចម្រៀងពេញនិយមរបស់ខ្លួន ហើយផលិតកម្មបារមីបានចែករំលែកវីដេអូខ្លីៗនៅលើបណ្តាញសង្គមទិកតុកព្រមទាំងទទួលបានការចាប់អារម្មណ៍មិនធម្មតា។ វីដេអូខ្លីនៃបទ «សង្ក្រាន្តស្គាល់ស្នេហ៍» គេបានឃើញនៅក្នុងផ្នែកមតិយោបល់មានអ្នកគាំទ្រទាំងខ្មែរនិងថៃ ទស្សនិកជនខ្លះបង្ហាញថាជាជនជាតិហ្វីលីពីន គឺពេញចិត្តបទរបស់ វណ្ណដា ច្រៀងបែបចង្វាក់ហ៊ីបហបលាយនឹងប្រពៃណីខ្មែរនេះ។
ជាមួយនឹងការស្រលាញ់រាប់អានមកកាន់តារាចម្រៀងរ៉េបជួរមុខប្រចាំប្រទេសកម្ពុជារូបនេះគេក៏បានឃើញមានការខម្មិនខ្លះបានថាតារាចម្រៀង វណ្ណដា ជាជនជាតិថៃ អ្នកសិល្បៈហ៊ីបហបស្រុកថៃ រូបគេបង្ហាញមោទនភាពដែល វណ្ណដា ជាជនជាតិថៃជាដើម។ ជាមួយនឹងការទទួលបានមតិយោបល់ជាហូរហែពីសំណាកអ្នកលេងបណ្តាញសង្គមថា វណ្ណដា ជាជនជាតិថៃនេះ អ្នកគាំទ្រខ្លះបាននិយាយលេងសើចបង្ហាញការព្រួយបារម្ភខ្លាច វណ្ណដា ត្រូវថៃយកទៅបាត់។
ទោះយ៉ាងណា ការលើកឡើងរបស់ វណ្ណដា ជាជនជាតិថៃគ្រាន់តែជាការបញ្ចេញមតិយោបល់អាចក្នុងន័យលេងសើចព្រោះតែការស្រលាញ់តារាចម្រៀងរូបនេះខ្លាំងប៉ុណ្ណោះ ខណៈ វណ្ណដា គឺមានហ្វេនៗច្រើននៅប្រទេសថៃរួមទាំងមានការសហការជាមួយនឹងតារារ៉េបថៃល្បីៗជាច្រើនរូបផងដែរនារយៈពេលកន្លងមកនេះ។
នៅផ្នែកបណ្តាញសង្គមទិកតុកវិញបន្ទាប់ពីទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីអំពីបទ «សង្ក្រាន្តស្គាល់ស្នេហ៍» ដែលមានការចូលរួមលេងពីកំពូលៗតារាល្បីៗ បទ «ស្រណោះ» ដែលបានចេញអស់រយៈពេលជាច្រើនឆ្នាំក៏កំពុងទទួលបាននូវការចាប់អារម្មណ៍មិនធម្មតាដូចគ្នានាពេលបច្ចុប្បន្ននេះ៕










