ប្រទេសមីយ៉ាន់ម៉ា ៖ សារព័ត៌មានបរទេសរាយការណ៍ថា គ្រោះរញ្ជួយដីនៅទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា កាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានបណ្តាលឱ្យពលរដ្ឋមីយ៉ាន់ម៉ាស្លា.ប់ រហូតដល់១៤៤នាក់ និងរងរបួសចំនួន៧៣០នាក់ ។ វាជារញ្ជួយដីមានកម្លាំងខ្លាំងក្លាបំផុតនៅមីយ៉ាន់ម៉ា ដែលញ័ររង្គើដល់តំបន់ជាច្រើននៅប្រទេសថៃ និងប្រទេសមួយចំនួនទៀត ដែលធ្វើឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាប្រកាសអាសន្ន និងអំពាវនាវសុំជំនួយមនុស្សធម៌ពីអន្តរជាតិ ។
មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ថ្លែងថា ពលរដ្ឋស្លាប់ដោយសារគ្រោះរញ្ជួយដី យ៉ាងហោចណាស់ស្មើនឹង១៤៤នាក់ និងរងរបួសចំនួន៧៣០នាក់ ប៉ុន្តែចំនួនមនុស្សស្លាប់ និងរងរបួស នឹងកើនឡើងបន្ថែមទៀត ។ បច្ចុប្បន្ន មីយ៉ាន់ម៉ាត្រូវឈាមយ៉ាងច្រើនដើម្បីជួយសង្គ្រោះជីវិតពលរដ្ឋរងរបួសធ្ងន់ធ្ងរដោយសាររញ្ជួយដី ។ អគារជាច្រើនកន្លែងដែលជាកន្លែងស្នាក់នៅរបស់មន្ត្រីរាជការ បានបាក់រលំទាំងស្រុង ហើយភ្នាក់ងារសង្គ្រោះបន្ទាន់បានព្យាយាមទាញមនុស្សចេញពីគំនរថ្មបាក់បែក ។

គ្រោះរញ្ជួយដីយ៉ាងខ្លាំងក្លានៅទីក្រុង Mandalay បានធ្វើឱ្យស្រុតផ្លូវធ្វើដំណើរ, ខូចខាតផ្លូវល្បឿនលឿន, បាក់ស្ពាន និងបាក់ទំនប់ទឹក ។ នៅតំបន់សាកាយ (Sagiang) ដែលស្ថិតនៅភាគនិរតីទីក្រុង Mandalay គឺស្ពានមួយកន្លែងដែលមានអាយុប្រមាណ៩០ឆ្នាំ បានបាក់រលំ រួមទាំងផ្លូវធ្វើដំណើរដែលតភ្ជាប់រវាងទីក្រុង Mandalay និងទីក្រុង Yangon ក៏ខូចខាតដែរ ។ ភ្នាក់ងារសង្គ្រោះបន្ទាន់ពិបាកជួយសង្គ្រោះជនរងគ្រោះ ស្របពេលស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ាពុំទាន់ស្ងប់ស្ងាត់ ។
បើតាមសេចក្តីរាយការណ៍បន្ថែម គឺអគារជាច្រើនកន្លែង ព្រមទាំងអគារក្នុងវត្ត Ma Soe Yane ដែលជាវត្តធំបំផុតបានបាក់រលំ ហើយព្រះរាជវាំងចាស់ក៏ខូចខាតដែរ ។ អង្គការសប្បុរសធម៌ Christian Aid ឱ្យដឹងថា គ្រោះរញ្ជួយដីបានបំផ្លាញទំនប់ទឹកបណ្តាលឱ្យទឹកហូរលិចតំបន់ទំនាបនៅក្បែរនោះ ។
គ្រោះរញ្ជួយដីកម្រិត៧.៧រិចទ័រ ដែលមានចំណុចកណ្តាលនៅទីក្រុងសាកាយ ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា បានបណ្តាលឱ្យមីយ៉ាន់ម៉ាខូចខាតយ៉ាងធ្ងន់ធ្ងរ ដូចជា ៖ អគារធំៗបាក់រលំ ផ្លូវធ្វើដំណើរមានស្នាមប្រេះ បាក់ស្ពាន បំផ្លាញវត្ត និងចេតិយ ព្រមទាំងសម្លាប់មនុស្សជាង១០០នាក់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី២៨ ខែមីនា ។
ភ្នាក់ងារសង្គ្រោះបន្ទាន់សន្និដ្ឋានថា ចំនួនមនុស្សស្លាប់ និងរងរបួស នឹងកើនឡើងខ្ពស់បន្ថែមទៀត ហើយទីក្រុងខូចខាតដោយសារគ្រោះរញ្ជួយដីធ្ងន់ធ្ងរបំផុត គឺទីក្រុង Mandalay និងទីក្រុង Naypyidaw ។ វាជាគ្រោះរញ្ជួយដីធ្ងន់ធ្ងរដែលបានកើតឡើងនៅមីយ៉ាន់ម៉ា តាំងពីឆ្នាំ១៩៤៦ ហើយមានកម្លាំងខ្លាំងបំផុតនាពេលបច្ចុប្បន្ន ។ កាលពីឆ្នាំ១៩៤៦ មីយ៉ាន់ម៉ាធ្លាប់កើតគ្រោះរញ្ជួយដី កម្រិត៧.៧រិចទ័រ ។ .png)
កងទ័ពបានដណ្តើមអំណាចពីរដ្ឋាភិបាលមីយ៉ាន់ម៉ា កាលពីឆ្នាំ២០២១ ដែលធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាពិបាកទទួលបានព័ត៌មានពីគ្រោះរញ្ជួយដី ។ ពលរដ្ឋមីយ៉ាន់ម៉ារស់នៅក្នុងទីក្រុងធំៗរត់ចេញពីអគារ និងលំនៅឋានភ្លាមៗយ៉ាងឆាប់រហ័សក្រោយពីមានការញ័ររង្គើខ្លាំង ។ ក្រោយកើតគ្រោះរញ្ជួយដីយ៉ាងខ្លាំងក្លា រដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសស្ថានការណ៍អាសន្នក្នុងតំបន់ចំនួន៦ និងអំពាវនាវសុំជំនួយមនុស្សធម៌ពីប្រទេសនានា ៕










