ប្រទេសចិន ៖ បញ្ហាធំរបស់រថយន្តអគ្គិសនីដែលមនុស្សភាគច្រើនបារម្ភ គឺចម្ងាយផ្លូវបើកបរ និងរយៈពេលសាករថយន្តយូរជាងការចាក់ប្រេងឥន្ធនៈ ប៉ុន្តែយើងនឹងលែងបារម្ភពីបញ្ហានេះទៀតហើយ ពីព្រោះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD បង្ហាញប្រព័ន្ធសាកថ្មរថយន្តថ្មីចំណាយពេលត្រឹមតែ៥នាទីប៉ុណ្ណោះ ប៉ុន្តែអាចបើកបរបានឆ្ងាយរហូតដល់៤០០គីឡូម៉ែត្រ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ។
.png)
បច្ចេកវិទ្យាសាករថយន្តអគ្គិសនីនេះឈ្មោះ «Super e Platform» ហើយក្រុមហ៊ុន BYD បញ្ជាក់ថា បច្ចេកវិទ្យានេះឆាប់រហ័សជាង Supercharger របស់ក្រុមហ៊ុន Tesla រហូតដល់៣ដងឯណោះ ។ ដូច្នេះ វាធ្វើឱ្យការចំណាយពេលសាករថយន្តអគ្គិសនី ប្រហាក់ប្រហែលគ្នានឹងការចាក់ប្រេងឥន្ធនៈ ។ បច្ចេកវិទ្យាថ្មីរបស់ BYD អាចសាករថយន្តអគ្គិសនីពេញយ៉ាងឆាប់រហ័សជាមួយល្បឿនលឿនបំផុតរហូតដល់១មេហ្គាវ៉ាត់ ដែលជួយឱ្យម្ចាស់រថយន្តឈប់បារម្ភពីការចំណាយពេលយូរក្នុងការសាករថយន្ត ។.png)
ជំហ៊ានដំបូង បច្ចេកវិទ្យាថ្មី Super e Platform នឹងត្រូវប្រើប្រាស់ជាមួយរថយន្តថ្មីរបស់ BYD ដូចជា ៖ រថយន្តម៉ាក Han L និង Tang L ដែលក្រុមហ៊ុនមានគ្រោងលក់នៅចិនមុនគេ ។ ក្រៅពីនេះ ក្រុមហ៊ុនក៏មានគម្រោងដំឡើងស្ថានីយសាករថយន្តអគ្គិសនីចំណាយពេលខ្លី ស្មើជាង៤,០០០កន្លែងនៅចិន ប៉ុន្តែពុំទាន់កំណត់ពេលច្បាស់លាស់ថា តើនឹងដំឡើងរួចរាល់នៅពេលណា ។

ចំណែកបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ត្រូវរង់ចាំមើលថា តើក្រុមហ៊ុន BYD នឹងដំឡើងស្ថានីយសាករថយន្តអគ្គិសនីចំណាយពេលឆាប់រហ័សដែរឬទេ ពីព្រោះការសាករថយន្តត្រឹមតែ៥នាទី ដោយប្រើប្រាស់បច្ចេកវិទ្យា Super a Platform គឺត្រូវសាកជាមួយរថយន្ត BYD ថ្មី ។.png)
គួរបញ្ជាក់ថា ព័ត៌មានការដំឡើងស្ថានីយសាករថយន្តអគ្គិសនីលឿនបំផុតរបស់ក្រុមហ៊ុន BYD បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ដែលជាគូប្រជែងក្នុងទីផ្សាររថយន្តអគ្គិសនីធ្លាក់ចុះភ្លាមៗ ។ នេះឆ្លុះបញ្ចាំងពីការបារម្ភរបស់វិនិយោគិនលើបច្ចេកវិទ្យាជឿនលឿនរបស់រថយន្ត Tesla ។.png)
ទោះជា Tesla នៅតែគ្រប់គ្រងតំណែងជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីច្រើនជាងគេលើទីផ្សារ ប៉ុន្តែការលក់រថយន្តអគ្គិសនី BYD បានតាមប្រកិត Tesla ។ កាលពីឆ្នាំ២០២៤ BYD បានលក់រថយន្តអគ្គិសនី ចំនួន១លាន៧សែន៦ម៉ឺនគ្រឿង ខណៈការលក់រថយន្តអគ្គិសនី Tesla ស្មើនឹង១លាន៧សែន៩ម៉ឺនគ្រឿង ។ ការលក់រថយន្តអគ្គិសនី BYD ជាង៩០% គឺលក់នៅចិន ហើយរថយន្តលក់ដាច់ច្រើនជាងគេ គឺម៉ាក Hybrid ។
ចំណែក Tesla បានលក់រថយន្តអគ្គិសនីកើនឡើងនៅទីផ្សារមួយចំនួន ប៉ុន្តែក្រុមហ៊ុននេះត្រូវប្រឈមនឹងការប្រកួតប្រជែងពីរថយន្តអគ្គិសនីផ្សេងទៀតក្នុងទីផ្សាររថយន្តអគ្គិសនីទូទាំងពិភពលោក ។ នាថ្ងៃអនាគត បើយើងអាចសាករថយន្តអគ្គិសនីដោយចំណាយពេលប្រហាក់ប្រហែលនឹងការចាក់ប្រេងឥន្ធនៈ វានឹងធ្វើឱ្យរថយន្តអគ្គិសនីទទួលបានការពេញនិយមកាន់តែខ្លាំង ៕










