ប្រទេសថៃ ៖ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា ស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ នាពេលបច្ចុប្បន្ន មានភាពប្រក្រតី សូមពលរដ្ឋកុំបារម្ភ និងមានទំនុកចិត្តលើកងទ័ពថៃអាចការពារអធិបតេយ្យភាពប្រទេស ។ កុំស្តាប់អ្វីធ្វើឱ្យប្រទេសបាត់បង់ទំនុកចិត្ត ពេលខ្លះ គំនិតរបស់មនុស្សមួយចំនួននាំមកនូវបញ្ហា ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Matichon កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ។.png)
កាលពីថ្ងៃទី២១ ខែមីនា កន្លងមក ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai បាននិយាយពីការពន្យារពេលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (General Border Committee : GBC) រវាងប្រទេសកម្ពុជា និងថៃ ថា រឿងនេះគ្មានអ្វីទេ ខាងកម្ពុជាបានស្នើពន្យារពេលកិច្ចប្រជុំ មកថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ប៉ុន្តែដោយសារលោកជាប់រវល់ ទើបលោកស្នើពន្យារពេលកិច្ចប្រជុំ ហើយសង្ឃឹមថា កិច្ចប្រជុំនឹងធ្វើឡើងនៅដើមខែមេសា ។
ចំណែកស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងថៃ នាពេលបច្ចុប្បន្ន លោក Phumtham និយាយថា លោកបានជជែកជាមួយមេបញ្ជាការកងទ័ព ហើយព្រំដែនគ្មានភាពតានតឹងទេ ។ រីឯការចល័តកងកម្លាំង អាចនិយាយថា វាធម្មតា ដូចជា ៖ កងទ័ពភូមិភាគទី២ របស់ប្រទេសថៃ ក៏មានការហ្វឹកហាត់នៅតំបន់ចាស់ដែលធ្លាប់ហ្វឹកហាត់ ។ បច្ចុប្បន្ន គ្មានការចល័តទ័ពពិសេសអ្វីទេ គឺចល័តដូចពីមុន ។ រីឯខាងកម្ពុជាបញ្ជាក់ថា គ្មានអ្វីគួរឱ្យបារម្ភ ប៉ុន្តែទោះយ៉ាងណា កងទ័ពធ្វើតាមភារកិច្ចតួនាទី មិនបាច់បារម្ភទេ ពីព្រោះកងទ័ពតាំងចិត្តយ៉ាងមោះមុតក្នុងការការពារប្រទេស ។ ហេតុនេះ ពេលមានអ្វីកើតឡើង សូមឱ្យសប្បាយចិត្តចុះថា កងទ័ពថៃអាចការពារអធិបតេយ្យភាពរបស់ប្រទេសបានភ្លាមៗ ។.png)
ពេលសារព័ត៌មានសួរថា តើអាចផ្តល់ទំនុកចិត្តបានដែរឬអត់ ពីព្រោះមានពាក្យចចាមអារ៉ាមក្នុងតំបន់ថា រដ្ឋាភិបាលថៃមិនច្បាស់លាស់? លោករដ្ឋមន្ត្រីក្រសួងការពារជាតិថៃបញ្ជាក់ថា កុំស្តាប់អ្វីធ្វើឱ្យប្រទេសបាត់បង់ទំនុកចិត្ត ពេលខ្លះ គំនិតរបស់មនុស្សមួយចំនួននាំមកនូវបញ្ហា ។ សូមមើលការពិត កងទ័ពថៃគ្រប់រូបស្រឡាញ់ប្រទេស និងត្រៀមខ្លួនការពារជាតិ ។ ហេតុនេះ ពុំបាច់បារម្ភពីបញ្ហានយោបាយ មិនថាការកាត់បន្ថយកងកម្លាំង ប៉ុន្តែយ៉ាងហោចណាស់ វានៅតែរក្សាអធិបតេយ្យភាពប្រទេស ។
ដោយឡែក នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានថ្លែងកាលពីថ្ងៃទី២១ ខែមីនា ថា ស្ថានការណ៍តានតឹងនៅព្រំដែន គឺជាទំនួលខុសត្រូវរបស់កងទ័ពទាំង២ប្រទេស រីឯកិច្ចសហការបង្ក្រាបក្រុមឆបោកអនឡាញ គឺកម្ពុជាសហការ១០០% ។ បច្ចុប្បន្ន បញ្ហាក្រុមឆបោកអនឡាញបានធ្លាក់ចុះហើយ ប៉ុន្តែរដ្ឋាភិបាលថៃនឹងបង្ក្រាបក្រុមឆបោកអនឡាញឱ្យអស់ ។
លោកស្រីថ្លែងថា លោកស្រីមកកាន់ទីបញ្ជាការកងទ័ពជើងគោក គឺពុំមែនមកជជែករឿងព្រំដែនទេ ។ លោកស្រីជជែករឿងការបង្ក្រាបក្រុមឆបោកអនឡាញ និងថ្នាំញៀន រីឯបញ្ហាព្រំដែន កងទ័ពជាអ្នកទទួលខុសត្រូវ ។ លោកស្រីពុំទាន់បានជជែកបញ្ហាព្រំដែនជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាទេ គឺទុកតួនាទីនេះឱ្យកងទ័ពទាំង២ប្រទេស ។
លោកស្រីបានជជែកជាមួយនាយករដ្ឋមន្ត្រីកម្ពុជាពីបញ្ហាបង្ក្រាបក្រុមឆបោកអនឡាញ ហើយមេដឹកនាំទាំង២ប្រទេស នឹងសហការគ្នាបង្ក្រាបក្រុមឆបោកអនឡាញ ដោយរដ្ឋាភិបាលកម្ពុជាសហការ១០០% ។ បច្ចុប្បន្ន បានបង្ក្រាបក្រុមឆបោកអនឡាញច្រើនហើយ ប៉ុន្តែរដ្ឋាភិបាលថៃចង់បង្ក្រាបឱ្យអស់ ៕










