ប្រទេសចិន ៖ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ មន្ត្រីក្រសួងការបរទេសចិនបានលើកឡើងពីស្ថានការណ៍បច្ចុប្បន្នរវាងថៃ និងសហរដ្ឋអាមេរិក ក្រោយពីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio ប្រកាសរឹតបន្តឹង និងលុបចោលទិដ្ឋាការមន្ត្រីរដ្ឋាភិបាលថៃ ដែលពាក់ព័ន្ធនឹងការបញ្ជូនជនជាតិអ៊ុយគូ ចំនួន៤០នាក់ ទៅចិន ។ ចិនចាត់ទុកថា ការលុបចោលទិដ្ឋាការមន្ត្រីរដ្ឋាភិបាលថៃ បង្ហាញថា អាមេរិកជ្រៀតជ្រែកលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ថៃ ។
លោកស្រី Mao Ning មន្ត្រីនាំពាក្យក្រសួងការបរទេសចិនបាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា ចិនប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសផ្សេងក្រោមហេតុផលគោរពសិទ្ធិមនុស្ស ។ អាមេរិករឹតបន្តឹង និងលុបចោលទិដ្ឋាការមន្ត្រីរដ្ឋាភិបាលថៃ គឺជាការដាក់សម្ពាធនយោបាយពុំសមរម្យ ។ ចិនប្រកាន់ខ្ជាប់នូវគោលជំហរមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសប្រជាធិបតេយ្យ ហើយយើងសូមអំពាវនាវឱ្យអាមេរិកឈប់លើកឡើងពីការគោរពសិទ្ធិមនុស្សធ្វើជាឧបករណ៍នយោបាយដាក់សម្ពាធប្រទេសផ្សេង ។.png)
ប្រទេសចិនបានសហការជាមួយរដ្ឋាភិបាលថៃលើបញ្ហាសន្តិសុខ ហើយការបញ្ជូនជនជាតិអ៊ុយគូទៅចិន គឺអនុវត្តតាមច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិ ដោយរដ្ឋាភិបាលចិនផ្តល់ភាពសំខាន់លើបញ្ហាសន្តិសុខ និងស្ថិរភាពក្នុងប្រទេស ។ ជាមួយគ្នានេះ ចិនគោរពអធិបតេយ្យភាពរបស់ថៃក្នុងការសម្រេចចិត្តពាក់ព័ន្ធនឹងគោលនយោបាយសន្តិសុខរបស់ខ្លួន ។ ចិននឹងសហការជាមួយថៃយ៉ាងជិតស្និទ្ធលើបញ្ហាផ្សេងៗ ព្រមទាំងប្រឆាំងនឹងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ។ 
ក្រោយពីមន្ត្រីនាំពាក្យក្រសួងការបរទេសចិនលើកឡើងពីអាមេរិកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងថៃ មន្ត្រីអាមេរិកឆ្លើយតបទៅវិញថា ការរឹតបន្តឹង និងលុបចោលទិដ្ឋាការមន្ត្រីរដ្ឋាភិបាលថៃនេះ គឺជាការការពារសិទ្ធិរបស់ជនជាតិអ៊ុយគូ ។ រីឯអ្នកវិភាគនយោបាយថៃបារម្ភពីបញ្ហានេះនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងថៃ អាមេរិក និងចិន ជាពិសេស ស្របពេលកំពុងមានការប្រកួតប្រជែងកាន់តែខ្លាំងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ 
នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានផ្តល់សម្ភាសន៍ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ មុនពេលចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា លោកស្រីពុំជ្រាបពីអាមេរិករឹតបន្តឹង និងលុបចោលទិដ្ឋាការមន្ត្រីរដ្ឋាភិបាលថៃ ដោយសារការបញ្ជូនជនជាតិអ៊ុយគូ ៤០នាក់ ទៅចិនទេ ។ ដូច្នេះ គួរឱ្យក្រសួងការបរទេសថៃជួយបកស្រាយបញ្ហានេះជាមួយអាមេរិក ៕china










