ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី គឺជាប្រាសាទដែលនៅកៀកព្រំដែនរវាងកម្ពុជា-ថៃ ដែលប្រាសាទតាក្របីមានទីតាំងស្ថិតនៅតាមជួរភ្នំដងរែក ក្នុងភូមិបុសធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ប្រាសាទនេះជាតំបន់ប្រវត្តិសាស្ត្រខ្មែរដែលបង្ហាញពីវប្បធម៌ អរិយធម៌ ក៏ដូចជាបង្ហាញពីទីតាំងសក្តានុពលក្នុងខេត្តឧត្តរមានជ័យ។ ប្រាសាទតាក្របី ត្រូវបានសាងសង់ឡើងនៅសតវត្សទី១១ ដោយព្រះបាទសូយ៌្យវម៌្មទី១ និងព្រះបាទឧទយាទិត្យវម៌្មទី២ ដើម្បីឧទ្ទិសដល់ព្រះឥសូ។
ប្រាសាទនេះធ្វើឡើងពីថ្មភក់ និងថ្មបាយក្រៀម មានទំហំតូច តែតួប្រាសាទនៅរក្សារូបរាងស្រស់ស្អាត និងល្អឥតខ្ចោះ។ ដើម្បីទៅដល់ប្រាសាទតាក្របី គេត្រូវធ្វើដំណើរតាមផ្លូវលេខ៥៦ និងលេខ៥៨ ដែលមានចម្ងាយប្រមាណ ៥៧ គីឡូម៉ែត្រពីក្រុងសំរោង។ នៅតាមផ្លូវមានព្រៃឈើខៀវស្រងាត់ ខ្យល់អាកាសត្រជាក់ និងមានបក្សាបក្សីហោះហើរលើមេឃ បង្កើតបានជាទិដ្ឋដ៏អស្ចារ្យមួយ។

ទោះជាយ៉ាងណាប្រាសាទនេះមិនសូវមានកូនខ្មែរស្គាល់នោះទេ ហើយក៏មិនសូវមានភ្ញៀវទេសចរមកទស្សនាដែរ ដោយសារប្រាសាទនេះស្ថិតនៅតាមព្រំដែនរវាងថៃ និងខ្មែរ។ តាមពិតទៅប្រាសាទតាក្របី មានឈ្មោះដើមថា ប្រាសាទតង្វាយ ប៉ុន្តែដោយសារចម្លាក់នៅតួប៉មប្រាសាទមានរូបរាងស្រដៀងនិងសត្វក្របី ទើបអ្នកស្រុកហៅតគ្នាៗថា បា្រសាទតាក្របីតែម្តង។ ជាមួយទំហំ ៣០ម៉ែត្រ គុណនិង ៣០ម៉ែត្រ ប្រាសាទតាក្របីមានចម្លាក់នៅខាងក្នុងដែលពិពណ៌នាអំពីព្រះអាទិទេពទ្រង់ជិះក្របី។
បច្ចុប្បន្នប្រាសាទតាក្របីមានផ្លូវចាក់បេតុងឡើង រហូតដល់លើភ្នំក្បែរប្រាសាទតែម្ដងងាយស្រួលក្នុងការទស្សនា។ ទោះជាយ៉ាងណាដោយសារនៅទីនោះជាតំបន់ទាហានគ្រប់គ្រង ព្រោះប្រាសាទនៅកៀកព្រំប្រទល់ដែនកម្ពុជា-ថៃ។ ដូច្នេះប្រជាពលរដ្ឋខ្មែរអាចចូលទៅមើលប្រាសាទតាក្របីបានដោយមានទាហានជូនដំណើរ និងដើម្បីប្រាប់ដំណឹង អំពីកន្លែងណាដែលអាចទៅបាន និងកន្លែងណាដែលមិនអាចទៅបាន រួមទាំងប្រាប់អំពីប្រវត្តិសាស្រ្តនិងទម្រង់បែបបថនៃប្រាសាទផងដែរ៕










