មហាជនបានចាប់អារម្មណ៍នឹងតារាសម្តែងស្រីឈ្មោះ ជេន ស៊ីមួ (Jane Seymour) ជនជាតិអង់គ្លេសកាត់អាមេរិក បើទោះជាមានអាយុរហូតដល់៧៤ឆ្នាំក្តី ប៉ុន្តែនៅតែរក្សាសម្រស់ស្អាតដូចស្ត្រីអាយុជាង៤០ឆ្នាំ ហើយមនុស្សភាគច្រើនពុំចង់ជឿថា អ្នកស្រីមានអាយុច្រើនបែបនេះទេ ។ អ្នកស្រី ស៊ីមួ បានប្រាប់ថា ដោយសារទម្លាប់ការបរិភោគអាហារទាំងនេះ និងពេញចិត្តជាមួយជីវិតខ្លួនឯង ទើបធ្វើឱ្យអ្នកស្រីមានសុខភាពល្អ និងសម្រស់ក្មេងវ័យ ។.png)
អ្នកស្រីបានល្បីល្បាញ និងមានគេស្គាល់ច្រើន ក្រោយពីអ្នកស្រីសម្តែងភាពយន្ត James Bond កាលពីឆ្នាំ១៩៧៣ រឿង «Live and Let Die» ហើយអ្នកស្រីតែងតែប្រាប់ពីគន្លឹះធ្វើឱ្យសម្រស់ក្មេងវ័យ និងការថែទាំសុខភាពរបស់ខ្លួនជានិច្ច ។ អ្នកស្រីបានប្រាប់ពីគន្លឹះថែទាំខ្លួនឱ្យស្អាតជាអមតៈទៅកាន់សារព័ត៌មានបរទេសថា អ្នកស្រីពុំធ្លាប់សម្រកទម្ងន់ទេកន្លងមក គ្រាន់តែអ្នកស្រីបរិភោគអាហារដើម្បីសុខភាព និងអាហារដែលខ្លួនចូលចិត្តប៉ុណ្ណោះ ពីព្រោះវាធ្វើឱ្យអ្នកស្រីមានសេចក្តីសុខ និងរីករាយនឹងការបរិភោគអាហារ ។
គន្លឹះអាថ៌កំបាំងក្នុងការបរិភោគអាហារ គឺនៅពេលព្រឹក អ្នកស្រីតែងតែផឹកកាហ្វេ និងបរិភោគស៊ុតស្ងោរ ដើម្បីឱ្យរាងកាយទទួលបានប្រូតេអ៊ីន ។ វាជួយឱ្យអ្នកស្រីឆ្អែតបានយូរ និងកាត់បន្ថយចំណង់បរិភោគអាហារ ដោយសារស៊ុតពណ៌ស អាចជួយបង្កើតសាច់ដុំយ៉ាងមានប្រសិទ្ធភាព ។ បន្ទាប់មក ចាប់ពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ពេលរសៀល អ្នកស្រីបរិភោគអាហារឱ្យឆ្អែត ហើយអ្នកស្រីចូលចិត្តអាហារបែបពលរដ្ឋរស់នៅបណ្តាប្រទេសតាមឆ្នេរសមុទ្រមេឌីទែរ៉ាណេ គឺបរិភោគគ្រាប់ធញ្ញជាតិឱ្យច្រើន ។
អ្នកស្រីប្រាប់ថា ទម្លាប់បរិភោគអាហារជួយឱ្យអ្នកស្រីមានរាងកាយមាំមួន និងសុខភាពល្អយ៉ាងខ្លាំង ។ អ្នកស្រីបានបរិភោគអាហារមានប្រយោជន៍ជាច្រើនមុខ ដូចជា ៖ ប៉េងប៉ោះ តាសក់ ឃឺនឆាយ ផ្លែម្កាក់ និងត្រី ។ ក្រៅពីនេះ អ្នកស្រីបានហាត់ប្រាណ, លើកវត្ថុស្រាលៗរៀងរាល់ថ្ងៃ, គិតវិជ្ជមាន និងស្រឡាញ់ការរស់នៅរបស់ខ្លួនឯង ។ ហេតុនេះ វាជួយឱ្យអ្នកស្រីនៅតែស្រស់ស្អាត ក្មេងជាងវ័យសម្រាប់រូបរាងខាងក្រៅ និងស្អាតចេញពីក្នុងចិត្ត ។.png)
ចុងក្រោយ អ្នកស្រីបញ្ជាក់ថា ៖ «ការមានជីវិតរស់នៅយូរបែបនេះធ្វើឱ្យមានអារម្មណ៍ថា មានសេរីភាពខ្លាំងណាស់ ។ ឪពុកខ្ញុំនិយាយថា យើងគួរតែសប្បាយចិត្តជាមួយខ្លួនឯង និងពុំចាំបាច់ធ្វើអ្វីឱ្យអ្នកដទៃឃើញទេ វាខុសពីពេលខ្ញុំនៅក្មេង ដែលព្យាយាមធ្វើអ្វីឱ្យគ្រប់គ្នាចាប់អារម្មណ៍» ។
គួរបញ្ជាក់ថា ការបរិភោគអាហារបែបពលរដ្ឋរស់នៅបណ្តាប្រទេសតាមឆ្នេរសមុទ្រមេឌីទែរ៉ាណេ គឺជាការបរិភោគគ្រាប់ធញ្ញាតិភាគច្រើន ហើយត្រូវបានទទួលស្គាល់ថា ជាវិធីបរិភោគអាហារល្អបំផុតសម្រាប់សុខភាព ។ ការស្រាវជ្រាវជាច្រើនបង្ហាញថា ការបរិភោគគ្រាប់ធញ្ញជាតិនឹងជួយកាត់បន្ថយហានិភ័យកើតជំងឺបេះដូង និងទឹកនោមផ្អែម ព្រមទាំងជួយឱ្យយើងមានអាយុវែង ៕










