ជារឿងគួរអោយស្ញើចសរសើ កុមារីខ្មែរម្នាក់មានឈ្មោះថាជូលី វ័យទើបតែ៨ឆ្នាំសោះ ប៉ុន្តែមានសមត្ថភាពអាចនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។ ប្អូនស្រីជូលី ត្រូវបានមហាជនមួយចំនួនធំបានស្គាល់រួចហើយកន្លងមក តាមរយៈការបញ្ចូលសម្លេងនៅលើវីដេអូធ្វើម្ហូបជាមួយម្ដាយប្អូន ហើយតែងតែទទួលបានការសរសើផងដែរ ក៏ព្រោះតែសំដីសំដៅនិងសម្លេងដ៏គួអោយស្រលាញ់។

ប្អូនស្រីជូលីបានធ្វើអោយមហាជនចាប់អារម្មណ៍ម្ដងទៀត ដោយសារតែថ្មីៗនេះនៅលើផេកហ្វេសប៊ុករបស់ម្ដាយប្អូនបានបង្ហោះនូវវីដេអូដែលជូលីនិយាយភាសាអង់គ្លេសជាមួយនឹងជនបរទេសនៅមុខប្រាសាទបុរាណខ្មែរ។ នៅក្នុងវីដេអូនោះបានបង្ហាញពីសកម្មភាពជូលីចូលទៅសួរជនបរទេសម្នាក់អំពីចំណាប់អារម្មណ៍របស់គាត់មកលើប្រាសាទអង្គរវត្តនិងសំណួរផ្សេងៗទៀតទាក់ទងនឹងប្រទេសកម្ពុជា។ ជាក់ស្ដែងនេះគឺជាលើកទី១ហើយ ដែលជូលីបាននិយាយជាមួយជនបរទេសបែបនេះ ប៉ុន្តែប្អូនធ្វើបានយ៉ាងល្អដោយនៅក្នុងនោះយើងឃើញថា បុរសបរទេសនោះសរសើប្អូនថាការបញ្ចេញសំនៀងភាសាអង់គ្លេសរបស់គាត់ពិតជាល្អណាស់។
នៅវីដេអូមួយទៀត ប្អូនស្រីជូលីបានទៅនិយាយជាមួយជនបរទេសមួយគូ និងបានសួរនាំពួកគាត់អំពីចំណាប់អារម្មណ៍របស់គាត់មកកាន់ប្រាសាទបាយ័ន ដោយពួកគាត់ឆ្លើយតបមកវិញថាពួកគាត់ពិតជាចូលចិត្តទីនេះណាស់។ អ្វីដែលកាន់តែពិសេសនោះ គឺនៅពេលសន្ទនារចប់ ជូលីបានជូនក្រមារខ្មែរទៅកាន់ពួកគាត់ម្នាក់មួយ ព្រមទាំងបង្រៀនអោយពួកនិយាយពាក្យថា “ក្រមារខ្មែរ” ជាភាសាខ្មែរទៀតផង។
តាមរយៈសកម្មភាពខាងលើ មហាជនជាច្រើនបាននាំគ្នាចែករំលែកវីដេអូប្អូន និងសរសើមិនដាច់ពីមាត់ថាជូលី ពិតជាក្មេងដែលឆ្លាត ពូកែ និងគួរអោយស្រលាញ់ណាស់។ ហើយនេះសបញ្ជាក់អោយឃើញអំពីការអប់រំរបស់អាណាព្យាបាល និងសូមលើកទឹកចិត្តអោយបន្តសកម្មភាពបែបនេះបន្ថែមទៀតដើម្បីបានជះឥទ្ធិពលល្អមកកាន់សង្គមជាតិអោយកាន់តែច្រើន៕










